អតីតមន្ត្រីបក្សសង្គ្រោះជាតិមួយរូប គឺលោក អឿ ណារិទ្ធ បាននិយាយថា ខ្លួនត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនអស់រយៈពេលពីរថ្ងៃ ដើម្បីសួរនាំករណីលុយកាក់ឯកជនផង និងករណីការជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយផង។
លោក អឿ ណារិទ្ធ ជាអតីតជំនួយការអនុប្រធានបក្សសង្គ្រោះជាតិពីររូប គឺលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ។ លោកត្រូវបាននគរបាលចាប់ខ្លួននៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីម៉ោង១រសៀល ថ្ងៃសៅរ៍កន្លងទៅ ដើម្បីសួរនាំករណីទំនាក់ទំនងហិរញ្ញវត្ថុឯកជន ដែលលោកនិយាយថា បានបញ្ចប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។
អតីតមន្ត្រីបក្សជំទាស់រូបនេះបានប្រាប់VOAថា៖ «រឿងនេះវាមានតាំងពី២០១២ ឯណោះ។ វាអត់មានទាក់ទងអ្វីនឹងរឿងនេះទេណា៎។ ខ្ញុំគិតថា រឿងនេះវាចប់ហើយ។ វាអត់មានអ្វីទេ។ យើងដោះស្រាយគ្នារួចអស់ហើយ»។
លោក អឿ ណារិទ្ធ បន្ថែមថា នៅពេលរូបលោកត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ សមត្ថកិច្ចបានដកហូតសម្ភារៈផ្ទាល់ខ្លួនរបស់លោក រួមទាំងទូរស័ព្ទដៃទំនាក់ទំនងរបស់លោកផង។
«ខ្ញុំគិតចុះគិតឡើងៗខ្ញុំមិនហ៊ានប្រថុយទេ ព្រោះអីខ្ញុំខ្លាចបាត់បង់[ទិន្នន័យ]ធនាគារអីខ្ញុំ។ លេខកូដធនាគារ លេខអីនៅក្នុងទូរស័ព្ទខ្ញុំទាំងអស់ ហើយខ្ញុំក៏សម្រេចចិត្តបោកអាទូរស័ព្ទនោះទៅ»។
ក្រោយពីលោកបានបោកទូរស័ព្ទដៃចោល សមត្ថកិច្ចក៏បានចាប់ក្រៀក និងព្យាយាមចោទថា លោកបំបាត់ភស្តុតាងតែលោកបានបដិសេធ។ សមត្ថកិច្ចក៏បានសួរនាំលោកអំពីអាជីវកម្មហាងកាហ្វេរបស់លោក ដែលបើកនៅក្បែរផ្សារធំថ្មី និងមូលនិធិដែលលោកជួយរៃអង្គាស ដើម្បីទំនុកបម្រុងសកម្មជននយោបាយដែលទើបចេញពីពន្ធនាគារ។
សមត្ថកិច្ចជំនាញបច្ចេកវិទ្យាព័ត៌មានក៏បានពិនិត្យមើលកុំព្យូទ័រយួរដៃរបស់លោក ហើយសួរនាំលោកអំពីការជួបជុំជាមួយអតីតមន្ត្រី និងសកម្មជនបក្សជំទាស់នៅហាងកាហ្វេរបស់លោក ដែលលោកថា គ្រាន់ជាការចែករំលែកចំណេះដឹង។ រហូតដល់ម៉ោង៣រសៀលថ្ងៃច័ន្ទ ទើបមានការដោះលែងមកវិញ។ នេះបើតាមការអះអាងរបស់លោក អឿ ណារិទ្ធ។
«គេឱ្យធ្វើកិច្ចសន្យា ផ្ដិតមេដៃ កុំឱ្យមានការប្រមូលផ្ដុំ កុំឱ្យមានការជួបជុំ ឬក៏ប្រមូលផ្ដុំយុវជន ឬក៏ជាមួយអតីតអ្នកជាប់ឃុំអ៊ីចឹងទៅណា៎។ គេប្រាប់អ៊ីចឹង។ ... គេថា គេនឹងតាមដានទៀតអ៊ីចឹងណា៎។ តាមដានមើលសកម្មភាពយើង។ មើលយើងធ្វើអ្វីអ៊ីចឹង»។
លោក អឿ ណារិទ្ធចាត់ទុកថា ការនាំខ្លួនទៅសួរនាំនេះជាការ«គំរាមកំហែង»មួយ។
«និយាយទៅ ការគំរាមកំហែង ឬក៏ការប្រយ័ត្នប្រយែងផ្នែកសន្ដិសុខរបស់គេ។ បើយើង យើងថា គំរាមកំហែង ព្រោះយើងគិតថា អត់មានអីដែលទាក់ទងនឹងរឿងនយោបាយ តែយើងក៏ធ្លាប់នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ដែលចាប់នេះយើងគិតថាជាការគំរាមកំហែងមួយទៅ»។
លោកវរៈសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ VOA ថា ការឃាត់ខ្លួនលោក អឿ ណារិទ្ធ គឺមានពិតប្រាកដមែន។
«ជាក់ស្ដែងដំបូង ដូចជាទាក់ទងនឹងបញ្ហាលុយកាក់មួយចំនួនដល់ពេលក្រោយមកទៅ តាមការហៅគាត់មកសាកសួរបំភ្លឺទៅ ដូចជាមិនមានចំណុចចោទប្រកាន់អ្វីទេ ក៏សមត្ថកិច្ចធ្វើការដោះលែងទៅ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីរូបនេះ ប្រាប់ VOA យ៉ាងដូច្នេះថា៖ «អឺនេះ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ដូចជាជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ តែមិនដឹងពាក់ព័ន្ធនឹងបណ្ដឹង ប្រហែលជាពាក់ព័ន្ធនឹងរឿងខ្ចីលុយ ឬក៏យ៉ាងម៉េចអ៊ីចឹងទៅណា៎។ ប៉ុន្តែដល់ទៅក្រោយមក ក៏មានការដោះស្រាយរវាងគាត់ និងភាគីអីនោះរួចរាល់ ក៏វាចប់សព្វគ្រប់ទៅ»។
មន្ត្រីនគរបាលរូបនេះ មិនបានបញ្ជាក់លម្អិតអ្វីលើសពីនេះ នោះទេ។
ការឃាត់ខ្លួនលោក អឿ ណារិទ្ធ យកទៅសួរនាំនិងក្រោយមកដោះលែងនេះ ត្រូវបានធ្វើឡើងព្រមពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកមានគម្រោងវិលចូលស្រុកសាជាថ្មី បន្ទាប់ពីការប៉ុនប៉ងវិលចូលស្រុកកាលពីខែវិច្ឆិកាឆ្នាំ២០១៩ មិនទទួលជោគជ័យ។
អតីតមន្ត្រីបក្សជំទាស់រូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោយករណីហិង្សាប្រតាយប្រតប់គ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសន្តិសុខសាលាខណ្ឌដូនពេញ នៅចំណុចស្ពាននាគក្បែរវត្តភ្នំ។ លោកត្រូវបានដោះលែងមួយសប្ដាហ៍ក្រោយមក តែត្រូវជាប់បណ្ដឹងក្ដីក្ដាំនៅតុលាការពីបទកុបកម្ម។
យ៉ាងណាក្ដី ខណៈដែលនយោបាយឡើងកម្ដៅ នាខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រេចផ្ដន្ទាទោសរូបលោក និងសកម្មជនដទៃទៀត ដែលត្រូវបានចោទពីបទកុបកម្មនេះ ដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ២០ឆ្នាំ។ លោកទទួលសេរីភាព ក្រោយមានព្រះរាជទានលើកលែងទោសនៅខែសីហា ឆ្នាំ២០១៨។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា ករណីនាំខ្លួនលោក អឿ ណារិទ្ធ ទៅឃុំឃាំងសួរនាំហើយលែងមកវិញនេះ និងការចាប់ខ្លួនសកម្មជន អ្នកតស៊ូមតិដទៃបានបង្កជាការ«ព្រួយបារម្ភ»អំពីសិទ្ធិសេរីភាពពលរដ្ឋ និងសិទ្ធិសេរីភាពបញ្ចេញមតិ។
«តាមពិតទៅ ការដែលហៅទៅសួរនេះ នាំឱ្យគេមានការសង្ស័យថា ជាការសួរពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់គាត់ណា៎ ពីព្រោះកន្លងមកគាត់ជាអតីតសកម្មជនរបស់អតីតបក្សប្រឆាំងហ្នឹង»។
ចាប់តាំងពីដំណាច់ខែកក្កដាមក សកម្មជនជិត៣០នាក់ត្រូវបានចាប់ខ្លួន ហើយមួយចំនួននៃពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់» ដែលបង្កឱ្យអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្ដែងក្ដីព្រួយបារម្ភ តែរដ្ឋាភិបាលកម្ពុជាបានតបថាទាំងនេះគ្រាន់តែជាការអនុវត្តច្បាប់ប៉ុណ្ណោះ៕