សហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួនមាន«ក្តីបារម្ភកម្រិតធ្ងន់ធ្ងរ»បន្ថែមទៀតចំពោះការបង្ក្រាបនយោបាយលើអ្នករិះគន់និងអ្នកជំទាស់នៅកម្ពុជា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ប្លុកអឺរ៉ុបដែលមាន២៧ប្រទេសនេះ ទើបបានចាត់វិធានការចូលជាធរមាន កាលពីថ្ងៃទី១២ ខែសីហា ដាក់ទណ្ឌកម្មពាណិជ្ជកម្ម ដោយចាប់ផ្ដើមគិតពន្ធគយលើទំនិញកម្ពុជា២០%ដែលនាំទៅទីផ្សារអឺរ៉ុបដើម្បី ឆ្លើយតបនឹងការបង្ក្រាបនយោបាយមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ នាំទៅដល់ការរំលាយបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ធំបំផុត។
ផ្ទុយពីការអំពាវនាវអមជាមួយទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលស្នើឱ្យមានការសម្រួលស្ថានការណ៍ប្រជាធិបតេយ្យ និងបើកលំហសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋឡើងវិញនោះ អាជ្ញាធរកម្ពុជាបានបង្កើនការចាប់ចងចោទប្រកាន់លើបណ្ដាសកម្មជន និងអ្នករិះគន់រដ្ឋាភិបាល ដែលថ្មីៗនេះបានចេញតវ៉ាឱ្យមានការដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនរឿងរិះគន់បញ្ហាបោះបង្គោលព្រំដែនកម្ពុជាវៀតណាម។
លោកស្រី Nabila Massrali អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលើកិច្ចការបរទេសនិងនយោបាយសន្ដិសុខ បានប្រាប់VOA នៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបនៅតែទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើបញ្ហាសិទ្ធិសេរីភាពពលរដ្ឋខ្លួន។
«សហភាពអឺរ៉ុបមានក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខការធ្លាក់ចុះជាបន្តបន្ទាប់នូវលំហប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេស[កម្ពុជា] រួមមានរបាយការណ៍ថ្មីៗចុងក្រោយអំពីការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស បណ្ដាសកម្មជន និងបណ្ដាមេដឹកនាំសហជីព»។
លោកស្រីបានបន្ថែមក្នុងសារអ៊ីម៉ែលយ៉ាងដូច្នេះទៀតថា៖
«យើងនៅតែបន្តអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាប្រកាន់យកនូវសកម្មភាពជាដុំកំភួននានាដើម្បីបើកឡើងវិញនូវលំហនយោបាយនៅក្នុងប្រទេស ហើយនឹងបកត្រឡប់ក្រោយប្រគល់មកវិញនូវលំហសម្រាប់អង្គការសង្គមស៊ីវិល និងធានាថា មានការគោរពចំពោះសេរីភាពនៃការបញ្ចេញមតិ និងជួបជុំដោយសន្តិវិធី»។
ជាមួយការចាប់ខ្លួនសកម្មជនជាបន្ទាប់ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បានលើកឡើងតាមបណ្តាញសង្គម Twitter ថា ការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង និងបុគ្គលវ័យក្មេងមួយចំនួនទៀតចំពោះការប្រើសិទ្ធិបញ្ចេញមតិបានបង្កឲ្យមានការព្រួយបារម្ភ។
ស្ថានទូតនេះបានអត្ថាធិប្បាយថា៖ «កិច្ចការពារបរិស្ថានជារឿងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះគឺវាដូចជាសេរីភាពនៃការបញ្ចេញមតិផងដែរ»។
បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន នាដំណាច់ខែកក្កដាមកមនុស្ស២៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដែលក្នុងនោះមាន១២នាក់ត្រូវបានចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនរង់ចាំការជំនុំជម្រះ ក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម»។ នេះបើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
អ្នកស្រី Ravina Shamdasani អ្នកនាំពាក្យឧត្ដមស្នងការអង្គការសហប្រជាជាតិ Michelle Bachelet នាថ្ងៃសុក្រនេះក៏បានបរិហារការបង្ក្រាបនៅកម្ពុជាផងដែរ។ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយល្ងាចថ្ងៃសុក្រនេះ លោកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងអ្នកតវ៉ាដែលជាប់ឃុំទាំង១២នាក់ ដោយ«គ្មានលក្ខខណ្ឌ»។
«ស្ថានភាពនាពេលបច្ចុប្បន្ននេះបង្ហាញឲ្យយើងកាន់តែឃើញនូវការមិនអត់ឱនរបស់រដ្ឋាភិបាលចំពោះគំនិតផ្ទុយពីខ្លួននិងការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម»។
យ៉ាងណាក្ដី លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលបានពន្យល់ប្រាប់សហភាពអឺរ៉ុបគ្រប់គ្រាន់រួចមកហើយអំពីបញ្ហាអាទិភាព និងនិយមន័យរបស់ខ្លួនក្នុងដំណើរកសាងប្រជាធិបតេយ្យរបស់ប្រទេស។ លោកបានហៅក្រុមអ្នកតវ៉ាដែលត្រូវបានចាប់ ខ្លួនថា មាន«គម្រោងផ្ដួលរំលំ»រដ្ឋាភិបាល។ លោកប្រាប់VOAថា៖
«ដូច្នេះការតតាំងដែលមានអ្នកនៅពីក្រោយខ្នង មានភ្នាក់ងារបរទេសនៅពីក្រោយខ្នង ដែលមានទិសដៅបំផ្លាញសណ្ដាប់ធ្នាប់សង្គម ដែលមានបំណងចង់ទម្លាក់រដ្ឋាភិបាលដែលស្របច្បាប់ យើងមិនអនុញ្ញាតឱ្យនោះទេ ហើយការបង្ក្រាបឬការឃាត់ខ្លួននេះ គ្រាន់ជាទិសដៅនៃការរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាព និងសន្ដិភាពតែប៉ុណ្ណោះគឺយើងមិនមានអីទៅរំលោភដូចដែលគេថាទេ»។
លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ច្បាស់នោះទេថា អ្នកណាជា«អ្នកនៅពីក្រោយ» ឬថា«បរទេស»នោះជាសាសន៍ណានោះទេ។
ចុងក្រោយបំផុត គិតត្រឹមថ្ងៃសុក្រនេះ សមត្ថកិច្ចទើបបានចាប់ខ្លួនលោកមួង សុភ័ក្ត្រ សមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ កាលពីរសៀលថ្ងៃព្រហស្បតិ៍ និងបានបញ្ជូនមកសួរនាំនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រនេះ។
លោក មួង សុភ័ក្ត្រ ជាអ្នកនៅជួរមុខការធ្វើបាតុកម្មកាលពីថ្ងៃទី៧ ខែកញ្ញា ជាបាតុកម្មដែលទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ និងសិទ្ធិមនុស្សដែលត្រូវបានចាប់ខ្លួនឃុំខ្លួន និងចោទប្រកាន់កាលពីអំឡុងមួយខែកន្លងមក។
លោកមួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាបងប្រុសបង្កើតរបស់លោក មួង សុភ័ក្ត្របានអះអាងពីភាពគ្មានទោសកំហុសរបស់ប្អូនប្រុសរបស់លោកថា មិនមានអ្វីទៅពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាលនោះទេ។
«តែបើយើងនិយាយទៅលើក្រុមមួយរយរាត្រីនិងសមាគមខ្ញុំគឺយើងអត់មានពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនោះទេ។ យើងធ្វើការទៅលើសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការគោរពច្បាប់នៅប្រទេសកម្ពុជា ហើយកន្លងមកសកម្មភាពពួកយើងធ្វើនោះ ដោយសារតែយើងអាណិតអាសូរលើប្រទេសជាតិរបស់យើង ហើយយើងឃើញភាពអយុត្តិធម៌វាច្រើន ម្ល៉ោះហើយគាត់ចង់សម្ដែងមតិរបស់ពួកគាត់»។
លោកមួង សូនីបានបន្ថែមថា៖«ប៉ុន្តែយើងមិនគួរណា អានយោបាយ លាភពណ៌ ញុះញង់ ចោទប្រកាន់វាអាក្រក់ណាស់ក្នុងសង្គម។ វាធ្វើឱ្យអ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រទេសជាតិ បាក់ទឹកចិត្តអស់សង្ឃឹម បាទ។ អាហ្នឹងវាគ្រោះថ្នាក់ណាស់ ហើយយើងត្រូវកែប្រែវា ។ វាគ្រោះថ្នាក់ណាស់ មិនអាចឱ្យមានអាចរន្តសង្គមបែកបាក់គ្នាបានទេ»។
លោក មួង សូនីបាននិយាយបន្តថា៖ «ថ្វីដ្បិតមានបទចោទថាបង្កភាពវឹកវរក្នុងសង្គម ដូចមិនយល់ដែរ បង្កការវឹកវរបែបណាទៅបង ? ជាប្រជាពលរដ្ឋសាមញ្ញ គ្មានអ្វីទាំងអស់មានតែទង់ជាតិ ទៅធ្វើការតវ៉ា ដាក់ញត្តិ មានអាវុធអ្វីមកពីណា?មនុស្សស្លូតត្រង់ អាជ្ញាធរវាយតែរហូត រួចឱ្យវឹកវរអីគាត់»។
នៅពេលត្រូវបានសួរអំពីអ្វីដែលអឺរ៉ុបអាចនឹងប្រកាន់យកជាជំហានបន្ទាប់ ក្នុងការឆ្លើយឆ្លងលើការបន្តធ្លាក់ចុះប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Nabila Massrali អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឆ្លើយថា៖
«ស្ថាប័នមុខងារទទួលបន្ទុកកិច្ចការក្រៅតំបន់របស់អឺរ៉ុប និងគណៈកម្មការអឺរ៉ុបរក្សាសិទ្ធិក្នុងការដាក់ស្នើ[វិធានការ]ផ្សេងទៀតនានា បើសិនជាចាំបាច់»។
លោក វង្សី វិស្សុត រដុ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែកក្កដាថា រដ្ឋាភិបាលបានត្រៀមខ្លួនចំពោះការដកប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបទាំងស្រុង។ លោកបន្តថា ការកាត់ការអនុគ្រោះពន្ធ២០ភាគរយនេះប៉ះពាល់កម្មករជាង៣ម៉ឺននាក់ប៉ុណ្ណោះក្នុងចំណោមប្រមាណ៨០ម៉ឺននាក់។ លោករដ្ឋលេខាធិការរូបនោះបញ្ជាក់ថា មិនមែនកម្ពុជាមិនបារម្ភទេ ប៉ុន្តែមិនមែនបារម្ភខ្លាំងពេកទេ។
លោកមានប្រសាសន៍ថា៖ «ប៉ុន្តែទោះជា២០ភាគរយ ៣០ភាគរយ ៥០ភាគរយ១០០ភាគរយ ឬក៏សូន្យភាគរយយើងបានត្រៀមហើយ។ យើងបានត្រៀមហើយ»។
យ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ទោះមានវិធានការថ្មីអ្វីពីសហភាពអឺរ៉ុប រដ្ឋាភិបាលកម្ពុជាក៏នៅរក្សាសិទ្ធិការពារ«អធិបតេយ្យ»នៃការសម្រេចចិត្តក្នុងរង្វង់ព្រំដែនរបស់ខ្លួន៕