កំណត់និពន្ធ៖ ប្រទេសឡាវនឹងក្លាយជាប្រធានសមាគមអាស៊ានជាលើកទី២នៅថ្ងៃទី១ខែមករាឆ្នាំ ២០១៦ ខាងមុខក្រោយពីធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០០៤។ ឆ្នាំ២០១៦នេះក៏ជាឆ្នាំទី១នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។ អ្នកវិភាគមួយរូបគឺ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីឱកាសនិងការប្រឈមសំខាន់ៗខាងសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ដែលប្រទេសឡាវនឹងប្រឈមក្នុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំក្រោយ។
គម្លាតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៖
លោក ឈាង វណ្ណារិទ្ធ ថ្លែងថា ប្រទេសឡាវដែលមានស្ថានភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងកម្ពុជានឹងប្រឈមនឹងកិច្ចការយ៉ាងច្រើនក្នុងពេលធ្វើជាប្រធានអាស៊ាន ប៉ុន្តែនេះក៏ជាឱកាសសម្រាប់ប្រទេសដែលមិនមានជាប់សមុទ្រនេះបង្រួមគម្លាតអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសអាស៊ាននានា។ លោកថា ប្រទេសឡាវនឹងផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ផ្លូវគោកក្នុងតំបន់ និងការជំរុញការតភ្ជាប់រវាងសហគ្រាសធុនតូចនិងមធ្យម (SME) ជាមួយក្រុមហ៊ុនធំៗ។ លោកថា សហគ្រាសធុនតូចនិងមធ្យមមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍដោយសារគេត្រូវការមូលធនចំណាយតិចនិងបង្កើតការងារក្នុងមូលដ្ឋានតែម្តង។
គ្រប់គ្រងជម្លោះនយោបាយតំបន់៖
ឆ្នាំ២០១៦ដែលប្រទេសឡាវធ្វើជាប្រធាន មិនត្រឹមតែជាឆ្នាំដែលមានសារៈសំខាន់ខាងសម្រាប់សេដ្ឋកិច្ចអាស៊ានតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្នាំសំខាន់សម្រាប់នយោបាយអន្តរជាតិរបស់អាស៊ានផងដែរ។ មេដឹកនាំអាស៊ាននឹងជួបជុំគ្នាជាលើកដំបូងបំផុតនៅសហរដ្ឋអាមេរិក ដែលនេះលោក ឈាង វណ្ណារិទ្ធ ថានឹងផ្តល់ឱកាសដល់ប្រទេសឡាវនិងអាស៊ានដើម្បីលេចធ្លោក្នុងឆាកអន្តរជាតិ។ ម្យ៉ាងទៀតលោកថា ប្រទេសឡាវទំនងជានឹងអាចចាត់ចែងបញ្ហាភាពតានតឹងក្នុងសមុទ្រចិនខាងត្បូងបានដោយជៀសវាងបាននូវភាពចម្រូងចម្រាសដែលបានកើតឡើងក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅកម្ពុជាកាលពីឆ្នាំ២០១២។ ប៉ុន្តេឡាវខ្លួនឯងនឹងប្រឈមនឹងការត្រូវដោះស្រាយបញ្ហាទំនប់វារីអគ្គីសនីចម្រូងចម្រាស់របស់ខ្លួនជាមួយប្រទេសជិតខាង។
ភូមិសាស្ត្រមេគង្គនិងសមុទ្រចិនខាងត្បូង៖
ការណ៍ដែលប្រទេសឡាវជាប្រធានអាស៊ានក៏ទំនងនឹងទាញចំណាប់អារម្មណ៍ទៅលើតំបន់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយថ្មីមួយ គឺតំបន់ទន្លេមេគង្គ។ ប្រទេសឡាវស្ថិតនៅចំកណ្តាលតំបន់អនុតំបន់ទន្លេមេគង្គនៃអាស៊ីអាគ្នេយ៍ដីគោក ដែលរួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងដែរ ដែលប្រទេសនិមួយៗមានផលប្រយោជន៍ខុសៗគ្នា។ លោក ឈាង វណ្ណារិទ្ធ ថ្លែងប្រាប់ VOA ថា តំបន់នេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងខាងភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិក ដែលមហាអំណាចទាំងពីរនេះក្នុងពេលកន្លងមកបានផ្តោតលើបញ្ហាសេដ្ឋកិច្ចក្នុងតំបន់នេះជាជាងបញ្ហាសន្តិសុខ។ ប៉ុន្តែលោកថា ដោយសារទីតាំងតំបន់នេះនៅជិតនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយតំបន់មេគង្គនេះជា«ច្រកទ្វារយុទ្ធសាស្ត្រ»មួយរបស់ចិន។ ការណ៍នេះធ្វើឲ្យភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងងាយមានឥទ្ធិពលទៅលើតំបន់មេគង្គ។