ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​ជាង​៥០%​ក្នុង​ពេល​៤​ខែ​ដើម​ឆ្នាំ​២០២០


ភ្ញៀវទេសចរមួយចំនួន ដើរលើ​ស្ពាន​ពោងផ្លាស្ទិក​ ជំនួសឲ្យស្ពានហាល​ ចូលទៅក្នុង​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប នៅថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ២០២០។ ​(ហ៊ុល រស្មី/VOA)
ភ្ញៀវទេសចរមួយចំនួន ដើរលើ​ស្ពាន​ពោងផ្លាស្ទិក​ ជំនួសឲ្យស្ពានហាល​ ចូលទៅក្នុង​ប្រាសាទ​អង្គរ​វត្ត​ ខេត្តសៀមរាប នៅថ្ងៃទី​១៨​ ខែមីនា​ ឆ្នាំ២០២០។ ​(ហ៊ុល រស្មី/VOA)

ចំនួន​ភ្ញៀវ​ទេសចរបរទេស​ដែល​ចូល​មកប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​៥២%​ក្នុង​រយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​២០២០​នេះ​គឺ​ចុះ​ពី​ជាង​២​លាន​៤​សែន​នាក់​មក​នៅ​ត្រឹម​ជាង​១​លាន​១​សែន​នាក់ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​សារ​ព័ត៌មាន ​Xinhua​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា​នេះ។​

សេចក្តីរាយ​ការណ៍​ព័ត៌មាន​នេះ ដែល​យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ ក៏​បាន​ដក​ស្រង់​សម្តី​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បាន​និយាយ​កាល​ពី​ខែ​មុន​ថា កម្ពុជា​អាច​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​៣​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ​២០២០​នេះ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​គ្រា​ដែល​មាន​ការ​រីករាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

វិស័យ​ទេសចរណ៍​គឺ​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​៤​ដែល​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស​៦​លាន​៦​សែន​នាក់​កាល​ពី​ឆ្នាំ​មុន និង​ផ្តល់​ចំណូល​ជិត​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។​

សារព័ត៌មាន​រដ្ឋ​ចិន​ដដែល​បាន​រាយការណ៍​ថា ​គ្រាន់តែ​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​២០២០ចំនួន​ភ្ញៀវ​ទេសចរបរទេស​បាន​ធ្លាក់​ចុះ​រហូត​ដល់​៩៩​ភាគ​រយ បើ​ធៀប​នឹង​ខែ​ដូច​គ្នា​ក្នុងឆ្នាំ​មុន​គឺ​ធ្លាក់ពី​ចំនួន​៥៣៧៦៥៦​នាក់​មក​នៅ​ត្រឹម​តែ​៤៨៤១​នាក់​ប៉ុណ្ណោះ ​ដោយ​សារ​តែ​កូវីដ​១៩។​

គិត​ត្រឹម​ថ្ងៃ​ទី១៤​ខែ​មិថុនា​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​១២៨​នាក់ ក្នុង​នោះ១២៥​នាក់​បាន​ជា​សះស្បើយ​ ហើយ​សល់​៣​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ។ នេះ​បើ​ផ្អែក​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕

XS
SM
MD
LG