ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ពាក់ព័ន្ធ​ត្រៀម​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​លោក​កឹម សុខា​ខណៈ​សន្តិសុខ​នឹង​រឹត​បន្តឹង


រូប​ឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno (មិន​មាន​ក្នុងរូបថត) នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕ (ទុំ ម្លិះ/VOA)
រូប​ឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​លោកស្រី​ Carmen Moreno (មិន​មាន​ក្នុងរូបថត) នៅគេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩៕ (ទុំ ម្លិះ/VOA)

កញ្ញា កឹម មនោវិទ្យា អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​របស់​លោក កឹម សុខា បាន​ប្រាប់ ​VOA ថា​ សវនាការ​លើ​លោក កឹម សុខា គឺ​ជា​«រូបភាព​អាក្រក់​ដែល​មិន​គួរ​កើត​មាន​នៅ​កម្ពុជា»។

ខណៈ​សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំងខិត​ជិត​មក​ដល់ ​អ្នក​ពាក់ព័ន្ធ​ក្នុង​នោះ​មាន​អាជ្ញាធរ តុលាការ អង្គទូត មន្រ្តី​សិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន បាន​ត្រៀម​ខ្លួន​សម្រាប់​សវនាការ​មួយ​នេះ ក្នុង​នោះ​មាន​ការ​រឹត​បន្តឹង​សន្តិសុខ ការ​តាមដាន និង​រាយការណ៍​អំពី​ការ​កាត់​ក្តី។

សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា ​ពី​បទ​«ក្បត់​ជាតិ» នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធទី​១៥ ខែ​មករា។ លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ ​នឹង​ទៅ​ចូល​រួម​សវនាការ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីមេធាវី​របស់​លោក។

រហូត​មក​ដល់​ពេល​នេះ មាន​សាក្សីជាង​១០​នាក់ ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​តាំង​ពី​ឆ្នាំ​២០១៨​មក។ សាក្សី​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់ ត្រូវ​បាន​កោះ​ហៅ​បន្ថែម​កាល​ពី​ពេល​ថ្មីៗ​នេះ ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សវនាការ។

លោក ម៉ា ចិត្រា និង​លោក ហ៊ុន ដារ៉ា យុវជន​ដែល​តែង​ផ្តិត​យក​រូបភាព និង​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មុន​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូលរួម​សវនាការ​ក្នុង​នាម​ជា​សាក្សី។ អ្នក​ទាំង​ពីរបាន​ប្រាប់ ​VOAនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ពួកគេ​នឹង​ទៅចូលរួម​សវនាការ​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៩​ ខែ​មករា ដោយប្រកាស​ថា សវនាការ​នា​ថ្ងៃ​ពុធ​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​រួម​ស្តាប់​ត្រឹម​៣០​នាក់​ប៉ុណ្ណោះ។ ចំណែក​មន្រ្តី​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ប្រាប់​ថា ចំនួន​អ្នក​ដែល​ចូលរួម​ភាគ​ច្រើន​ក្នុង​ចំណោម​៣០​នាក់​នោះ គឺ​ជា​មន្ត្រី​មក​ពី​ស្ថានទូត​នានា។ ដោយ​ឡែក​អ្នក​សារព័ត៌មាន​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​តិចជាង​មន្ត្រី​ស្ថានទូត។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ មន្រ្តី​មក​ពី​ស្ថានទូត​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ​ និង​ទទួល​យក​ប័ណ្ណ​ដើម្បី​ចូលរួម​ស្តាប់។ ស្ថានទូត​ដែលបាន​ចុះ​ឈ្មោះ​ មាន​ដូចជា​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប ​បារាំង ​ស៊ុយអែត​និង​ស្ថាន​ទូត​អូស្ត្រាលី​ជាដើម។ ដោយ​ឡែក​អ្នក​សារព័ត៌មាន​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​ចុះ​ឈ្មោះ តែ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​នៅ​ឡើយ។​

លោក​ អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រាប់ VOAថា លោក​និង​ក្រុម​ការងារលីកាដូ​នឹង​ចុះ​ឃ្លាំ​មើល​សវនាការ​លើ​លោក កឹម សុខា ទាំង​ក្នុង​និង​ក្រៅ​របង​តុលាការ។ លោក​បន្ត​ថា សម្រាប់​សវនាការ​ខាងមុខ​នេះ​នឹង​មាន​ការ​ចាប់​អារម្មណ៍​ច្រើនពី​សាធារណ​ជន​ទាំង​ជាតិ​និង​អន្តរជាតិ ដូច្នេះ​លោក​ថា តុលាការ​គួររៀបចំ​សវនាការ​ដែល​អាច​បង្ហាញ​ដល់​សាធារណជន​បាន​ច្រើន។

លោក​បាន​បញ្ជាក់​ថា៖ «បង្កើត​ជា​ Video Screen [បញ្ចាំង​វីដេអូ] ឬ​ក៏​អី ឬក៏​បន្ត​ចេញ​ដាក់​ខាងក្រៅ​ ដើម្បី​ឲ្យ​ពួកគាត់​បាន​មើល តាមដាន​ ដូច​យើង​មើល​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ហ្នឹង អាហ្នឹង​វា​ជា​ការ​ល្អ​មួយ ហើយ​រឿង​មួយ​ទៀត​ដែលបង្ហាញ​អំពី​តម្លា​ភាព​និង​ដំណើរ​ការនីតិវិធី​នៅក្នុង​លើ​សំណុំ​រឿងលើ​ឯកឧត្តម កឹម សុខា ហ្នឹង​សម្រាប់​ឲ្យមាន​តម្លាភាព»។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នកនាំពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។

លោក ​កឹម សុខា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​សម្អាង​លើ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ដែល​គេ​ចែក​ចាយ​តាមបណ្តាញ​សង្គមហ្វេសប៊ុក។​ តាម​រយៈ​ខ្សែ​អាត់​វីដេអូ​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​ លោក​ កឹម សុខា​ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដោយ​លើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​គណបក្ស​ជំទាស់​ ត​ទល់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា តុលាការ​កំពូល​ក៏​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដោយ​យោង​លើ​ភស្តុតាង​ជាច្រើន ដោយ​ក្នុង​ចំណោម​នោះ​ក៏​មាន​វីដេអូ​ឃ្លីប​ដែល​តុលាការ​ប្រើ​ជា​ភស្តុតាង​ចោទ​ប្រកាន់​លើ​លោក កឹម​ សុខា ផង​ដែរ។

កញ្ញា កឹម មនោវិទ្យា អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​របស់​លោក កឹម សុខា បាន​ប្រាប់ ​VOA ថា​ សវនាការ​លើ​លោក កឹម សុខា គឺ​ជា​«រូបភាព​អាក្រក់​ដែល​មិន​គួរ​កើត​មាន​នៅ​កម្ពុជា»។

«យើង​ទាំងអស់​គ្នា​ទាំង​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​លោក ទាំង​គូ​ប្រកួត​របស់​លោក​ ទាំង​តុលាការ​ខ្លួន​ឯង ទាំង​ពិភពលោក​ទាំង​មូល​តែ​ម្តង ដឹង​ថា​លោក​គ្មាន​កំហុស​ទេ»។

​សវនាការ​លើ​លោក​ កឹម សុខា គឺ​ជា​ព្រឹត្តិការណ៍​ធំ​មួយ បន្ទាប់​ពី​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ប្រាប់​ VOA​ ថា ក្រសួង​នឹង​ត្រៀម​កម្លាំង ​ដើម្បី​រក្សា​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់ ​ក្នុង​អំឡុង​ពេល​សវនាការ​ជំនុំ​ជម្រះ​នេះ។

លោក ម៉ៅ ផាត ពលរដ្ឋ​ម្នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​មាន​ប្រសាសន៍​ថា​ លោក​តែង​អាន​និង​ស្តាប់​ព័ត៌មាន​ ដើម្បី​តាម​ដាន​ពី​សវនាការ​លើ​លោក កឹម សុខា។ ពលរដ្ឋ​វ័យ​៧២​ឆ្នាំ​រូប​នេះបន្ត​ថា បើ​តាម​ការ​ស្តាប់​ព័ត៌មាន​និង​តាម​ដាន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក​យល់​ថា ការ​ចាប់​ និង​ឃុំ​ខ្លួន​លោក​ កឹម សុខា ជា​រឿង​នយោបាយ។

«ឥឡូវ​គេ​ចាំ​មើល​តែ​ពីរ​ថ្ងៃ​ទៀត​ទេ។ ព្រោះ​ការ​កាត់​ក្តី​ឯកឧត្តម​ កឹម សុខា វា​ទាក់ទិន​ដល់អន្តរជាតិ។ អញ្ចឹង​គេ​ចាំ​មើល​ដែរ។ ហើយ​ខ្ញុំ​ឃើញ​កន្លង​មក​រដ្ឋាភិបាល​កំណត់​៣០​កៅអី​ឲ្យ​ស្តាប់​គាត់​និយាយ​ តើ​វា​ទូលំ​ទូលាយ​ទេការ​ដែល​កំណត់​៣០​កៅអី? វា​មិន​អាច​មាន​មតិ​ច្រើន​សម្រាប់​វិនិច្ឆ័យ​បាន​ទេ។ គួរ​បើក​ចិត្ត​ទូលាយ។ ខ្ញុំ​យល់​ហើយ​ថា​កន្លែង​ហ្នឹង​វាដាក់​កៅអី​បាន​តិច​មែន ប៉ុន្តែ​មតិ​ទទួល​បាន​ដឹង​ឮ​មាន​តែ​៣០​នាក់ ​វា​ដូចជា​មិន​ទាន់ច្បាស់​លាស់»។

ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ធ្វើ​ឡើង​មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។ ការ​ចាប់​ខ្លួន​មេ​បក្ស ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ព្រមទាំង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល សហជីព​និង​ស្ថាប័ន​សារព័ត៌មាន​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ឆ្នាំ​២០១៧​មក ​បាន​ធ្វើ​ឲ្យសហគមន៍​អន្តរជាតិ​ ដែល​មាន​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​ជាដើម ​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ និង​បាន​ទាម​ទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា​ ដោយ​គ្មាន​លក្ខខណ្ឌ។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ‍» ​ឬ ​Everything But Arms ​(EBA)​ ពី​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​មិន​ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​មក​ដូច​ដើម​វិញ​ទេ​នោះ។ សហភាព​អឺរ៉ុបនឹង​សម្រេច​ជា​ចុង​ក្រោយ​នៅ​ថ្ងៃទី​១២ ​ខែ​កុម្ភៈឆ្នាំ​២០២០ ​នេះ​ថា​ ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធEBA ​ឬ​យ៉ាង​ណា។ ​ការ​អនុគ្រោះ​ពន្ធ​ EBA ​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់​ពន្ធ៕

XS
SM
MD
LG