ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ទេព វន្នី​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ឆាប់ៗ​ដើម្បី​ដោះលែង​អ្នកស្រី


អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​អំពី​ការ​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ​តាម​ប្រព័ន្ធ​តុលាការ​​​ បន្ទាប់​ពី​អ្នក​ស្រី​​ត្រូវ​បាន​ក្រុម​សន្តិសុខ​បណ្តើរ​ចេញ​ពី​សាល​សវនា​ការ​។​ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី​ទេព​ វន្នី​ ​សកម្ម​ជន​ការ​ពារ​ដីធ្លី​ ​នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ និយាយ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​អំពី​ការ​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ​តាម​ប្រព័ន្ធ​តុលាការ​​​ បន្ទាប់​ពី​អ្នក​ស្រី​​ត្រូវ​បាន​ក្រុម​សន្តិសុខ​បណ្តើរ​ចេញ​ពី​សាល​សវនា​ការ​។​ (ហ៊ុល រស្មី/VOA)

នៅ​ពេល​ក្រុម​សន្តិសុខ​នាំ​អ្នកស្រី​ ទេព​ វន្នី​ ឡើង​រថយន្ត​ដឹកអ្នកទោស​ ​ដើម្បី​ចាក​ចេញ​ពី​តុលាការ​កំពូល​ សកម្មជន​ការពារ​​ដី​ធ្លី​រូប​នេះ​ ស្រែក​ប្រាប់​ក្រុមសារ​ព័ត៌មាន​ថា​ អ្នក​ស្រី​មិន​​ភ័យ​ខ្លាច​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការនោះ​​ទេ។​​​ ​អ្នកស្រី​និយាយ​ថា​ អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ ​ដូច​អ្នក​ក្តោប​ក្តាប់​​អំណាច​​សព្វ​ថ្ងៃ​ ​ដែល​​បង្ក​កំហុស​ជា​ច្រើន​ តែ​ខ្លាច​មិន​ហ៊ាន​ទទួល​ស្គាល់​ថា​ ខ្លួន​ខុស​​​នោះ​​ឡើយ។

អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ការពារ​សិទ្ធិ​ដី​ធ្លី​នៅ​សហគមន៍​បឹងកក់​ ថ្លែង​ថា​ មាន​តែ​ការ​ចរចា​ខាង​នយោបាយ​តែ​ប៉ុណ្ណោះ​ ទើប​អាច​ផ្តល់​សេរីភាព​ជូន​អ្នកស្រី​បាន​ នៅ​គ្រា​ដែល​តុលាការ​ស្ថិត​ក្រោម​គំនាប​នយោបាយ។​

​នៅ​តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​អ្នក​ស្រី​ ​ទេព វន្នី​ ​អ្នក​ការ​ពារ​សិទ្ធិ​ដី​ធ្លី​នៅ​សហគមន៍​បឹងកក់​ និង​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការ​ Vital​ Voices ​បាន​អំពាវនាវ​ទៅ​ដល់​មេដឹកនាំ​គណបក្ស​នយោ​បាយ​ធំៗ​ពីរឲ្យ​បញ្ចប់​ជម្លោះ​នយោបាយ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ស្រី​និងក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​សេរី​ភាព​ឡើង​វិញ។

​អ្នកស្រី​ ទេព​ វន្នី ​វ័យ​ ​៣៥​ ​ឆ្នាំ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ កាល​ពី​ខែ​សីហា​ ឆ្នាំ​ ​២០១៦ ពាក់​ព័ន្ធ​នឹង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ឬ​ត្រូវ​មាន​ទោស​កម្រិត​ធ្ងន់​ ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ ខាង​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣។

​ខណៈ​ដែល​អ្នកស្រីត្រូវ​បាន​ក្រុម​សន្តិសុខបណ្តើរ​ចេញ​ពី​សាលសវនាការ​តុលាការ​កំពូលទៅ​ក្នុង​កន្លែង​រង់​ចាំ​រថយន្ត​ដឹក​អ្នកទោស​ពី​តុលាការ​ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​ព្រៃសរវិញ​នោះ​ អ្នក​ស្រី​ ទេព​ វន្នី​ ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ថា​ អ្នក​ស្រី​អស់​ជំនឿលើ​ប្រព័ន្ធ​តុលាការ។​ អ្នកស្រី​អះ​អាង​ថា​ មាន​តែ​ការ​ចរចា​ខាង​នយោបាយ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​សេរីភាព​ឡើង​វិញ។

​អ្នកស្រី​ថ្លែង​ថា៖​ ​«ខ្ញុំ​អត់មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ទេ​ ព្រោះ​ប្រព័ន្ធ​តុលាការ​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​សម្រាប់​អ្នក​នយោបាយ​ ​ដែល​កាន់​អំណាច​តែ​ប៉ុណ្ណោះ​ឯង​ មិន​មែន​ជា​តុលាការ​ដែល​ត្រឹម​ត្រូវ​ឯករាជ្យ​ ​កាត់​ទោស​ ​ដោយ​សុក្រឹត្យ​យុត្តិ​ធម៌​ដូច​តុលាការ​ប្រទេស​អាមេរិក​ ​ឬប្រទេស​មហា​អំណាចផ្សេងៗ​លើ​ពិភពលោក​ទេ។ ​អញ្ចឹង​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​យើង​ខ្ញុំ​នេះ​ គឺ​សង្ឃឹម​ទៅ​លើ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ ដែល​ចរចា​គ្នា​ឲ្យ​ត្រូវ​ហើយ​ គឺ​ដោះលែង​ពួក​ខ្ញុំ​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ»។​ ​

​ការ​អំពាវនាវ​របស់​អ្នក​ស្រី​ ទេព វន្នី​ ធ្វើ​ឡើង​ ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​កាល​ពី​ពេល​ថ្មីៗ​ថា ​លោក​នឹង​ស្នើ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​វិសោធនកម្ម ប្រការ​៤៨​ថ្មី​ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។​ ការ​ព្រមាន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណៈបក្ស​ប្រឆាំង​បាត់​ឱកាស​ជួប​សន្ទនា​ជាមួយ​គណបក្សកាន់អំណាច​ នៅ​ពេល​លោក​បាត់​បង់​តួនាទីជា​ប្រធាន​ថា្នក់​ដឹក​នាំ​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

​បើ​តាម​ប្រការ​៤៨​ថ្មី​ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ ​លោក​ កឹម​ សុខា​ ដែល​ជា​ប្រធាន​ថា្នក់​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​គូ​សន្ទនា​ជាមួយ​នឹង​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ។​

អ្នក​ស្រី​ ទេព​ វន្នី​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មានថា​ ការ​ចរចា​នឹង​មិន​អាច​ធ្វើ​ឡើង​បាន​នោះ​ឡើយ ប្រសិនបើ​មាន​ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៨​ថ្មី​នេះ ហើយ​អ្នកស្រី​ក៏​នឹង​មិន​អាច​ទទួល​បាន​សេរីភាព​មក​វិញក្នុង​ពេល​ឆាប់ៗ​នោះ​ដែរ។

​«ច៎ា​ បើ​សិន​ជា​គាត់​លុបចោល​មែន​ បាន​ន័យ​ថា​ ​សេរីភាព​របស់​ពួក​ខ្ញុំ​គឺ​ វា​នៅ​ឆ្ងាយ​ ឆ្ងាយ​មែន​ទែន​ ឆ្ងាយ​ដូច​ជើង​មេឃ​ ដែល​ពួក​ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា​ មាន​សេរីភាព​ណាស់»។​

កាល​ពី​ថ្ងៃទី២២​ ខែ​សីហា​ ឆ្នាំ​២០១៦​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទា​ទោស​សកម្មជន​ដី​ធ្លី​បឹងកក់​២នាក់ គឺ​អ្នកស្រី​ ទេព​ វន្នី និង​អ្នកស្រី​ បូវ​ ​សោភា​ ពី​បទ​ប្រមាថ​ តាម​មាត្រា​៥០២​នៃ​ក្រមព្រហ្មទណ្ឌ​ដោយ​ដាក់​ពន្ធនាគារ​រយៈពេល​៦​ថ្ងៃ​ និង​ពិន័យ​ជា​ប្រាក់​៨ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពាក់​អាវ​ពណ៌​ខ្មៅ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​ ​មន្ត្រី​ ​គ.ជ.ប​ ១​រូប និងទាមទារ​យុត្តិធម៌​ជូន​លោក​បណ្ឌិត ​កែម​ ឡី។​

ក្រោយ​ការ​សម្រេច​នេះ​ អ្នក​ស្រី​ បូវ​ សោភា​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ នៅ​យប់​ថ្ងៃដដែល។​ ​ដោយ​ឡែក​ អ្នក​ស្រី​ ទេព​ វន្នី ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ដោយ​សារ​អ្នកស្រី​នៅ​មាន​ជាប់​ពាក់​ព័ន្ធពីរ​ករណី​ផ្សេង​ទៀត​នៅ​ស្ថាប័ន​តុលាការ​ ដូច​ជា​ករណី​ទី១ ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ករណី​ទី​ពីរ​ បទ​ល្មើស​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ជាដើម។​

នៅ​ព្រឹក​ថ្ងៃ​ធុធ​ ទី​១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ ​ក្រុម​ប្រជា​ពល​រដ្ឋ​មក​ពី​សហគមន៍​នានា​ដែល​រងការរំលោភ​បំពាន​ដីធ្លី​ បាន​មក​ប្រមូល​ផ្តុំ​នៅតុលាការ​កំពូល ដើម្បី​ទាម​ទារ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ ​សកម្មជន​ការពារ​ដីធ្លី​ នៅ​តំបន់​បឹង​កក់​។​ (ហ៊ុល​ រស្មី​/VOA)
នៅ​ព្រឹក​ថ្ងៃ​ធុធ​ ទី​១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ ​ក្រុម​ប្រជា​ពល​រដ្ឋ​មក​ពី​សហគមន៍​នានា​ដែល​រងការរំលោភ​បំពាន​ដីធ្លី​ បាន​មក​ប្រមូល​ផ្តុំ​នៅតុលាការ​កំពូល ដើម្បី​ទាម​ទារ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ ​សកម្មជន​ការពារ​ដីធ្លី​ នៅ​តំបន់​បឹង​កក់​។​ (ហ៊ុល​ រស្មី​/VOA)

នៅ​ចុងបញ្ចប់​នៃ​ការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​របស់​អ្នកស្រី​ ទេព​ វន្នី​ ដែល​ធ្វើ​ឡើង​នៅ​តុលាការកំពូល​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តំណាង​មហាអយ្យការ​ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ថា​ អ្នកស្រី​ ​ទេព​ វន្នី​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្ថិត​ក្រៅ​ឃុំ​ បាន​ទេ ដោយ​បាន​អះអាង​ថា​ ការ​សម្រេច​មិន​ឲ្យ​ក្រៅ​ឃុំ​នេះ​ គឺ​ដើម្បី​ទប់​ស្កាត់​ ជន​ជាប់​ចោទ​ ​មិន​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត។​

​អ្នកស្រី​ ទេព វន្នី​ បាន​ច្រាន​ចោល​ការ​លើក​ឡើងរបស់​តំណាង​មហាអយ្យការ​ ហើយ​បាន​ស្នើលោក​ស្រី​ កឹម​ សត្ថាវី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ផ្តល់​សេរីភាព​ដល់​អ្នកស្រី​ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកស្រី​ មាន​លទ្ធភាព​មើល​ថែ​កូន​តូចៗ​ និង​ម្តាយ​ចាស់​ជរា។​ ​

អ្នកស្រី ទេព វន្នី​ បា្រប់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ អ្នកស្រី​ជា​ស្រ្តី​ទន់​ខ្សោយ​មិន​មាន​កម្លាំង​ឯ​ណា​ទៅ​បង្ក​ហិង្សា​ និង​ធ្វើ​ឲ្យ​កង​សន្តិសុខ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ រងរបួស​ស្នាម​នោះ​ទេ។​

អ្នកស្រី​បន្ត​ថា​ ការ​ចាប់​ឃុំ​អ្នកស្រី​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ប្រាស​ចាក​ពី​នីតិវិធី​ច្បាប់​ ដោយសារ​អង្គ​ហេតុបាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣​ តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នកស្រី​នៅ​ឆ្នាំ២០១៦ ទៅ​វិញ។

បន្ទាប់​ពីបាន​ស្តាប់​ការ​អធិប្បាយ​របស់​អ្នកស្រី​ ទេព វន្នី​ លោក​ស្រី​ កឹម​ សត្ថាវី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ បាន​ប្រាប់​អ្នកស្រី​ ទេព​ វន្នី​ និង​មេធាវីការពារ​ក្តី​របស់​អ្នកស្រី​ ឲ្យ​មក​ស្តាប់​ការ​ប្រកាសសាល​ដីកា​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា។​

អ្នក​ស្រី​ សាម​ សុគន្ធា​ មេ​ធាវី​ការពារ​ក្តី​អ្នក​ស្រី​ ទេព​ វន្នី​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល​ថា​ កូនក្តី​អ្នកស្រី​មាន​ហេតុផល​គ្រប់គ្រាន់​ ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​។​ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី​ សាម​ សុគន្ធា​ មេ​ធាវី​ការពារ​ក្តី​អ្នក​ស្រី​ ទេព​ វន្នី​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០១៧​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល​ថា​ កូនក្តី​អ្នកស្រី​មាន​ហេតុផល​គ្រប់គ្រាន់​ ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​។​ (ហ៊ុល រស្មី/VOA)

​អ្នក​ស្រី​ សាម សុគន្ធា​ មេធាវី​ការពារ​ក្តី​អ្នកស្រី​ ទេព​ វន្នី​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ តុលាការ​កំពូល​នឹង​ពិចារណា​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​អ្នក​ស្រី​ ដោយ​សារ កូន​ក្តី​អ្នក​ស្រី​បាន​ផ្តល់​ហេតុផល​គ្រប់​គ្រាន់​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​ ក្នុង​នោះ​មាន​ដូច​ការ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ និង​ការ​មិន​គេច​វេស​ពី​ការ​សួរ​នាំ​របស់​តុលាការជាដើម។

មេធាវី​រូប​នេះ​បញ្ចាប់​ថា៖ «វា​ជា​ការ​បារម្ភ​ដោយសារ​ខាង​អយ្យការ​លើក​ឡើង​បែប​នេះ​ ក៏​ប៉ុន្តែ​ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា​ តុលាការ​កំពូល​នឹង​ផ្តល់​ភាព​យុត្តិធម៌​ ផ្តល់​សេរីភាព​ឲ្យ​កូន​ក្តី​របស់នាង​ខ្ញុំ​ បាន​នៅ​ក្រៅ​ឃុំ​ ដោយសារ​គាត់​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ»។​ ​ ​

អ្នកស្រី​បន្ថែម​ថា​ តុលាការ​មិន​ចាំ​បាច់​ឃុំ​ខ្លួន​កូនក្តី​អ្នក​ស្រី​នោះ​ទេ​ ព្រោះ​សំណុំ​រឿង​នេះ​ ជា​បទល្មើស​មជ្ឈឹម​មិន​ជាក់​ស្តែង។

លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​យល់​ថា​ ​តុលាការ​នឹង​ពិបាក​ផ្តល់​យុតិ្តធម៌​ដល់​អ្នកស្រី​ ទេព​ វន្នី​ ខណៈ​ដែល​ស្ថានភាព​នយោបាយកម្ពុជា​បន្ត​ជាប់​គាំង។​ លោក​អះ​អាង​ថា​ តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​អំណាច​ឯករាជ្យ​ ដែលអាច​សម្រេច​សេចក្តី​ដោយ​ខ្លួន​ឯង​នោះ​ឡើយ​ នៅ​ពេល​ដែល​ប្រទេស​នេះ​ មិន​បាន​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

លោក​ អំ​ សំអាត ថ្លែង​ប្រាប់ VOA ថា៖ «ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ហ្នឹង​ គឺ​អំណាច​តុលាការ​ គឺ​គេ​មាន​ភាពឯករាជ្យ​មែន ប៉ុន្តែ​បើ​ប្រទេស​ ដែល​មិន​ទាន់​ គេ​ហៅ​ថា​កំពុង​អភិវឌ្ឍ​ ឬ​ក៏​ប្រទេស​ដែលកំពុង​តែ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហ្នឹង​ អាហ្នឹង​គឺ​បញ្ហា​នៃ​ប្រព័ន្ធ​តុលាការ​ហ្នឹង​នៅ​តែ​ជួប​ជា​បញ្ហា​ ដោយ​សារ​មិន​ទាន់​មាន​ភាព​ឯករាជ្យ​ប្រាកដ​ប្រជា​បាទ»។​

នៅ​ពេល​ក្រុម​សន្តិសុខ​នាំ​អ្នកស្រី​ ទេព​ វន្នី​ ឡើង​រថយន្ត​ដឹកអ្នកទោស​ ​ដើម្បី​ចាក​ចេញ​ពី​តុលាការ​កំពូល​ សកម្មជន​ការពារដី​ធ្លី​រូប​នេះ​ ស្រែក​ប្រាប់​ក្រុមសារ​ព័ត៌មាន​ថា​ អ្នក​ស្រី​មិនភ័យ​ខ្លាច​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការនោះទេ។​ ​អ្នកស្រី​និយាយ​ថា​ អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ ​ដូច​អ្នក​ក្តោប​ក្តាប់អំណាចសព្វ​ថ្ងៃ​ ​ដែលបង្ក​កំហុស​ជា​ច្រើន​ តែ​ខ្លាច​មិន​ហ៊ាន​ទទួល​ស្គាល់​ថា​ ខ្លួន​ខុស​នោះឡើយ៕

XS
SM
MD
LG