ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ប្រកាស​​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​ ​ដោយ​ចោទ​ថា​បាន​រំលោភ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល


គេហទំព័ររបស់អង្គការសមធម៌កម្ពុជា ដែល​រដ្ឋាភិបាល​បាន​ប្រកាសបិទ។ (រូបដកស្រង់ពីគេហទំព័រអង្គការសមធម៌កម្ពុជា)
គេហទំព័ររបស់អង្គការសមធម៌កម្ពុជា ដែល​រដ្ឋាភិបាល​បាន​ប្រកាសបិទ។ (រូបដកស្រង់ពីគេហទំព័រអង្គការសមធម៌កម្ពុជា)

ក្រសួង​មហាផ្ទៃ​ប្រកាស​ផ្អាក​សកម្មភាព​អង្គការ​​​​​​តស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​លំនៅឋាន​ ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា​ អង្គការ​សមធម៌​កម្ពុជា​ ​ដោយ​យោង​លើ​បណ្តឹង​របស់​​ពលរដ្ឋ​មួយ​ក្រុម​ ​ដែល​ចោទ​ថា​ ​អង្គការ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់។

ខណៈ​ដែល​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា​ ​លី យ៉ុងផាត់​ ​នៅ​ខេត្ត​កំពង់ស្ពឺ មិន​ទាន់​បាន​បញ្ចប់ ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចេញ​លិខិត​មួយ​ច្បាប់​សម្រេច​ផ្អាក​សកម្មភាព​របស់​អង្គការ​សមធម៌​ ​ដែល​ជា​អង្គការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ​ ​ដោយ​យោង​លើ​បណ្តឹង​របស់​ប្រជាពល​រដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នកគាំទ្រ​ក្រុមហ៊ុន​ ​និង​បាន​ចោទ​អង្គការ​សមធម៌​ ​ថា​ ជា​អង្គការ​នេះ​មិន​បាន​អនុវត្ត​កាតព្វកិច្ច​តាម​ច្បាប់។

​ក្រសួង​មហាផ្ទៃ​ប្រកាស​ផ្អាក​សកម្មភាព​អង្គការតស៊ូ​មតិ​ក្នុង​ការ​ការពារ​សិទ្ធិ​លំនៅឋាន​ ​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា​ អង្គការ​សមធម៌​កម្ពុជា​ ​ដោយ​យោង​លើ​បណ្តឹង​របស់ពលរដ្ឋ​មួយ​ក្រុម​ ​ដែល​ចោទ​ថា​ ​អង្គការ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់។​ ប្រធាន​អង្គការ​សមធម៌​បាន​ច្រានចោល​ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ​ ​ដោយ​ថា​ ខ្លួន​ធ្វើ​សកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​

​លិខិត​មួយ​ច្បាប់ចុះ​ហត្ថលេខា​ដោយ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​កាល​ពី​ថ្ងៃ​ទី​២៨​ ​ខែ​កញ្ញា​ ​ផ្ញើ​ទៅ​កាន់លោក ​អៀង វុទ្ធី​ ប្រធាន​អង្គការ​សមធម៌​កម្ពុជា ​បញ្ជាក់​ថា​ ក្រសួង​មហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​ជា​បណ្តោះអាសន្ន​ ដោយ​ថា ​អង្គការ​នេះ​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​លក្ខន្តិកៈ​របស់​ខ្លួន​ ​និង​ផ្ទុយ​ពី​ច្បាប់។​

លិខិត​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

​«ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា​ អង្គការ​សមធម៌​កម្ពុជា​ បាន​ធ្វើ​សកម្មភាព​ដោយ​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៥​ ​នៃ​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ ​ព្រម​ទាំង​ផ្ទុយ​នឹង​បញ្ញត្តិ​នៃ​មាត្រា​១០​ ​និង​មាត្រា​២៥​ ​នៃ​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ផ្អែក​តាម​បទប្បបញ្ញត្តិ​ខាង​លើ​នេះ​ ​ក្រសួង​មហាផ្ទៃ​សម្រេច​ផ្អាក​សកម្មភាព​អង្គការ​សមធម៌​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ ក្នុង​រយៈពេល​យ៉ាង​យូរ​៣០​ ​(សាមសិប)​ ​ថ្ងៃ​ ​នៃ​ថ្ងៃ​ធ្វើ​ការ»។

លិខិត​ចេញ​ដោយ​លោក​ ស ខេង​ ដដែល​នោះ​បាន​បង្គាប់​ឲ្យ​ប្រធានអង្គការ​នេះ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​អំពី​លេខ​គណនី​សម្រាប់​ប្រតិបត្តិការ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ​និង​ហិរញ្ញវត្ថុ​ ​ព្រម​ទាំង​របាយការណ៍​សកម្មភាព​របស់​អង្គការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គ័រ​ ​និងបណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែសាទប​ ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ ក្រសួង​មហាផ្ទៃបាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ​ប្រឆាំង​នឹង​អង្គការ​សមធម៌​កម្ពុជា​ផង​ដែរ ​នៅ​ក្នុង​ករណី​អង្គការ​នេះ​មិន​អនុវត្ត​តាម​ការ​ជូន​ដំណឹង។

មាត្រា​១០​ ​នៃ​ច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចែង​ថា​ ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ «​ត្រូវ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ព័ត៌មាន​ដែល​ត្រូវ​សម្រាប់​កិច្ច​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ធនាគារ​» ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​៣០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចុះ​បញ្ជី។

មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចែង​ថា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ត្រូវ​ផ្ញើ​របាយការណ៍​បូក​សរុប​សកម្មភាព​ការងារ​ ​និង​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​មិន​ឲ្យ​ហួស​ពី​ដំណាច់​ខែ​កុម្ភៈ​នៃ​ឆ្នាំ​បន្ទាប់​ជា​ដើម។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រនេះ​ថា លិខិត​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​និ​បណ្តឹង​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ​លោក​ ​លី យ៉ុងផាត់​ ​និង​បណ្តឹង​ពលរដ្ឋ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​អង្គការ​សមធម៌​កម្ពុជា​ជាមួយ​ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ​នៅ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ។​ លោក​បន្ថែម​ថា​ ​អង្គការ​សមធម៌​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ ​ប្រសិន​បើ​រក​ឃើញ​ថា​ ​អង្គការ​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់។

​នាយ​ឧត្ដមសេនីយ៍​រូប​នេះ​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«គាត់​មិន​មែន​ជា​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ទេ។​ សមត្ថកិច្ច​ដែល​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​ហ្នឹង​ជា​រឿង​ផ្សេង​ ​អ្នកណា​ជួបជុំ​អី​ ​និយាយ​ទៅ​ដឹង​ដែរ ក្នុង​នាម​ជា​សមត្ថកិច្ច​យើង​ត្រូវ​ដឹង​គាត់​ជួប​ក្នុង​ន័យ​យ៉ាងម៉េច?​ ​ក្រុមហ៊ុន​ស៊ូហ្គ័រ​គាត់​ថា​អញ្ចេះ ហើយ​គាត់​ថា​អញ្ចុះ​ ​យើង​ក៏​ចាំ​ផ្ទៀង​ផ្ទាត់​ដែរ ក្នុង​នាម​យើង​ជា​សមត្ថកិច្ច​គ្រប់គ្រង​ប្រទេស។​ គ្រាន់​តែ​សុំ​បង្ហាញ​តើ​មាន​ពិបាក​អី?»។

ការ​សម្រេច​ផ្អាក​ប្រតិបត្តិការ​អង្គការ​សមធម៌​កម្ពុជា​ ​ជា​បណ្តោះអាសន្ន​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពីរ​ថ្ងៃ បន្ទាប់​ពី​អង្គការ​ដដែល​ ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដាក់​ជូន​របាយការណ៍​សកម្មភាព​ ​និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ២០១៦​ ​ព្រម​ទាំង​គណនី​ធនាគារ​របស់​ខ្លួន។​ នេះ​បើ​យោង​តាម​លិខិត​មួយ​ផ្សេង​ទៀត​ ដែល​ VOA​ បាន​ទទួល។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ​ បញ្ជាក់​ថា​ ក្រសួង​មិន​ទាន់​មាន​ចំណាត់ការ​ណា​មួយ​លើ​លិខិត​របស់​ ​អង្គការ​សមធម៌​កម្ពុជា​ ​ដែល​បាន​ស្នើ​ដាក់​ជូន​របាយការណ៍​សកម្មភាព​ ​និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​២០១៦​ ​ព្រម​ទាំង​គណនី​ធនាគារ​របស់​ខ្លួន​នោះ​ទេ។

​លោក​ អៀង វុទ្ធី​ ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​តាម​ទូរស័ព្ទ​ ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ប្រាប់​ VOA​ តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ ​អង្គការ​សមធម៌​កម្ពុជាមិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​ណាមួយ​ដូច​ការ​លើកឡើង​របស់​ក្រសួង​មហាផ្ទៃ​នោះ​ទេ។​ លោក​បន្ថែម​ថា លោក​កំពុង​ដោះស្រាយ​សំណើ​របស់​ក្រសួង​មហាផ្ទៃ​ ​បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​សុំ​ដាក់​របាយការណ៍​សកម្មភាព​ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នា​២០១៦​ ​ព្រមទាំង​គណនី​ធនាគារ​របស់​អង្គការ តាំង​ពី​ថ្ងៃ​ទី២៦​ ​ខែ​កញ្ញា​ គឺ​២​ថ្ងៃ​មុន​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ផ្អាក​អង្គការ​សមធម៌​កម្ពុជា។

លោក​ អៀង វុទ្ធី​ បញ្ជាក់ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​សម្រួល​ជា​ភាសាខ្មែរ​ថា៖

«អង្គការ​សមធម៌​កម្ពុជា​បាន​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា។ ​យើង​ធ្វើការ​ដើម្បី​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​សិទ្ធិ​ និង​ដីធ្លី​របស់​ពលរដ្ឋ​តាមរយៈ​មធ្យោបាយ​ស្រប​ច្បាប់ និង​គ្មាន​អំពើ​ហិង្សា​ ដែល​ស្រប​នឹង​សិទ្ធិ​និង​សេរីភាព​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

កាល​ពី​ដើម​ខែ​កញ្ញា ​ប្រជាពលរដ្ឋ​មួយ​ក្រុម​មក​ពី​ភូមិ​ចំនួន​បួន​ ​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​ ​បានមក​ឈរ​តវ៉ា​នៅ​ក្រៅ​ទីស្នាក់ការ​អង្គការ​សមធម៌​កម្ពុជា​ ​ដោយ​ចោទ​ថា​ អង្គការ​នេះ​បាន​ញុះញង់​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា​ ​លី យ៉ុងផាត់។​ ពួកគេ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ស្នើសុំ​ឲ្យ​បិទ​អង្គការ​នេះ​ផង​ដែរ។

ចំណែក​ប្រជាពលរដ្ឋមាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅភ្នំពេញ​របស់​ឧកញ៉ា​ លី យ៉ុងផាត់ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​តស៊ូ​មតិ​ពី​អង្គការ​តម្លា​ភាព​លើក​ឡើង​ថា​ ​ពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​អង្គការ​សមធម៌​កម្ពុជា​ ​អាច​ជា​អ្នកគាំទ្រ​ក្រុមហ៊ុន​ស្ករ​អំពៅ​ភ្នំពេញ​របស់​លោក​ឧកញ៉ា ​លី យ៉ុងផាត់។

អ្នកស្រី​ ឃន ខន​ ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ លី យ៉ុងផាត់​ ក្នុង​ភូមិ​ក្រាំងត្បែង ឃុំ​ត្រពាំងជូ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ ​ដែល​ទទួល​បាន​ការ​គាំពារ​ផ្នែក​តស៊ូ​មតិ​ពី​អង្គការ​សមធម៌​កម្ពុជា​ ​បាន​ប្រាប់​ VOA​ ថា​ ​អ្នកស្រី​ ​និង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​ជា​ជិត​៦០០​គ្រួសារ​ផ្សេង​ទៀត​ បាន​ទទួល​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​សមធម៌​ ធ្វើ​ឲ្យ​ពលរដ្ឋ​ស្គាល់​ពី​សិទ្ធិ​និង​មាន​សាមគ្គី​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍។

ពលរដ្ឋ​វ័យ​៦១​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖​

«អង្គការ​សមធម៌​បាន​ពន្យល់​ពី​ច្បាប់​ ​ទាមទារ​សិទ្ធិមនុស្ស​ ​ជួយ​ពន្យល់​ពី​ផ្សេងៗ​ទាំង​អស់​ដែល​អង្គការ​សមធម៌​មាន​ទាំង​ប៉ុន្មាន។​ ប្រជាពលរដ្ឋ​យើង​បាន​មក​ដល់​ថ្ងៃ​នេះ​ ​គឺ​ប្រជាពលរដ្ឋ​យើង​បាន​រស់​នៅ​តាម​អង្គការ​សមធម៌​ហ្នឹង​បាន​ច្រើន​យ៉ាង​ណាស់​ ​ចេះ​សាមគ្គី​គ្នា​ ​ចេះ​យល់​យោគ​គ្នា​ ​ចេះ​ទាមទារ​រក​សិទ្ធិ ​ស្គាល់​ពី​សិទ្ធិ​របស់​ខ្លួន​ប្រើការ​រាល់​ថ្ងៃ​បាន»។

អ្នកស្រី​បន្ថែម​ថា​ ក្រុម​ពលរដ្ឋ​មួយ​ចំនួនដែល​តវ៉ា​ប្រឆាំង​នឹង​អង្គការ​សមធម៌ ជា​ពលរដ្ឋ​ដែល​បែកបាក់​ពី​ក្រុម​ពលរដ្ឋ​រងគ្រោះ​ ​និង​មួយ​ចំនួន​ទៀត​មិនមែន​ជា​ពលរដ្ឋ​ក្នុង​ភូមិ​ឃុំ​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា​ លី យ៉ុងផាត់ ​នោះ​ទេ។​ អ្នកស្រី​ថា​ ​ពលរដ្ឋ​ទាំង​នោះ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ក្រុមហ៊ុន​ដើម្បី​ទៅ​តវ៉ា។

អង្គការ​សមធម៌​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២​ ​ដើម្បី​លើក​កម្ពស់​ ​និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពី​វិបត្តិ​នៃ​ការ​រំលោភ​បំពាន​ដីធ្លី។​ អង្គការ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ភាព​សកម្ម​ក្នុង​ការ​ជួយ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ពលរដ្ឋ​រាប់រយ​គ្រួសារដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​របស់​ឧកញ៉ា​ លី យ៉ុងផាត់​ ដែល​ទទួល​បាន​ដី​សម្បទាន​ជាង​២ម៉ឺន​ហិកតា​ ​ដើម្បី​ដាំ​អំពៅ​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ៕

XS
SM
MD
LG