ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាសភាពភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើសន្និសីទដ៏កម្រមួយនៅថ្ងៃពុធនេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការគោរពរដ្ឋធម្មនុញ្ញរយៈពេល២៤ឆ្នាំមកនេះ។សនិ្នសីទដ៏កម្រនេះធ្វើឡើងចំពេលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ និងក្រោយមានការរិះគន់ជាបន្តបន្ទាប់ថា គណបក្សកាន់អំណាចមិនគោរពរដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញរំឭកខួប២៤ឆ្នាំនៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា ដោយការបង្ហាញពីសមិទ្ធផលរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការគោរព និងការអនុវត្តតាមរដ្ឋធម្មនុញ្ញយ៉ាងត្រឹមត្រូវ បើទោះជាអង្គការ និងស្ថាប័នជាតិ អន្តរជាតិមួយចំនួនបានរិះគន់ថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ផ្ទុយពីរដ្ឋធម្មនុញ្ញក៏ដោយ។
ក្នុងសន្និសីទរយៈពេលជិតបួនម៉ោងស្តីពី «សមិទ្ធផល២៤ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មកពីគណបក្សកាន់អំណាច ថ្លែងថា ក្រោយការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ស្ថាប័នជាតិនានាបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានសមិទ្ធផលដ៏ធំធេង ទាំងលើការងារកសាងអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិ ទាំងលើការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិតាមជំនាញរបស់ស្ថាប័ននីមួយៗ។
លោកបន្ថែមថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពិតប្រាកដ មានរដ្ឋធម្មនុញ្ញ មានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌អាចជឿទុកចិត្តបាន ធានាឲ្យសង្គមមានរបៀបរៀបរយ មានប្រព័ន្ធសេដ្ឋកិច្ចដ៏ល្អប្រសើរ សម្រេចតាមការអភិវឌ្ឍប្រកបដោយចីរភាព។
លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មកពីគណបក្សកាន់អំណាចមានប្រសាសន៍ថា៖
«សមិទ្ធផលទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាល រួមជាមួយស្ថាប័នអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បានសម្រេចការបំពេញភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលបំណងនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
ការថ្លែងពីសមិទ្ធផលផ្សេងៗរបស់រដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញក្នុងខួប២៤ឆ្នាំនៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ នាពេលចុងក្រោយនេះ។
កាលពីដើមខែកញ្ញា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ដោយរងការចោទថា «ក្បត់ជាតិ»។ ក្រៅពីនេះមានការបិទស្ថាប័នមួយដែលធ្វើការជំរុញលទ្ធិប្រជាធិប្បតេយ្យនៅកម្ពុជា មានការបិទសារព័ត៌មានឯករាជ្យមួយចំនួនដែលមិនចំណុះគណបក្សកាន់អំណាច និងការរុះរើស្លាក ឬបដាដែលគណបក្សសង្គ្រោះជាតិបានដាក់នៅខាងមុខស្នាក់ការគណបក្សទូទាំងប្រទេស ទាមទារឲ្យមានការដោះលែងលោក កឹម សុខា ជាដើម។
ការណ៍នេះត្រូវបានអង្គការ និងស្ថាប័នជាតិ អន្តរជាតិជាច្រើន ព្រមទាំងអ្នកច្បាប់ផង លើកឡើងថា រដ្ឋាភិបាលកំពុងរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងដើរថយក្រោយ ខណៈដែលការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ជិតឈានចូលមកដល់។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់អង្គការ និងស្ថាប័នទាំងនោះ ដោយអះអាងថា កម្ពុជាអនុវត្តតាមគោលការណ៍ច្បាប់ និងបានរំឭកដល់អគ្គរដ្ឋទូតទាំងអស់ឲ្យគោរពឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹត្យភាព និងច្បាប់កម្ពុជា ហើយកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសក្បត់ជាតិ ដែលត្រូវចាត់ការដោយតុលាការ។
ទោះយ៉ាងណាក៏ដោយ លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធមិនឆ្លើយនឹងសំណួរ ពាក់ព័ន្ធនឹងការលើកឡើងដែលថា ការចាប់ខ្លួនលោក កឹម សុខា អ្នកតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ និងការរុះរើបដាដែលគណបក្សសង្គ្រោះជាតិដាក់នៅខាងមុខស្នាក់ការទាមទារឲ្យមានការដោះលែងលោក កឹម សុខានោះ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា៕