ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​បារម្ភ​ពី​ការ​កាត់​ជំនួយ​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​ ​ខណៈ​ទំនាក់ទំនង​មាន​ភាព​រកាំរកូស


រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រមួយ នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រមួយ នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។

រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​លើកឡើង​ថា​ ​ក្រសួង​មិន​ខ្វល់​ពី​ការ​ផ្អាក​ទិដ្ឋាការ​ហាម​មិន​ឲ្យ​មន្រ្តី​របស់​ខ្លួន​ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ប៉ុន្តែ​លោក​បារម្ភ​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា។

ខណៈ​ដែល​ទំនាក់​ទំនង​កម្ពុជា-អាមេរិក​មាន​ភាព​រកាំរកូស​ និង​ស្រប​ពេល​អាមេរិក​កំពុង​ដាក់​ទណ្ឌកម្មទិដ្ឋាការ​លើ​មន្រ្តី​មួយ​ចំនួន​ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្តែង​ការ​បារម្ភ​ថា​ ស្ថាន​ការណ៍​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ​ហើយ​ប្រសិន​បើ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិត​ផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា​ទៅ​អាមេរិក​ ​និង​ទីផ្សារ​អឺរ៉ុប។​

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ ​និង​សង្គម​ ​យល់​ថា​ ​ភាព​រកាំរកូស​នេះ​ ​អាច​បណ្តាល​មក​ពី​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​មិន​មាន​ភាព​អព្យាក្រឹត។

រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​លើកឡើង​ថា​ ​ក្រសួង​មិន​ខ្វល់​ពី​ការ​ផ្អាក​ទិដ្ឋាការ​ហាម​មិន​ឲ្យ​មន្រ្តី​របស់​ខ្លួន​ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ប៉ុន្តែ​លោក​បារម្ភ​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិតផល​រោងចក្រ​កាត់ដេរ​ពី​កម្ពុជា។​

ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ «សមិទ្ធផល​ ​២៤​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា» កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​លោក​ ​អ៊ុច បូររិទ្ធ​ ​រដ្ឋមន្រ្តី​ស្តី​ទី​ក្រសួង​ការ​បរទស​កម្ពុជា​ ​បាន​ថ្លែង​ទៅ​កាន់​មន្រ្តី​ជាន់ខ្ពស់​ស្ថាប័ន​ជាតិ​ ​និង​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​នាក់​ ​ដោយ​លើក​ឡើង​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-អាមេរិក តាំង​ពី​ឆ្នាំ​១៩៥០​ ​រហូត​ដល់​បច្ចុប្បន្ន។​ លោក​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​មាន​ភាព​តានតឹង​ក្នុង​ពេល​ថ្មីៗ​នេះ​ ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI) ​របស់​រដ្ឋាភិបាល​អាមេរិក​ ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ​ព្រម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​អ្នក​ជាប់​ទោស ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​មក​កម្ពុជា​វិញ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។

​លោក​ អ៊ុច បូររិទ្ធ​ បន្ថែម​ថា​ ក្រសួង​ការបរទេស​មិន​ខ្វល់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ​ពី​រដ្ឋាភិបាល​អាមេរិក​នោះ​ទេ​ ​ប៉ុន្តែ​លោក​ថា​ ​លោក​ព្រួយ​បារម្ភ​លើ​ការ​នាំ​សម្លៀកបំពាក់​ទៅ​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប។​

លោក​ បូររិទ្ធ​ ​ថ្លែង​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«មិន​បាន​ទៅ​អាមេរិក​ក៏​ហី​ទៅ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់​យើង​មាន​ការ​ព្រួយ​បារម្ភ​តែ​ម្យ៉ាង​ទេ​ ​ព្រោះ​ឥឡូវ​វា​មាន​និន្នាការ​រុញ​រួច​ទៅ​ហើយ​ ​រុញ​ឲ្យ​អាមេរិក​ ​គឺ​សភា​អាមេរិក​ហ្នឹង​រុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច​ ​ហើយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​អាច​រាលដាល​ដល់​បញ្ហា​កូតា គេ​ហៅ​ថា​ ឥវ៉ាន់​វាយនភណ្ឌ​ដឹក​ទៅ​អាមេរិក​ ​ដែល​ជា​ទីផ្សារ​ដ៏​ធំ។​ ​ការ​បារម្ភ​គឺ​តែ​ប៉ុណ្ណឹង។ តែ​បើ​បិទ​វីសា​មិន​ឲ្យ​ទៅ​អាមេរិក​ សូម​អញ្ជើញ​ទៅ​ អត់​បញ្ហា​ទេ»។

​លោក​ អ៊ុច បូររិទ្ធ​ ​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជាកំពុង​ស្វែង​រក​ទីផ្សារ​ថ្មី​ដើម្បី​ជំនួស​ទីផ្សារ​អាមេរិក​ ​និង​ទីផ្សារ​អឺរ៉ុប​ ​ប្រសិន​បើ​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​ ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា។​

ចាប់ពី​ថ្ងៃ​ទី១៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​អាមេរិក​សម្រេច​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោប្រវេសន៍​ ​ដូចជា​ទេសចរណ៍​ ​ជំនួញ​ ​និង​សុខភាព​ ​ឲ្យ​ទៅ​មន្ត្រី​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​ ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​មន្រ្តី​ទាំង​នោះ​ ​ដែល​ថា​ ​ការ​ផ្អាក​នេះ​ជា​ទណ្ឌកម្ម​ក្នុង​ការ​ដែល​កម្ពុជា​មិនព្រម​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ។​ ឆ្លើយ​តប​នឹង​ការ​ផ្អាក​ទិដ្ឋាការ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ផ្អាក​កិច្ច​សហការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​ ​នៅ​លើ​ទឹកដី​កម្ពុជា។​

ការ​ថ្លែង​របស់​លោក​ អ៊ុច បូររិទ្ធ​ រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ការបរទេស​កម្ពុជា​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​មាន​គម្រោង​កាត់​ជំនួយ​អភិវឌ្ឍន៍​៧០​ភាគរយ​ ដល់​កម្ពុជា​ និង​ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយនៅកម្ពុជា​បន្ត​កើន​កម្តៅ​ ​ខណៈ​មន្រ្តី​ ​និង​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​បន្ត​វាយ​ប្រហារ​អាមេរិក​ ​ដោយ​លើក​យករឿង​អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​ និង​ថា អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម។

ភាព​រកាំរកូស​រវាង​ ​អាមេរិក-កម្ពុជា​ ​ធ្វើ​ឲ្យ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ ​និង​សង្គម បារម្ភ​ថា​ ​ទំនាក់ទំនង​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ ​ប្រសិន​បើ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​មិន​ស្ថិត​នៅ​អព្យាក្រឹត។​

លោក​ មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ​ប្រាប់​ ​VOA​ ​ថា​ រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ហាក់​បង្ហាញ​ភាព​ស្អិត​រមួត​ជាមួយ​ប្រទេស​ចិន​ ​តែ​បង្ហាញ​ពី​ភាព​ព្រងើយ​កន្តើយ​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា។​ លោក​បន្ថែម​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា​ ​ការ​ធ្វើ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ទំនាស់​កាន់តែ​ខ្លាំង​ជាមួយ​អាមេរិក។​

លោក​ ​មាស នី​ ​បន្ថែម​ថា​ ​ប្រសិន​បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ ​នោះ​រោងចក្រ​ជា​ច្រើន​នៅ​កម្ពុជា​នឹង​ត្រូវ​បិទទ្វារ​ ​ហើយ​កម្មករ-កម្មការិនី​រោងចក្រ​រាប់​ម៉ឺន​នាក់ប្រឈម​នឹង​ការ​គ្មាន​ការងារ​ធ្វើ។​ លោក​ថា ​កម្ពុជា​មិន​អាច​ពឹង​ប្រទេស​ចិន​កុម្មុយនិស្ត​ ​ជា​ខ្នង​បង្អែក​ជំនួស​អាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​បាន​នោះ​ទេ។​

​លោក​ មាស នី​ ​មាន​ប្រសាសន៍​ថា៖ ​

​«រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ពិនិត្យ​មើល​ឡើងវិញ​ទៅ​លើ​ទំនាក់ទំនង​ការបរទេស​របស់​ខ្លួន​ ​ថា​ តើ​ហេតុ​អី​ក៏​ប្រទេស​យើង​ចេះ​តែ​ទទួល​បរាជ័យ​នៅ​ក្នុង​នយោបាយ​ការបរទេស ដែល​យើង​មិន​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​មហាអំណាច​ទាំងអស់​បាន​ ​ដូច​ដែល​យើង​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង។ ហើយ​បើ​យើង​មើល​រដ្ឋធម្មនុញ្ញ​របស់​យើង​ ​ប្រទេស​យើ​ង​ជា​ប្រទេស​អព្យាក្រឹត​ ​ប្រទេស​ឯករាជ្យ ប៉ុន្តែ​ដល់​យើង​មើល​អ្នក​នយោបាយ​បាន​វិញ​ កំពុង​ប្រទាញ ម្ខាង​ប្រទាញ​ទៅ​ឆ្វេង​ ​ម្ខាង​ប្រទាញ​ទៅ​ស្តាំ»។​

វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែក​ជើង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​នាំ​ចេញ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​រោងចក្រ​ប្រមាណ​ជិត១​ពាន់​រោងចក្រ​ ​កំពុង​ធ្វើ​ប្រតិបត្តិការ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​៧០​ម៉ឺន​នាក់។ ​ក្នុង​នោះ​ ​សហរដ្ឋ​អាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​ទី២​របស់​កម្ពុជា​ ​បន្ទាប់​ពី​សហភាព​អឺរ៉ុប។​

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា​ ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ដូចជា​ សម្លៀកបំពាក់​កាត់​ដេរ​ ​និង​ស្បែក​ជើង​ ​អង្ករ​ ​កៅស៊ូ។ល។​ ក្នុង​នោះ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក​ ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​ជា ​២.៣៥៤​លាន​ដុល្លារ​អាមេរិក និង​នាំ​ចេញ​ទៅ​ទីផ្សារអឺរ៉ុប​ប្រមាណ​ជា​ ២.៨២៥​លាន​ដុល្លារ៕

XS
SM
MD
LG