ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នឹង​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​តុលា


រូប​ឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​​កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​​កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១។

សេចក្តី​ជូន​ដំណឹង​របស់​គ.ជ.ប ចុះ​ថ្ងៃ​ទី១ ​ខែ​កញ្ញា​បាន​ឲ្យ​ដឹង​ថា​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២១ នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​តាម​សាលា​ឃុំ​សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។

គ.ជ.ប បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា៖ «ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២១ មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញ​លេញ​ភាព​ត្រឹម​ត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកប​ដោយ​សុវត្ថិភាព»។

បើ​តាម​គ.ជ.ប បញ្ជី​ឈ្មោះ​បោះឆ្នោត​នឹង​មាន​ការ​ស្រង់​និង​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​បាន​ទទួល​មរណភាព អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត​ជា​បណ្តោះ​អាសន្ន និង​អ្នក​ដែល​ផ្លាស់​លំនៅឋាន​ឬ​ទី​សំណាក់​ចេញ​ទៅ​ឃុំ​សង្កាត់​ផ្សេង ដោយ​មាន​ឯកសារសំអាង​ត្រឹមត្រូវ​និង​ច្បាស់​លាស់ ដើម្បី​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ដែល​កើត​មុន​ឬ​កើត​ត្រឹម​ថ្ងៃ​ទី​៦​ខែ​មិថុនា ឆ្នាំ​២០០៤ អាច​មក​ចុះ​ឈ្មោះ​បាន។ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​ប្តូរ​លំនៅឋាន​ឬ​ទីសំណាក់​ចូល​ក្នុង​ឃុំ​សង្កាត់​ថ្មី ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ ឬ​ស្នាក់​អាស្រ័យ។

យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​នេះ ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់ ដែល​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២០​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​មាន​ចំនួន​៨.៨៣៤.៧៥២​នាក់៕

XS
SM
MD
LG