គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភា នឹងបំពេញបេសកកម្មទៅកាន់ប្រទេសកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតសំណុំរឿងមួយចំនួន រួមទាំងសំណុំរឿងវាយប្រហារអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក គង់ សភា និង ញ៉យ ចំរើន កាលពីឆ្នាំមុនផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការនេះ ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា។
សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា គណៈកម្មការនេះក៏នឹងពិនិត្យទៅលើភាពស្របច្បាប់នៃចំណាត់ការថ្មីៗ ដែលត្រូវធ្វើឡើងប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ផងដែរ។
ក្រៅពីប្រទេសកម្ពុជា គណៈកម្មការនេះក៏នឹងបំពេញបេសកកម្មទៅកាន់ប្រទេសម៉ាល់ឌីវ និងវេណេហ្ស៊ុយអេឡា ផងដែរនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ដើម្បីជំរុញឲ្យមានការវិវត្តទៅមុខទាក់ទងនឹងសំណុំរឿងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនានា។
នៅក្នុងសេចក្ដីសម្រេចចិត្ត ដែលត្រូវបានអនុម័តដោយគណៈកម្មការនៃសហភាពអន្តរសភា នៅក្នុងអំឡុងកិច្ចប្រជុំរយៈពេលបីថ្ងៃរបស់ខ្លួនស្ដីពីសំណុំរឿងពាក់ព័ន្ធនឹងអ្នកតំណាងរាស្ត្រចំនួន៤០នាក់ គណៈកម្មការនេះ បានផ្ដល់អាទិភាពទៅលើការរំលោភសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៅក្នុងប្រទេសទាំងបីខាងលើមុនគេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ៕