ក្រសួងសំខាន់ៗចំនួនបីនៅថ្ងៃច័ន្ទនេះបានចេញប្រកាសដើម្បីតាមដាន និងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយនានាតាមបណ្តាញអ៊ីនធឺណេត ដែលមានចេតនាបង្កជាចលាចលបណ្តាលឲ្យអន្តរាយដល់វិស័យការពារជាតិ និងសណ្តាប់ធ្នាប់សង្គម គ្រប់រូបភាព និងទម្រង់ ក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា។
ប្រកាសអន្តរក្រសួងរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ ចេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ហើយដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ ឲ្យដឹងថា ប្រកាសនេះមានគោលបំណងគ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ឲ្យស្របតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ប្រការ៤នៃប្រកាសអន្តរក្រសួងដែលមាន១០ប្រការនោះបន្ថែមថា ដើម្បីធានាការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ ត្រូវចាត់តាំងជំនាញជាសេនាធិការ ដើម្បីងាយស្រួលក្នុងកិច្ចសហការធ្វើការតាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយល្មើសច្បាប់តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ប្រកាសអន្តរក្រសួងត្រង់ប្រការ៥ត្រូវបានសរសេរក្នុងន័យដើមថា៖
«ស្ថាប័ន អង្គភាពជំនាញនីមួយៗត្រូវបំពេញកាតព្វកិច្ចតាមភារកិច្ចរៀងៗខ្លួន និងត្រូវសហការគ្នា និង/ឬ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីចាត់វិធានការប្រឆាំង ទប់ស្កាត់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារ ជាអក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កភាពចលាចល អាចបណ្ដាលឲ្យអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើង និងវប្បធម៌ ប្រពៃណីជាតិ»។
ប្រកាសរបស់អន្តរក្រសួងដែល VOA បានទទួលក៏បានបញ្ជាក់ថា រដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់បំពាក់ឧបករណ៍គ្រប់គ្រងទិន្នន័យ «ដើម្បីសម្រួលក្នុងការច្រោះ ឬរាំងខ្ទប់ចំពោះគេហទំព័រ គណនី ឬទំព័របណ្តាញទំនាក់ទំនងសង្គមដែលធ្វើអាជីវកម្ម និង/ឬការផ្សព្វផ្សាយខុសច្បាប់»។ លើសពីនេះទៀត ក្រសួងមហាផ្ទៃមានសិទ្ធិក្នុងការស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្វីដែលសមត្ថកិច្ចយល់ថា ជាអំពើល្មើស។
យ៉ាងណាក៏ដោយ ប្រកាសនេះមិនបានរៀបរាប់លម្អិតថា តើការផ្សព្វផ្សាយជារូបភាព សំឡេង អត្ថបទបែបណា ដែលចាត់ទុកថា មានចេតនាបង្កភាពចលាចល ឬអន្តរាយដល់វិស័យការពារជាតិនោះទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ការសម្រេចចេញប្រកាសនេះ គឺដោយសារមានការកើតឡើងនូវបទល្មើសមួយចំនួនតាមបណ្តាញអ៊ីនធឺណិត ដែលរួមមានការប្រមាថព្រះមហាក្សត្រជាដើម។ លោកបន្ថែមថា ក្រសួងនឹងចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតណាដែលផ្សព្វផ្សាយ ឬចែកចាយបន្តនូវខ្លឹមសារល្មើសទៅនឹងច្បាប់ដែលមានចែងជាធរមាន រួចបញ្ជូនទៅតុលាការដើម្បីសម្រេច។
លោកមានប្រសាសន៍ថា៖
«យើងមើល ឧទាហរណ៍ថា ច្បាប់បរិហារកេរ្តិ៍ក៏មាន។ ច្បាប់បរិហារកេរ្តិ៍ ជួនកាលគេមិនថា អីផង គេថា យើងអីចឹង យើងអាចប្តឹងបកបានទេតើ។ ទី២ទៀត ស្រុកទេសអត់មានកលយុគ្គអីផង គេបំផុសឲ្យមានចលនាបដិវត្តន៍ពណ៌អី អីចឹងហ្នឹងណា»។
កន្លងមក គេឃើញមានការចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលបានបង្ហោះសារផ្សេងៗ ដែលមានទាំងការរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាដើម។
ចំណែកលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានលើកឡើងថា អ្នកសារព័ត៌មានអាចប្រឈមនឹងការចាត់វិធានការតាមច្បាប់ ប្រសិនបើអ្នកសារព័ត៌មានទាំងនោះធ្វេសប្រហែសក្នុងការប្រមូលព័ត៌មានពីប្រភពដែលមិនគួរឲ្យទុកចិត្ត ឬប្រភពព័ត៌មានដែលនិយាយមិនពិត។
លោកបញ្ជាក់ថា៖
«កាលណាយើងបង្ហោះព័ត៌មាន ឬក៏ផ្សព្វផ្សាយព័ត៌មានដែលជាព័ត៌មានក្លែងក្លាយ ហើយដែលវាបង្កដល់ប្រការដែលហាមឃាត់ ឧទាហរណ៍បង្កដល់បញ្ហាសន្តិសុខជាតិ ឧទាហរណ៍ដល់សណ្តាប់ធ្នាប់សាធារណៈ-ល- ហ្នឹង សុទ្ធតែជារឿងមួយដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
សេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នបានធ្លាក់ចុះរហូតដល់ទៅ១០ថ្នាក់ ហើយបច្ចុប្បន្នស្ថិតនៅលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន។ របាយការណ៍នោះក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាហាក់ដូចជាមានទំនោរទៅកាន់ផ្លូវដូចគ្នាទៅនឹងប្រទេសចិន បន្ទាប់ពីបិទសារព័ត៌មានឯករាជ្យមួយចំនួន។
ក្រុមមន្ត្រីសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សយល់ថា ប្រកាសអន្តរក្រសួងនេះគឺជាការរឹតបន្តឹងថ្មីមួយទៀតដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា អ៊ីនធឺណេតគឺជាកន្លែងដែលមានប្រជាប្រិយភាពជាងគេក្នុងការបញ្ចេញមតិ ចាប់តាំងពីការប្រមូលផ្តុំ និងការបញ្ចេញមតិជាទូទៅរបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋាភិបាលរឹតត្បិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា ប្រកាសអន្តរក្រសួងដែលទើបចេញក្នុងគោលបំណងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណេតនេះ គឺជាប្រកាសដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីសេរីភាពនៃការបញ្ចេញមតិរបស់់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖
«ជាធម្មតា ប្រជាពលរដ្ឋរស់នៅ លោកត្រូវការទទួលនូវព័ត៌មាន ក៏ដូចជាការបញ្ចេញមតិផ្សេងៗទៀត អំពីការយល់ឃើញរបស់ខ្លួនរៀងៗខ្លួន។ កាលណាតែគាត់មានការភិតភ័យហើយដាក់កម្រិតនូវសេរីភាពនៃការបញ្ចេញមតិខ្លួនឯង អាហ្នឹងវាធ្វើឲ្យបាត់បង់ឱកាសក្នុងការចូលរួម និងការកែលម្អនៅក្នុងសង្គម»។
កិច្ចពិភាក្សាក្នុងតំបន់មួយដែលធ្វើឡើងក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតក្នុងតំបន់ទន្លេមេគង្គ ឃើញថា ក្នុងប្រទេសកម្ពុជា ថៃ និងមីយ៉ាន់ម៉ា សេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណេតកំពុងត្រូវបានគ្របដណ្តប់ដោយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលមានដូចជាច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្តីពីទូរគមនាគមន៍ និងច្បាប់ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រជាដើម។
បើតាមតួលេខចេញដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្នុងឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួនជាង៨លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចំនួនជាង៦លាននាក់។
លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសង់ត្រាល់ លើកឡើងថា ប្រកាសរបស់ក្រសួងកំពុងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងការបញ្ចេញមតិលើបណ្តាញអ៊ីនធឺណិត ដែលលោកថា រដ្ឋាភិបាលត្រូវមានការពន្យល់បកស្រាយឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងប្រការនីមួយៗនៃប្រកាសនេះ។ លោកបន្ថែមថា ប្រកាសនេះនឹងអាចផ្តល់ផលវិជ្ជមានដល់សង្គម ប្រសិនបើមានការអនុវត្តត្រឹមត្រូវ ដោយផ្តោតលើវិធានការបង្ក្រាបការបង្ហោះព័ត៌មានក្លែងក្លាយ។ ប៉ុន្តែលោកថា លោកបារម្ភពីការអនុវត្តរបស់អាជ្ញាធរលើសពីសមត្ថកិច្ច រហូតធ្វើឲ្យប៉ះពាល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖
«ឥឡូវចាប់ផ្តើមមានអ្នកបំភ័យខ្លះហើយលើបណ្តាញសង្គមឥឡូវ "អូ! គេអាចចាប់អញ្ចេះ គេអាចចាប់អញ្ចុះ" ព្រោះប្រជាជនទាំងអស់មិនមែនសុទ្ធតែអ្នកចេះច្បាប់ទេ មិនមែនសុទ្ធតែអានបាន ហើយយល់ទាំងអស់ទេ។ អីចឹង វាទាមទារឲ្យមន្រ្តីជំនាញហ្នឹងមកបកស្រាយ មកបញ្ជាក់បន្ថែមដើម្បីកុំឲ្យប្រជាពលរដ្ឋហ្នឹងភ័យខ្លាច លែងហ៊ានចង់ធ្វើអីអីចឹងវិញ»។
កន្លងទៅមានការចាប់ខ្លួនបុរសពីររូបដែលបានបង្ហោះសារមានន័យប្រមាថព្រះមហាក្សត្រលើបណ្តាញសង្គមហ្វសប៊ុក។ ក្រៅពីការចាប់ខ្លួនអ្នកដែលបង្ហោះសារពាក់ព័ន្ធនឹងព្រះមហាក្សត្រ ក៏នៅមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរូបទៀត ត្រូវបានឃាត់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ពាក់ព័ន្ធនឹងការបង្ហោះសារផ្សេងៗ ដែលរដ្ឋាភិបាលបញ្ជាក់ថា ជាការប្រមាថ និងជាការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប្រកាសអន្តរក្រសួងដែលមាន ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសនីយ៍ ក្នុងការគ្រប់គ្រង ការចែកចាយព័ត៌មានតាមអ៊នឡាញនេះ ធ្វើឡើងក្រោយការបង្ក្រាបដ៏ធ្ងន់ធ្ងរ ដល់ក្រុមជំទាស់ អង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា៕