ប្រជាជននៅក្នុងក្រុង Aleppo នៃប្រទេសស៊ីរីដែលកាន់កាប់ដោយពួកឧទ្ទាមបានរាយការណ៍អំពីកំណើននៃការវាយប្រហារតាមអាកាសដែលពួកអ្នកឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសនេះបាននិយាយថា បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣០នាក់ស្លាប់។ រដ្ឋាភិបាលស៊ីរីបានប្រកាសអំពីការវាយលុកជាថ្មីទៀតលើក្រុងនេះនៅក្រោយស.រ.អា និងប្រទេសរុស្សីគ្មានជោគជ័យក្នុងការស្រោចស្រង់បទឈប់បាញ់គ្នាមួយ ដែលបានបំបាត់អរិភាពក្នុងពេលជិតមួយសប្តាហ៍។
ក្រុមអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា យុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនេះនៅក្នុងក្រុង Aleppo ដែលបានត្រូវរាយការណ៍ថាបានត្រូវធ្វើឡើងដោយកងឧទ្ធម្ភាគចក្រស៊ីរី និងកងយន្តហោះចម្បាំងរុស្សី បានចាប់ផ្តើមកាលពីថ្ងៃពុធ ហើយបានបន្តធ្វើចាប់តាំងពីពេលនោះមក បានយកជាទីដៅនៃការវាយប្រហារនៅតំបន់មានអ្នកស្រុករស់នៅ និងអាគារដែលបានត្រូវប្រើប្រាស់ដោយក្រុមអ្នកស្ម័គ្រចិត្តមានឈ្មោះថា «ពួកអ្នកពាក់មួកសុវត្ថិភាពពណ៌ស» ដែលភាសាអង់គ្លេសហៅថា «White Helmets»។
ក្រុង Aleppo ដែលជាក្រុងធំទីពីរនៃប្រទេសស៊ីរីត្រូវបានបែងចែករវាងពួកទាហានរដ្ឋាភិបាល ពួកជីវពលឧទ្ទាម ពួកឥស្លាមជ្រុលនិយមនិងពួកយុទ្ធជនKurd ចាប់តាំងពីឆ្នាំ២០១២មក។
សមាជិកម្នាក់នៃក្រុមការពារស៊ីវិលស៊ីរីបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា ការទម្លាក់គ្រាប់បែកក្នុងសប្តាហ៍នេះមានភាពខ្លាំងក្លាបំផុតក្នុងសង្គ្រាមនេះ។
លោកបាននិយាយអះអាងថា ការវាយប្រហារទាំងនេះជាការសងសឹកដល់ក្រុមដែលគេស្គាល់ថាជាពួក White Helmets ដែលបានទទួលរង្វាន់អន្តរជាតិ «Right Livelihood Award» កាលពីថ្ងៃព្រហស្បតិ៍ក្នុងការទទួលស្គាល់
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីជួយសង្គ្រោះនិងផ្តល់ការថែរក្សាខាងវេជ្ជសាស្ត្រដល់ពួកជនដែលបានត្រូវរបួសក្នុងការវាយប្រហារតាមអាកាសទាំងនេះ៕