មន្ត្រីយោធាកំពូលរបស់អាមេរិកបានថ្លែងថា រុស្ស៊ីត្រូវទទួលខុសត្រូវខ្ពស់បំផុតចំពោះការវាយប្រហារតាមអាកាសទៅលើក្បួនមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរី ហើយលោកមិនពេញចិត្តក្នុងការចែករំលែកយោធាសម្ងាត់ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីជុំវិញជម្លោះនៅក្នុងប្រទេសស៊ីរីនោះទេ។
លោកឧត្តមសេនីយ៍ Joseph Dunford ប្រធាននាយអគ្គសេនាធិកា បានចេញខ្លួនធ្វើជាកសិណសាក្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា៖ «យន្តហោះចម្បាំងពីរគ្រឿងរបស់រុស្ស៊ីស្ថិតនៅក្នុងតំបន់នោះ នៅពេលដែលក្បួនមនុស្សធម៌របស់អង្គការសហប្រជាជាតិរងការវាយប្រហារ»។
លោក Dunford បានថ្លែងបន្ថែមថា រុស្ស៊ីក៏ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃច័ន្ទនៅក្បែរទីក្រុង Aleppo ដែលបានបំផ្លិចបំផ្លាញរថយន្តធុនធ្ងន់ចំនួន១៨គ្រឿង។ លោកបានថ្លែងថា៖ «ខ្ញុំមិនអាចនិយាយឲ្យប្រាកដប្រាជាថាជារុស្ស៊ីតែម្តងនោះទេ ប៉ុន្តែវាអាចជារុស្ស៊ី ឬក៏របបលោក Assad តែម្តង»។ ស៊ីរី និងរុស្ស៊ីបានធ្វើការបដិសេធមិនពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះនោះទេ។
ក្នុងខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការសហការគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានគេមើលឃើញតាមរយៈបទឈប់បាញ់គ្នាដែលទទួលបរាជ័យនៅក្នុងប្រទេសស៊ីរីនោះ លោក Dunford បានថ្លែងថា៖ «ខ្ញុំជឿថា វាមិនមែនជាគំនិតល្អក្នុងការចែករំលែកយោធាសម្ងាត់ជាមួយនឹងរុស្ស៊ីនោះទេ»៕