ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​ស្ថាប័ន​សារព័ត៌មាន​មួយ ក្រោយ​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា​ម្នាក់


រូបភាពនៃគេហទំព័ររបស់បណ្តាញសារព័ត៌មានអនឡាញខ្មែរខូវឺធីវី (KCTV)។
រូបភាពនៃគេហទំព័ររបស់បណ្តាញសារព័ត៌មានអនឡាញខ្មែរខូវឺធីវី (KCTV)។

ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​អាជ្ញា​បណ្ណ​របស់​សារព័ត៌មាន​អនឡាញ​មួយ​ឈ្មោះ ខ្មែរ​ខូវឺ​ធីវី​ (KCTV) ខណៈ​ចាងហ្វាង​សារព័ត៌​មាន​មួយ​នេះ​មាន​ជម្លោះ​ជាមួយ​ឧកញ៉ា ឡេង ណាវ៉ា​ត្រា រឿង​ចុះ​ផ្សាយ​អត្ថបទ​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​របស់​ឧកញ៉ា​ម្នាក់​នោះ​នៅក្នុង​ខេត្ត​កណ្តាល។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ​ដែល​វីអូអេ​ទទួល​បាន។

ក្រសួង​ព័ត៌មាន​មិន​បាន​បញ្ជាក់​មូលហេតុ​ចំៗ​នៃ​ការ​សម្រេច​លុប​ចោល​អាជ្ញាបណ្ណ​នេះ​ទេ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​ សារព័ត៌មាន​មួយ​នេះ«បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាន​យ៉ាង​ធ្ងន់​ធ្ងរ និង​មិន​ព្រម​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ក្រសួង​ជា​អាណាព្យាបាល​ម្តង​ជាពីរ​ដង ដែល​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​នៅ​ឡើយ​ទេ។

កាលពី​ចុងខែធ្នូ ឆ្នាំ២០២២ ស្ថាប័ន​ព័ត៌មាន​ខូវឺធីវី ​(KCTV) ​រង​ការ​ព្រមាន​ប្តឹង​ផ្តល់ពី​ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ប្រសិន​បើ​ស្ថាប័ន​នោះ​មិន​លុប​ចោល​វីដេអូ​ព័ត៌មាន ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​កន្លង​ទៅ។

ស្ថាប័ន​នោះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ឃ្លីប​វីដេអូ ​និង​អត្ថបទ​ដែល​បាន​រាយ​ការណ៍​ថា ​ក្រុម​ហ៊ុន​របស់​លោក​ ឡេង ណាវ៉ាត្រា ​បាន​ធ្វើ​ផ្លូវ​ចាក់​លុប​ព្រែក ​និង​វាយ​កម្ទេច​ស្ពាន ​នៅ​ឃុំ​បឹង​គ្រំ ​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល។ ការ​ចុះ​ផ្សាយ​នេះ​នាំ​ឱ្យ​មាន​ប្រតិកម្ម​ពី​លោក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ​ដែល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ជា​បន្ត​បន្ទាប់ ​និង​ព្រមាន​ប្តឹង​សារ​ព័ត៌មាន​អនឡាញ​នេះ​ផង​ដែរ។​

លោក​ មិន ឃឿន ​ចាង​ហ្វាង​នៃ​អង្គភាព​សារ​ព័ត៌មាន​ KCTV ធ្លាប់​បាន​ការពារ​អត្ថបទ​ផ្សាយ​របស់​លោក និង​ជំរុញ​ឱ្យ​មាន​ការ​បក​ស្រាយ​ពី​លោក ​ឡេង ណាវ៉ាត្រា​ ព្រម​ទាំង​បង្ហាញ​ឯកសារ​ត្រឹម​ត្រូវ ដើម្បី​ឱ្យ​ស្ថាប័ន​កែ​តម្រូវ​ ប្រសិន​បើ​ព័ត៌មាន​ដែល​បាន​ផ្សាយ​កាល​ពី​កន្លង​ទៅ ​មិន​មែន​ជា​ការ​ពិត។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ មិន ឃឿន បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG