ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ប្រកាស​ចូល​និវត្តន៍​ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ


លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា។

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ខៀវ​ ​កាញារីទ្ធ​ បាន​ប្រកាស​ឈប់​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ ​នា​អណត្តិ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​​ឆ្នាំ​២០១៨​។​

ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​លោក​ ខៀវ​ ​កាញារីទ្ធ​ បាន​ប្រកាស​ឈប់​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ ​នា​អណត្តិ​ក្រោយ​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៨​ សហ​សេវិក ​និង​អ្នក​ព័ត៌មាន​ឯករាជ្យ​ ​យល់​ថា​ នេះ​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​រូប​លោក​ផ្ទាល់​ ដែល​បាន​បំពេញ​ការងារ​ក្នុង​វិស័យ​ដ៏​មាន​ឥទ្ធិពល​នេះ​ជា​ច្រើន​ឆ្នាំ។​ ក៏​ប៉ុន្តែ​អ្នក​ដែល​អាច​ទទួល​តំណែង​បន្ត​ពី​រដ្ឋ​មន្រ្តីរូប​នេះ​នៅ​តែ​ជា​ចម្ងល់​នៅ​ឡើយ។

ការ​លើក​ឡើង​នេះ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ព័ត៌​មាន​ ខៀវ កាញារីទ្ធ ​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រ​កាស​នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយកាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នា​ក្រសួង​ព័ត៌មាន​ថា​ លោក​នឹង​មិន​ទទួល​ភារកិច្ចជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ទៀត​ទេ ​ក្នុង​អណត្តិ​ក្រោយ​ដោយ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដឹក​នាំ​ ហើយ​ដោយ​សារ​លោក​បាន​កាន់​តំ​ណែង​នេះ​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​រួច​មក។​

​លោក​ អ៊ុក គឹមសេង​ ​អនុ​រដ្ឋ​លេខាធិកា​ក្រសួង​ព័ត៌មាន​ដែល​បាន​ចូល​រួម​ក្នុង​ពិធីនោះ​បាន​បញ្ជាក់​ថា៖​ ​«គាត់​និយាយ​ជា​ញឹកញាប់​កន្លង​មក​ប្រាប់​សហការី​នៅ​ក្នុង​ក្រសួង​ហ្នឹង​ណា​ ​តែ​កាល​ពី​ម្សិល​មិញ​នៅ​ពិធី​ជួប​ជុំ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ខេត្ត​រាជ​ធានី​ហ្នឹង ​គាត់​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​អណត្តិ​ហ្នឹង​ ក្រោយ​ពី​អណត្តិ​ហ្នឹង​គាត់​នឹង​ឈប់។​ គាត់​នឹង​សុំ​សម្រាក​ហើយ​ ​គាត់​ឈប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​បន្ត​ទៅ​ទៀត​ទេ»។​

លោក​ កឹម​ គុណវឌ្ឍ​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ​បាន​បញ្ជាក់​ប្រាប់​VOA​ នា​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​ថា​ បន្ទាប់​ពី​ប្រកាស​ថា​ឈប់​បន្ត​ភារកិច្ច​នា​ឆ្នាំ​២០១៨​ ​លោក ​ខៀវ កាញារីទ្ធ​ ក៏​បាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌​មាន​រដ្ឋទាំង​អស់​ត្រូវតែ​ពង្រឹង​វិជ្ជា​ជីវៈ​សារព័ត៌មាន​របស់​ខ្លួន។​

​«លោក​សុំផ្តាំ​ផ្ញើ​ថា​ឲ្យ​អ្នក​ដែល​ប្រកប​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌​មាន​ហ្នឹង​ ត្រូវខិតខំ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង ​ហើយ​ពង្រឹង​ការងារ​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន​នេះ»។​

លោក ​ខៀវ កាញារីទ្ធ​ វ័យ​៦៥ឆ្នាំ​ ​ដែល​ជា​អតីត​អ្នក​សារ​ព័ត៌​មាន​ ​ត្រូវ​បាន​រដ្ឋា​ភិបាល​លោក​ ហ៊ុន សែន​ តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ចាប់​តាំង​ពី​អណត្តិ​ទី៣នា​ឆ្នាំ​២០០៣​មក​ បន្ទាប់​ពី​បាន​កាន់​តំ​ណែង​ជា​រដ្ឋលេខា​ធិការ​នៃ​ក្រសួង​មួយ​នេះ​ចាប់តាំង​ពី​ការ​បោះ​ឆ្នោត​លើកទី១ ​នា​ឆ្នាំ​១៩៩៣​មក។ លោក​បាន​បំពេញ​ភារៈកិច្ច​ជា​អ្នក​យក​ព័ត៌មាន​ ក្រោយ​ពេល​ការ​ដួល​រលំ​នៃ​របប​ខែ្មរ​ក្រហម​ ​និង​ជា​ចាង​ហ្វាង​កាសែត​កម្ពុជា​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​ផង​ដែរ។

នៅ​ក្នុង​ភារកិច្ច​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល ​និង​រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ​លោក​ ខៀវ កាញារីទ្ធ​ ធ្លាប់​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ចំអក ​និង​ស្តី​បន្ទោស​ជា​សាធារណៈ​ជា​ច្រើន​លើក​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​មិន​ល្អ​មួយ​ចំនួន​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ។​

VOAមិន​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ ខៀវ កាញារីទ្ធ​ បាន​ទេ។​

លោក​ អ៊ុក គឹមសេង​និង​ ​លោក​ កឹម គុណវឌ្ឍ​ ​បាន​បញ្ជាក់​ថា​ខ្លួន​មិន​ទាន់​បាន​ដឹងអំ​ពី​អ្នក​ដែល​អាចបន្តតំ​ណែង​ពី​លោក​ ខៀវ កាញារីទ្ធ ​នៅ​ឡើយ​នោះ​ទេ ​ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​ភារកិច្ច​អ្វី​ផ្សេង​ទៀត​សម្រាប់​លោក​ផង​ដែរ។

លោក​ កឹម គុណវឌ្ឍ​ បាន​ថ្លែងថា​ ការបញ្ចប់​ភារកិច្ច​របស់​លោក​ ខៀវ កាញារីទ្ធ​ គឺ​មិន​មែន​ជា​ការ​បាត់​បង់​អ្នក​ដែល​មាន​បទ​ពិសោធន៍​ដ៏​យូរ​អង្វែង​ក្នុង​វិស័យ​សារព័ត៌មាន​នោះ​ទេ។

«ខ្ញុំ​ថា នេះ​គឺ​មិន​បាន​បាត់បង់​ទេ​ដែរ។ នេះគឺ​ជា​ការ​ដែល​យើង​ទទួល​បាន​ព្រឹទ្ធាចារ្យ​ដែល​បាន​បូជា​ជីវិត​របស់​លោក​យ៉ាង​ដ៏​វែង​ ​ជាង​ពាក់​កណ្តាល​ជីវិត​ទៅ​ក្នុង​វិស័យ​សារព័ត៌​មាន។ យើង​ចាត់​ទុក​ថា​នេះ​គឺ​ជា​ផ្នែក​សារព័ត៌​មាន​ខ្មែរ​មួយ​រូប​ដែល​បាន​បំពេញ​មុខវិជ្ជាជីវៈ​វែង​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​រដ្ឋ»។

លោក​ មឿន ឈានណារិទ្ធ​ អ្នក​សារ​ព័តមាន​ឯករាជ្យ​ និង​ជាប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ ​បាន​ប្រាប់​VOA​ ​ថា​ការ​បញ្ចប់​ភារកិច្ច​របស់​លោក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​គឺ​ជា​រឿង​ត្រឹម​ត្រូវ ដែល​ប្រទេស​ប្រជា​ធិបតេយ្យ​គួរ​ធ្វើ ស្រប​ពេល​ដែល​លោក​រដ្ឋ​មន្ត្រី​រូប​នេះ​មាន​វ័យ​ចំណាស់​នោះ។

ក៏ប៉ុន្តែ សម្រាប់​លោក​ផ្ទាល់​គឺ​មាន​ការ​សោក​ស្តាយ​ដោយ​លោក​ ខៀវ កាញារីទ្ធ ​បាន​បំ​ពេញ​តួនាទី​កណ្តាល​ និង​ជួយ​ការពារ​អ្នក​សារព័ត៌មាន​ក្នុង​ការ​បំពេញ​ព័ត៌មាន​វិជ្ជាជីវៈ​របស់​ខ្លួន។

«ក្នុង​កាលៈទេសៈ​ហ្នឹង​ យើង​អត់​ទាន់​ដឹង​ថា​ គាត់​មាន​តំណែង​ អ្វី​ដែល​ជំនួស​នោះ​ទេ។​ តែ​សម្រាប់​ខ្ញុំ​ គឺ​គ្មាន​តំណែង​អ្វី​ដែល​សម​ស្រប​សម្រាប់​គាត់​ ជាង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នោះ​ទេ​ គឺ​អត់​ទាន់​មាន​ទេ​ ​ហើយ​ក៏​មិន​ទាន់​មាន​នរណា​ម្នាក់​ដែល​ទទួល​តំណែង​ជំនួយ​គាត់​ជា​រដ្ឋមន្ត្រី​ក៏​សួង​ព័ត៌​មាន​នោះ​ដែរ»។​

ក៏ប៉ុន្តែ​ លោក​ មឿន ឈានណារិទ្ធ​ ​បាន​លើក​ជា​សំណួរ​ថា​ តើ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នា​អណត្តិ​ទី៦​ ឆ្នាំ​២០១៨​ ​នោះ​នឹង​អាច​ជួយ​ការពារ​អ្នក​សារព័ត៌មាន​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​កម្រិត​ណា​ដែរ៕

XS
SM
MD
LG