ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​ការធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ប្រព័ន្ធ​ឌីជីថល​លើ​អ្នកកាសែត


រូបឯកសារ៖ អ្នក​កាសែត​កម្ពុជា​ប្រើប្រាស់​ទូរស័ព្ទទំនើប (smart phone) សម្រាប់​រាយការណ៍​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៦។​ (វីអូអេ)
រូបឯកសារ៖ អ្នក​កាសែត​កម្ពុជា​ប្រើប្រាស់​ទូរស័ព្ទទំនើប (smart phone) សម្រាប់​រាយការណ៍​ព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៦។​ (វីអូអេ)

អ្នក​កាសែត​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​អំពី​ការ​ដាក់​សម្ពាធ​តាម​ប្រព័ន្ធ​ឌីជីថល​របស់​អាជ្ញាធរ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​តាម​រយៈ​ការ​បង្កើត​បទ​បញ្ញតិ្ត​ផ្សេងៗ​ និង​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្តល់​នូវ​សេរី​ភាព​ពេញ​លេញ​ដល់​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ​ដែល​កំពុង​ធ្វើ​ការ​ដើម្បី​ការពារ​ប្រយោជន៍​ប្រជា​ពលរដ្ឋ​និង​សង្គម​ជាតិ។​

កាល​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០២២ ​សមាគម​អ្នក​សារ​ព័ត៌មាន ​និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៦​ស្ថាប័ន​បាន​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ ក្រោម​ប្រធាន​បទ​«សារ​ព័ត៌មាន​ក្នុង​សម្ពាធ​ឌីជីថល» ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ នៅ​រាជ​ធានី​ភ្នំពេញ។​
នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​ខេមបូចា ​(CamboJa)​ លោក​ ណុប វី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ប្រធាន​បទ​«សារ​ព័ត៌មាន​ក្នុង​សម្ពាធ​ឌីជីថល»​នេះ​គឺ​ត្រូវ​បាន​ពិភពលោក​ទាំង​មូល​យក​ទៅ​ពិភាក្សា​ ពោល​គឺ​មិន​មែន​ធ្វើ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។​

លោក​បន្ថែម​ថា​ ការ​ផ្សព្វផ្សាយ​ដំណឹង​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​កំពុង​តែ​មាន​ការ​ពេញ​និយម​សម្រាប់​អ្នក​សារ​ព័ត៌មាន​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។​
ទោះ​ជា​យ៉ាង​ណា​ អ្នក​ការពារ​សិទ្ធិ​សារ​ព័ត៌មាន​រូប​នេះ​កត់​សម្គាល់​ថា​ សេរីភាព​សារ​ព័ត៌មាន​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​ហាក់​មិន​មាន​ភាព​ទូលំ​ទូលាយ​នោះ​ទេ​ ខណៈ​រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​បង្កើត​ច្បាប់​ក៏​ដូច​ជា​អនុក្រឹត្យ​មួយ​ចំនួន​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ និង​សេរីភាព​ផ្សព្វផ្សាយ​ដំណឹង​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា។​

លោក​ផ្តល់​សេចក្តី​ពន្យល់​បន្ថែម​ថា៖​ «ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​ក៏​កំពុង​តែ​រៀបចំ​នូវ​ច្បាប់​មួយ​ចំនួន​ក៏​ដូច​ជា​អនុក្រឹត្យ​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​រួម​តូច​ទៅ​ដល់​សេរី​ភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល។​ ហ្នឹង​ទី១។ ​ ទី២​ អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​ឬ​មួយ​ក៏​ប្រឆាំង​ជា​មួយ​នឹង​អ្នក​ប្រើ​ប្រាស់ប្រព័ន្ធ​ឌីជីថល​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន។ ​អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក ​យើង​តែងតែ​ទទូច​ ទាម​ទារ​ឱ្យ​មាន​ការ​បើក​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​រវាង​អ្នក​ធ្វើ​គោល​នយោបាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​ក៏​ដូច​ជា​អង្គការ​សារ​ព័ត៌មាន​ហ្នឹង»។​

ដំណាល​គ្នា​នឹង​ការ​ប្រារព្ធ​ទិវា​សាកល​នេះ ​កិច្ច​ពិភាក្សា​ជជែក​ដេញ​ដោល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​ អ្នក​សារ​ព័ត៌មាន ​អង្គការ​សង្គម​ស៊ីវិល ​សិស្ស​និស្សិត ​តំណាង​រដ្ឋាភិបាល​ និង​ស្ថានទូត ​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ដើម្បី​ឈ្វេង​យល់​ អំពី​ ផល​ប៉ះពាល់​នៃ​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ីនធើណិត​ជាតិ​ (NIG) ​និង​អនុ ក្រឹត្យ​ទិន្នន័យ​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ (PIG) លើ​សេរីភាព​សារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ការ​រាយ​ការណ៍​អំពី​ការ​បោះឆ្នោត​ និង​ក្រម​សីលធម៌​របស់​អ្នក​សារ​ព័ត៌មាន​ និង​ការ​ទុក​ជឿ​ទុក​ចិត្ត​ជា​សាធារណៈ។​

ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CCIM ​លោក​ អ៊ិត សូធឿត ​ដែល​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ និយាយ​ថា​ សារ​ព័ត៌មាន​ឌីជីថល​គឺ​ជា​ទំនោរ​មួយ​ថ្មី​ដែល​ក្នុង​ការ​បើក​ដំណើរការ​មាន​ភាព​ងាយ​ស្រួល​ជាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ប្រពៃណី​ដូច​ជា​កាសែត​ និង​វិទ្យុ​ជាដើម។​

ក៏​ប៉ុន្តែ​ លោក​ថា​ ស្ថាប័ន​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​គឺ​មាន​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ គ្រា​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ចេញ​ផ្សាយ​សេចក្តី​រាយ​ការណ៍​ឯករាជ្យ ​និង​មាន​លក្ខណៈ​រិះ​គន់​ពី​ភាព​ឆក​ល្វែង​របស់​រដ្ឋាភិបាល​គឺ​មាន​តិច​តួច​ ហើយ​ថែម​ទាំង​រង​ការ​គំរាម​កំហែង​ ការ​រឹត​ត្បិត​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ទម្រង់​ផ្សេងៗ​ផង​ដែរ។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា៖​«យើង​ឃើញ​ថា​មិន​ថា​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ប្រពៃណី​ឬ​ក៏​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អនឡាញ​ទេ​ យើង​ឃើញ​ថា​ ភាគ​ច្រើន​គឺ​ស្ថាប័ន​ដែល​មាន​និន្នាការ​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​ដូច​ជា​មាន​ចំនួន​ច្រើន​លើស​លប់។​ ហ្នឹង​ទី១។​ ទី២​ សារ​ព័ត៌មាន​ដែល​មាន​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​នៅ​តែ​រង​បញ្ហា​ប្រឈម​ផ្សេងៗ​ ​ដូច​ជា​សារ​ព័ត៌មាន​ដែល​គាត់​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ឬ​ក៏​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង​គឺ​បន្ត​បន្ទាប់​គាត់​តែង​តែ​រង​ការ​បង្ខំ​ឱ្យ​បិទ​ឬ​ក៏​ត្រូវ​ក្រុមហ៊ុន​អ៊ីនធើណិត​បិទ​មិន​ឱ្យ​ដំណើរការ​ website ​[គេហ​ទំព័រ]​ហ្នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

កាល​ពី​ខែ​មេសា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ​ដោយ​បង្ហាញ​ថា​ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សារ​ព័ត៌មាន​បាន​«រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ»​ នៅ​ចន្លោះ​ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ដល់​ខែ​សីហា​ ឆ្នាំ​២០២១។​

របាយ​ការណ៍​ជា​ភាសា​ខ្មែរ ​កម្រាស់​៦៦​ទំព័រ​ ចេញ​ផ្សាយ​នៅ​ខែ​មេសា​នេះ ​ឱ្យ​ដឹង​ថា ​ស្ថាប័ន​សារ​ព័ត៌មាន​ចំនួន​៧​ ត្រូវ​បាន​ដក​ហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​៩​នាក់​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​១៧​នាក់ ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ពី​«ការ​គាប​សង្កត់​មិន​ឈប់​ឈរ»​ និង​«គោល​ការណ៍​មិន​អត់​ឱន​ចំពោះ​មតិ​រិះគន់​ពី​សំណាក់​រដ្ឋាភិបាល»។​
របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ថា ​ ការ​គាប​សង្កត់​នោះ​នៅ​ក្រោម​រូបភាព​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ដូច​ជា​ការ​កោះ​ហៅ​ដោយ​អាជ្ញាធរ​ ការ​សួរ​ចម្លើយ​ ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន​ ការ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ ការ​ចោទ​ប្រកាន់ ​និង​ការ​ផ្តន្ទា​ទោស។​ ​

ចាង​ហ្វាង​គេហ​ទំព័រ​កម្ពុជា​ថ្ងៃ​នេះ​ លោក​ ទូច យុទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​រិះ​គន់ពី​ភាព​អ​សកម្ម​ក៏​ដូច​ជា​សម្មភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ និង​មន្ត្រី​ខិលខូច​គឺ​នៅ​តែ​រង​ការ​គំរាម​កំហែង​ រឹតត្បិត​ រហូត​ឈាន​ដល់​ការ​ដក​អាជ្ញា​បណ្ណ​ផង​ដែរ។ ​តួយ៉ាង​ ស្ថាប័ន​ព័ត៌មាន​របស់​លោក​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដកហូត​អាជ្ញា​បណ្ណ​ដោយ​សារ​តែ​ចុះ​ផ្សាយ​អំពី​ការ​ដេញ​ថ្លៃ​សម្ភារៈ​ផ្គត់ផ្គង់​នៅ​ក្រសួង​ការងារ​ដែល​មាន​លក្ខណៈ​មិន​ប្រក្រតី ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បាត់​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​នៅ​ក្នុង​មួយ​ឆ្នាំៗ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ មាស សុភ័ណ្ឌ​ថ្លែង​ថា ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​អនឡាញ​ត្រូវ​បាន​រឹត​ត្បិត​នោះ​ ជា​ការ​លើក​ឡើង​ ដែល​ពុំ​ត្រឹម​ត្រូវ​ និង​មិន​ឆ្លុះ​បញ្ចាំង​ពីស្ថានភាព​ពិត​អំពី​បរិយាកាស​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ។​

លោក​ផ្តល់​ការ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ក្នុង​ន័យ​ដើម​ថា៖​«សេរីភាព ​សារ​ព័ត៌មាន​ នៅ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​ធានា ការពារ​យ៉ាង​គត់មត់​ ដោយ​ច្បាប់​របប​ សារ​ព័ត៌មាន​ ​ច្បាប់​ និង​ លិខិត​បទដ្ឋាន​គតិ​យុត្តិ​នានា​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ តាម​រយៈ​នេះ ​ អ្នក​សារ​ព័ត៌មាន និង​អង្គ​ភាព​សារ​ព័ត៌មាន​គ្រប់​និន្នាការ​ និង​ភាព​ចម្រុះ ​អាច​បំពេញ ​តួនាទី​ ភារកិច្ច​ និង​អនុវត្ត​សេរីភាព​របស់​ពួក​គេ​ ដោយ​សេរី​ និង​ស្មើ​ភាព​គ្នា ​បាន​គ្រប់​ទីកន្លែង​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា ​និង​ពុំ​មាន​ការ​រើស​អើង​ ឬ​បំពាន​សិទ្ធិ ​សេរីភាព​ ឬ​រឹតត្បិត​ដូច​ការ​ លើក​ឡើង​ របស់ ​អង្គការ​ទាំង​នេះ ​នោះ​ទេ»។​

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤ ​ក្នុង​ចំណោម​១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​សាកល​ឆ្នាំ​២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​នេះ​ អង្គការ​នេះ​ឱ្យ​ដឹង​ថា​ ​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៤២​ក្នុង​ចំណោម​១៨០​ប្រទេស៕

XS
SM
MD
LG