ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានចាត់ទុកអ្នកបញ្ចេញព័ត៌មានសម្ងាត់ជាអ្នកក្បត់ជាតិ ខណៈដែលលោកស្រី Maxine Water សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រកាសថា គេចាំបាច់ចាប់ប្រធានាធិប តីត្រាំ ដាក់គុកហើយនឹងដាក់នៅក្នុងទីកន្លែងមួយនៅក្នុងការឃុំឃាំងតែម្នាក់ឯង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនិងមនុស្សខ្លះដែលចង់ឲ្យមានការប្តឹងលោកទម្លាក់ចេញពីដំណែងកំពុងចោទប្រកាន់គ្នាទៅវិញទៅមកពីការ«ក្បត់ជាតិ» និងពីការគំរាមកំហែងដល់សន្តិសុខជាតិ។ ស្របពេលជាមួយគ្នានេះពួកអ្នកវិភាគ ព្រ មានថា ភាសាបែបនេះ អាចធ្វើឲ្យមានគ្រោះថ្នាក់ដែលមិនអាចកែបានដល់របៀបរៀបចំខាងស៊ីវិលនិងនយោបាយរបស់ប្រទេសជាតិ។
លោក John Malcolm អនុប្រធានវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងរដ្ឋធម្មនុញ្ញនៃមូលនិធិ Heritage បាននិយាយថា «ការជជែកអំពីការក្បត់ជាតិនិងការបះបោរប្រដាប់អាវុធដ៏ខ្លាំង អាចធ្វើឲ្យគាប់ចិត្តខាងនយោបាយសម្រាប់ភាគីមួយ ឬភាគីផ្សេងទៀត ក៏ប៉ុន្តែ ការណ៍នេះ នាំឲ្យមានគ្រោះថ្នាក់»។
លោកប្រធានាធិបតីត្រាំ បានចោទប្រកាន់អ្នកបញ្ចេញព័ត៌មានសម្ងាត់និងពួកមន្រ្តីផ្សេងទៀតដែលចោទប្រកាន់ថា លោក បានដាក់ការគាបសង្កត់មេដឹកនាំប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតគូប្រជែងខាងនយោបាយដ៏សំខាន់របស់លោកនោះថា ជា ជនក្បត់ជាតិហើយបាននិយាយថា ពួកគេត្រូវតែកាត់ទោស។ ហើយកាលពីចុងសប្តាហ៍មុន លោកប្រធានាធិបតី បានផ្សព្វផ្សាយឡើងវិញនូវសារតាម Twitter របស់ បព្វជិតវិហារសាសនាគ្រឹស្តដ៏ធំមួយនៅរដ្ឋតិចសាសដែលបព្វជិតនោះ បានព្រមានថា ការប្តឹងចោទប្រកាន់ប្រធានាធិបតីទម្លាក់ចេញពីតំណែងនឹង «ធ្វើឲ្យមានសង្គ្រាមស៊ីវិល»ដូចជាការបែកបាក់ដែលនឹងមិនអាចជាសះបានឡើយ។
ពួកមេដឹកនាំជាន់ខ្ពស់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត បានវាយបកទៅលើលោកប្រធានាធិបតីត្រាំវិញ រួមមានលោកស្រី Maxine Waters សមា ជិកសភានៃរដ្ឋកាលីហ្វ័រញ៉ា ដែលជាសមាជិកសភាមុនដំបូងគេ អំពាវនាវឲ្យប្តឹងចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីត្រាំចេញពីតំណែង។ លោកស្រី បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍មុនថា «លោកត្រាំ ត្រូវតែជាប់គុកហើយនឹងដាក់នៅក្នុងការឃុំឃាំងដាច់តែឯង»។
លោក David B. Cohen ជាសាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យAkron បាននិយាយថា «សូម្បីតែលោកប្រធានាធិបតី Lincoln ក្នុងអំឡុងនៃសង្គ្រាមស៊ីវិល ក៏មានការប្រយ័ត្នប្រយែងអំពីភាសារបស់លោកដែរ។ លោកនិយាយថា លោកប្រធានាធិបតីត្រាំកំពុងប្រើភាសាមិនសម្យគួរដូចជា«ការក្បត់ជាតិនិងសង្គ្រាមស៊ីវិល»ដែលមានគ្រោះថ្នាក់បំផុតហើយអាចត្រូវបានបកស្រាយដោយពួកអ្នកគាំទ្រពិតប្រាកដខាងហឹង្សារបស់លោកថា ជាការអំពាវនាវឲ្យមានចំណាត់ការបែបនេះមែន»។
លោកប្រធានាធិបតីត្រាំ ក៏បានទទួលរងការចោទប្រកាន់ថា បានបង្កើតនូវទ្រឹះស្តីនៃការឃុបឃិតដែលគេយល់ឃើញជាទូទៅថា មិនត្រឹមត្រូវដែលទ្រឹស្តីនោះរួមមានការព្យាយាមប្រែក្រឡៃនូវការលើកឡើងអំពីរឿងអ៊ុយក្រែន ដោយចោទប្រកាន់ប្រភពនៅក្នុងរដ្ឋាភិបាលក្រុងគាវនៃការស៊ើបអង្កេតដែលបានភ្ជាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៦របស់លោកនិងរដ្ឋាភិបាលក្រុងម៉ូស្គូ។
លោកប្រធានាធិបតីត្រាំ ក៏កំពុងទាមទារឲ្យមានការស៊ើបអង្កេតលោកJoe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនាំមុខ ចំពោះការចោទប្រកាន់ពីការគាបសង្កត់រដ្ឋាភិបាលអ៊ុយក្រែនដែលគ្មានភស្តុតាង ខណៈដែលធ្វើជាអនុប្រធានាធិបតីរបស់លោកបារ៉ាក់ អូបាម៉ា។ លោក Thomas Bossert ដែលជាអតីតទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីដែលបានធ្វើជាទីប្រឹក្សាសន្តិសុខជាតិលើកដំបូងរបស់លោកត្រាំ បាននិយាយកាលពីចុងសប្តាហ៍មុនថា បុគ្គលិកផ្ទាល់របស់លោកប្រធានាធិបតីត្រាំ បានព្រមានម្តងហើយម្តងទៀតថា ទ្រឹស្តីការឃុបឃិតជាមួយអ៊ុយក្រែន ជារឿងដែលគ្មាននរណារកឃើញភស្តុតាងអ្វីសោះ។ លោក Bossertបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក «មានការរំខានយ៉ាងខ្លាំង»ដែលលោកប្រធានាធិបតីត្រាំ បានបន្តគាបសង្កត់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីឲ្យបានព័ត៌មាននេះ»។
លោកMark Cheathemជាសាស្ត្រាចារ្យប្រវត្តិសាស្រ្តសាកលវិទ្យាល័យ Cumberland បាននិយាយថា «ប្រធានាធិបតីនាពេលមុន ក៏បានប្រើពាក្យសម្តីរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតដែរ។ លោកបានហៅភាសារបស់លោកត្រាំ នៅពេលនេះថា មានគ្រោះថ្នាក់ខ្លាំងណាស់»។
លោក Cheathemប្រាប់ VOA ថា លោកប្រធានាធិបតី Andrew Jacksonជឿថា ធនា គារជាតិ បានប្រើថវិការបស់រដ្ឋាភិបាលដើម្បីទិញសន្លឹកឆ្នោត។ មុនពេលក្លាយជាប្រធានាធិបតី លោក Abraham Lincoln បានព្រមានពលរដ្ឋអាមេរិកាំងថា ការសមគំនិតធ្វើអំពើទុច្ចរិតក្នុងប្រទេសមានឡើងដើម្បីការពារស្ថាប័នទាសភាព។ អតីតប្រធានាធិបតី៣រូបដែលបានប្រឈមការប្តឹងទម្លាក់ចេញពីតំណែងមាន (ប្រធានាធិបតី Andrew Jackson, Richard Nixon និងBill Clinton)ក៏បានប្រើវោហាសាស្រ្តការសមគំនិតធ្វើអំពើទុច្ចរិតនៅក្នុងការការពារខ្លួនរបស់លោកផ្ទាល់នៅពេលដែលពួកអស់លោកបានប្រឈមលទ្ធភាពនៃការដកចេញពីតំណែង។
លោក Cheathem មានប្រសាសន៍ទៀតថា ការប្រើវោហាសាស្រ្តការសមគំនិតធ្វើអំពើទុច្ចរិតជារឿយៗរបស់លោកប្រធានាធិបតីត្រាំ ប្រាប់ឲ្យដឹងថា «លោកប្រធានាធិបតី មានការឆាប់ជឿយ៉ាងខ្លាំងហើយនឹងនិយាយទ្រឹស្តីនៃការសមគំនិតធ្វើអំពើទុច្ចរិតម្តងហើយម្តងទៀតដោយផ្អែកលើអ្វីដែលលោក បានអាននៅតាមបណ្តាញព័ត៌មានសង្គមឬមើលទូរទស្សន៍ឬមួយក៏លោកគិតថា ពលរដ្ឋអាមេរិកាំង ជឿថា អ្វីៗដែលលោក ប្រាប់ពួកគេ ទោះបី វាមិនសមហេតុសមផលនិងគ្មានភស្តុតាងក៏ដោយ»។
លោក Cheathem អះអាងថា ប្រសិនបើលោកត្រាំ ជឿតាមព័ត៌មានសង្គមឬទូរទស្សន៍ នោះ លោកប្រធានាធិបតីត្រាំ មិនបានប្រើការគិតគូឲ្យបានហ្មត់ចត់ដើម្បីធ្វើការសម្រេចទេ ហើយ ការណ៍នេះ អាចបំភ័យយើងទាំងអស់គ្នា។ ប្រសិនបើ លោកគិតថា ពលរដ្ឋអាមេរិកាំងជឿសម្តីលោកទាំងអស់នោះ លោកប្រធានាធិបតីត្រាំ មានចេតនាភូតកុហកប្រជាពលរដ្ឋអាមេរិកាំងដើម្បីការពារខ្លួនដោយមិនគិតអ្វីទាំងអស់។
នៅក្នុងបណ្តាញទូរទស្សន៍ខ្សែកាបនិងបណ្តាញព័ត៌មានសង្គម សម្ព័ន្ធមិត្តរបស់ប្រធា នាធិបតីត្រាំ ដូចជាលោក Newt Gingrich អតីតប្រធានសភាតំណាងរាស្រ្ត បានពណ៌ នាការជំរុញឆ្ពោះទៅកាន់ការប្តឹងចោទប្រកាន់ប្រធានាធិបតីទម្លាក់ចេញពីតំណែងរបស់គណបក្សប្រជាធិបតេយ្យថា «ជារដ្ឋប្រហាររបស់សភា»។ ក្នុងសារតាម Twitter កាលពីរសៀលថ្ងៃអង្គារសប្តាហ៍មុន លោកប្រធានាធិបតីត្រាំ បាននិយាយចំៗ ដោយប្រកាសថា «នៅពេលដែលខ្ញុំ ដឹងកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ខ្ញុំសន្មត់ថា អ្វីដែលកំពុងកើតឡើងមិនមែនជាការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងទេ។ នេះជារដ្ឋប្រហារ»។
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោកប្រធានាធិបតីត្រាំ បានរិះគន់ចំៗលើសមាជិកសភាម្នាក់ដែលកំពុងដឹកនាំការស៊ើបអង្កេតក្នុងការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងនៅក្នុងសភាតំណាងរាស្រ្តដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យគឺលោក Adam Schiff។
លោកប្រធានាធិបតីដូណាល់ ត្រាំ កំពុងចោទសួរថាតើប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ ត្រូវតែចាប់ខ្លួនពីការក្បត់ជាតិចំពោះអ្វីដែលលោកត្រាំ បានសម្តែងនូវការមិនយល់ព្រមថាជាការនិយាយសង្ខេបមិនពិតរបស់លោក Schiff ពីការនិយាយទូរស័ព្ទរវាងលោកនិងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។
ការនិយាយទូរស័ព្ទនេះនិងពាក្យបណ្តឹងដែលទាក់ទិនការនិយាយទូរស័ព្ទមកពីអ្នកបញ្ចេញព័ត៌មានសម្ងាត់នៅក្នុងសហគមន៍ស៊ើបការណ៍សម្ងាត់ដែលលោកប្រធានាធិបតីត្រាំ ចង់រកមុខ ជាបញ្ហាដ៏សំខាន់បំផុតនៃការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងរបស់គណបក្សប្រជាធិបតេយ្យ។
ក្នុងសេតវិមាន មានការខ្វល់ខ្វាយ ក៏ប៉ុន្តែ មិនមានការទទួលស្គាល់នៃការភ្ញាក់ផ្អើលអំពីការកើនឡើងនូវការនិយាយស្តីប្រកបដោយអរិភាពរវាងលោកប្រធានាធិបតីនិងគូប្រកួតប្រជែងរបស់លោកទេ។
«ការងារដំណើរការជាធម្មតា»នេះតាមមន្រ្តីម្នាក់ដែលបានពណ៌នាពីស្ថានការណ៍នោះ។ក៏ប៉ុន្តែ មន្រ្តីម្នាក់នេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ VOA ចាត់ទុកប្រធានាធិបតីដែលមានការរកាំចិត្តយ៉ាងខ្លាំងកំពុងព្យាយាមប្រយុទ្ធយ៉ាងខ្លាំងក្លាដើម្បីឲ្យបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតនៅពេលដែលមានស៊ើបអង្កេតពីការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដោយក្រុមឆ្វេងជ្រុលនិយមដែលមានគោលបំណងដកលោកចេញពីសេតវិមាន។
ក្រុមមន្រ្តីសេតវិមាន និយាយថា ការប្តឹងចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែងនេះ កំពុងធ្វើឲ្យមានការបញ្ជូនសារតាម Twitter យ៉ាងច្រើនពីលោកប្រធានា ធិបតីត្រាំ ដែលជាអ្នកមើលមិនចេះស្កប់អំពីសេចក្តីរាយការណ៍ព័ត៌មានតាមទូរទស្សន៍ខ្សែកាបអំពីតំណែងប្រធានាធិបតីរបស់លោកប្រកបដោយភាពគ្រោះថ្នាក់។
តាមក្រុមមន្រ្តី បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីត្រាំ នឹងមិនអើពើការផ្តល់យោបល់ថា សារតាម Twitter នោះ មានភាពហួសប្រមាណពែក។
ខែកញ្ញា ជាខែរវល់ដ៏ខ្លាំងបំផុតរបស់លោកប្រធានាធិបតីត្រាំនៅលើបណ្តាញ Twitter ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៦មក។ហើយមាតិការឿងប្រកបដោយការអុជអាលតាមTwitterរបស់លោកកាលពីពេលថ្មីៗនេះ បានបណ្តាលឲ្យលោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនិងជាសមាជិកព្រឹទ្ធសភា ស្នើថា ក្រុមហ៊ុន Twitter ត្រូវតែបញ្ឈប់ខ្ទង់គណនីយរបស់ប្រធានាធិបតីត្រាំ។
លោកRush Limbaugh ជាអ្នករៀបចំកម្មវិធីពិភាក្សាសន្ទនាតាមវិទ្យុ ប្រាប់ពួកអ្នកស្តាប់របស់លោកកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេសអាមេរិក កំពុងស្ថិតក្នុងកណ្តាលនៃ«សង្គ្រាមត្រជាក់ស៊ីវិល»ជាមួយគណបក្សប្រជាធិបតេយ្យ ដែលកំពុងប្រយុទ្ធដើម្បីប្រែក្រឡាស់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៦។
លោកប្រធានាធិបតីត្រាំខ្លួនឯង បានចុះផ្សាយឡើងវិញនូវសម្តីដកស្រង់ពីលោក Robert Jeffressជាគ្រូគង្វៀលនៅព្រះវិហារ Southern Baptist ដែលជាអ្នកយកព័ត៌មានឲ្យបណ្តាញទូរទស្សន៍ Fox Newsដែលបានព្រមានពីសង្គ្រាមស៊ិវិល ប្រសិនបើ ពួកគណបក្សប្រជាធិបតេយ្យ អនុវត្តការដកប្រធានាធិបតីចេញពីតំណែងនោះ។
លោក Adam Kinzingerជាសមាជិកសភាខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្ត បានឆ្លើយតបថា «ការណ៍នេះជាការគួរឲ្យស្អប់ខ្ពើមបំផុត»។
សកម្មភាពរបស់ប្រធានាធិបតីនៅលើបណ្តាញព័ត៌មានសង្គម ក៏ហួសហេតុដែរ។ នេះតាមសាស្រ្តាចារ្យច្បាប់ដ៏ល្បីល្បាញម្នាក់។
លោក John Coatesជាសាស្រ្តាចារ្យច្បាប់នៃសាកលវិទ្យាល័យ Harvard បានសរសេរនៅលើ Twitterថា «សារតាមTwitter ជាមូលដ្ឋានឯករាជ្យសម្រាប់ការ ប្តឹងដើម្បីទម្លាក់ប្រធានាធិបតីដែលកំពុងកាន់អំណាចចេញពីតំណែងដែលគំរាមកំហែងធ្វើសង្គ្រាមស៊ីវិលប្រសិនបើសភាអនុវត្តនូវអំណាចដែលបានផ្តល់ឲ្យដោយរដ្ឋធម្មនុញ្ញនោះ»។ មានការអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ពីការបែកបាក់ខាងនយោបាយនេះ។
លោក Malcolm នៃមូលនិធិ Heritage Foundationនិងជាអតីតឧបការីរងនៅក្នុងផ្នែកព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រាប់ VOAថា «ដំណើការនៃការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែង មិនត្រូវមានបំណងធ្វើជាអាវុធខាងនយោបាយដើម្បីគណបក្សទេ។ ការណ៍នេះមានន័យថា ដើម្បីដោះស្រាយកិរិយាមិនត្រឹមត្រូវដ៏ធ្ងន់ធ្ងរដើម្បីដកប្រធានាធិបតីជាបន្ទាន់ដែលមិនសាកសមកាន់តំណែង។ ខណៈដែលប្រទេសផ្សេងទៀត អាចដកប្រមុខរដ្ឋចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតផ្តល់សេចក្តីមិនទុកចិត្ត ប្រសិនបើពលរដ្ឋលែងចូលចិត្តមេដឹកនាំនោះឬគោលនយោបាយរបស់មេដឹកនាំនោះទៀតហើយ។ យើងមិនប្រតិបត្តិប្រព័ន្ធសភាទេ។ តែផ្ទុយទៅវិញ យើង ដោះស្រាយការខ្វែងគំនិតខាងគោលនយោបាយរបស់យើងតាមរយៈការបោះ ឆ្នោតនិងដំណើរការនីតិបញ្ញត្តិ»។
លោក Cohenដែលជាអ្នករិះគន់ប្រធានាធិបតីយ៉ាងខ្លាំងនៅលើបណ្តាញTwitter និយាយថា លោករក្សាជំនឿថា សហរដ្ឋអាមេរិក នឹងគេចផុតពីកំឡុងពេលដ៏ងងឹតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសយើងដោយមិនធ្វើឲ្យមានសង្គ្រាមស៊ីវិលលើកទី២៕
ប្រែសម្រួលដោយជឹង ប៉ូជីន