សត្វឆ្កែគឺជាសម្លាញ់ដ៏ល្អរបស់មនុស្សគ្រប់គ្នា ក៏ប៉ុន្តែមនុស្សមួយចំនួនក៏ចូលចិត្តបរិភោគសាច់វានោះដែរ។ យុទ្ធនាការមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដើម្បីបញ្ឈប់ការសម្លាប់ និងបរិភោគសត្វទាំងនេះ ដោយអះអាងថា សាច់សត្វទាំងនេះផ្តល់ផលអាក្រក់ដល់សុខភាពរបស់មនុស្ស។
ក្រុមអ្នកស្រឡាញ់សត្វចិញ្ចឹម ម្ចាស់សត្វចិញ្ចឹម សកម្មជនការពារសត្វនឹងធ្វើការដើរក្បួនជាលើកដំបូងនាថ្ងៃអាទិត្យនេះនៅរាជធានីភ្នំពេញដើម្បីបញ្ឈប់ការបរិភោគសាច់ឆ្កែ និងឆ្មានៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីនេះ។
ការដើរហែក្បួននេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងការហូបសាច់ឆ្កែ និងឆ្មាទូទាំងពិភពលោកមួយ ដែលឲ្យឈ្មោះថា «Say NO to Dog Meat» មានន័យថា «បដិសេធសាច់ឆ្កែ» ដើម្បីប្រមូលការគាំទ្រឲ្យមានការបង្កើតច្បាប់មួយ និងផ្សាយពីផលវិបាកនៃការបរិភោគសាច់ទាំងនោះ ជាពិសេសសាច់ដែលមិនមានប្រភពច្បាស់លាស់ និងសាច់ឆ្កែអនាថា។
សាច់ឆ្កែត្រូវគេលក់ និងបរិភោគជាចំហនៅភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន។
លោកស្រី ម៉ារី វែឡាសស្កូ (Mary Velasco) ដែលជាអ្នករៀបចំការដើរក្បួនយុទ្ធនាការនេះ បានប្រាប់ VOA ដោយបង្ហាញពីការមិនសប្បាយចិត្តរបស់អ្នកដែលបាត់សត្វឆ្កែរបស់ពួកគេ និងផ្សព្វផ្សាយឲ្យដឹងអំពីផលវិបាកនៃការបរិភោគសាច់ទាំងនេះ ដោយសារវាអាចបង្កឲ្យមានជំងឺជាច្រើន ជាពិសេសជំងឺរមាស់ និងរាករូស។ លោកស្រីម៉ារី វែឡាសស្កូបានបន្ថែមថា វាមិនត្រូវទេ ដែលប្រជាជននៅអាស៊ីយល់ថា ការបរិភោគសាច់ឆ្កែធ្វើឲ្យបុរសមានកម្លាំងពិសេស ហើយការពិសារសាច់ឆ្មាជួយព្យាបាលជំងឺហឺតនោះ។
«វាមិនមែនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើសត្វចិញ្ចឹម ដូចជាឆ្កែ និងឆ្មានោះទេ ក៏ប៉ុន្តែវាជាការផ្សព្វផ្សាយការណ៍ពិត និងបង្ហាញការយកចិត្តទុកដាក់ដល់មនុស្សម្នារផ្សេងៗទៀត ព្រោះយើងខ្វល់ពីពួកគាត់។ ពួកគាត់យល់ថា ការញ៉ាំសាច់ឆ្កែអាចជួយពួកគាត់ ឯការញ៉ាំសាច់ឆ្មាអាចព្យាបាលជំងឺបាន។ តែវាមិនត្រឹមត្រូវទេ។ តាមការណ៍ពិតសាច់ទាំងនេះនិងបង្កឲ្យមានបញ្ហាជាច្រើនដល់ពួកគាត់ទៅវិញទេ»។
ស្ត្រីអាយុ២៩ឆ្នាំ ដែលស្រឡាញ់ការចិញ្ចឹមសត្វនេះ បន្តថា នារសៀលថ្ងៃអាទិត្យនេះនឹងមានការជួបជុំគ្នានៅវិមានឯករាជ្យមុននឹងមានការធ្វើដំណើរ ដោយមានការដើរក្បួនជាមួយសត្វចិញ្ចឹមរបស់ពួកគេទៀតផង។
ដោយឡែក អ្នកស្រីឌីណា ដែលជាអាជីវករលក់សាច់ឆ្កែរយៈពេលជាង៦ឆ្នាំមកហើយក្រោមយីហោ«សាច់ពិសេស»នោះ បាននិយាយថាគាត់មិនបានដឹងរឿងយុទ្ធនាការនេះទេ ក៏ប៉ុន្តែសាច់ឆ្កែមានការពេញនិយម ព្រោះវាមានតម្លៃថោកសមរម្យ។ លោកស្រីអាចលក់សាច់ឆ្កែយ៉ាងហោចណាស់ចំនួន៤០គីឡួក្នុងមួយថ្ងៃៗ។ ហើយសត្វទាំងនោះគឺបានមកពីអ្នកដែលប្រមូលទិញនៅតាមភូមិនានា។
«វាអត់មានអីខុសច្បាប់ទេ។ វាមិនមែនសត្វព្រៃទេ។ វាជាសត្វស្រុក។ ម៉ូយគេដើរទិញតាមផ្ទះមកដាក់ឲ្យយើង។ យើងប្រាប់ម៉ូយ ឲ្យគេយកសត្វល្អៗស្អាតៗមកប្រស់ទុក អត់មានសត្វឈឺ អត់មានអង្គែអីទេ»។
សាច់ឆ្កែត្រូវបានគេដឹងថា ពេញនិយមនៅក្នុងប្រទេសអាស៊ីមួយចំនួនដូចជាចិន កូរ៉េ និងវៀតណាម។ នៅកម្ពុជាសាច់ឆ្កែត្រូវគេដាក់អាំងលក់ដោយសេរី ជាពិសេសនៅក្នុងខ័ណ្ឌភ្នំពេញថ្មីក្រោមស្លាកសាច់ពិសេស។ សាច់ពិសេសនេះភាគច្រើនមានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម៕