ក្រុមអ្នកស្រឡាញ់សត្វសុនខបានធ្វើការរិះគន់អាជ្ញាធរដែលរារាំងមិនឲ្យមានការជួបជុំ និងធ្វើការដើរក្បួនយុទ្ធនាការមួយប្រឆាំងនឹងការបរិភោគសាច់ឆ្កែនិងឆ្មាកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ក៏ប៉ុន្តែមន្ត្រីសាលាក្រុងភ្នំពេញបាននិយាយការពារចំណាត់ការនេះ ដោយថ្លែងថា វាជារឿងចម្លែក បើអនុញ្ញាតឲ្យមានការដើរក្បួនសត្វចិញ្ចឹមនៅទីសារធារណៈនោះ។
ក្រុមសកម្មជននិងអ្នកស្រឡាញ់សត្វចិញ្ចឹមបង្ហាញពីការមិនសប្បាយចិត្តយ៉ាងខ្លាំងនាថ្ងៃច័ន្ទនេះ បន្ទាប់ពីសមត្ថកិច្ចក្រុងភ្នំពេញធ្វើការហាមប្រាមមិនឲ្យមានការដើរក្បួនប្រឆាំងនឹងការហូប និងសម្លាប់សត្វឆ្កែនិងឆ្មា។ ពួកគេថា ការបំបិទសិទ្ធិនេះនឹងបើកឱកាសឲ្យមានការសម្លាប់សត្វទាំងនេះជាចំណីបន្តទៀត។
កាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមសមត្ថកិច្ចចម្រុះស្លៀកពាក់ឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិលរបស់ខណ្ឌចំការមនប្រហែល៣០នាក់ បានរារាំងការជួបជុំ និងការដើរក្បួនយុទ្ធនាការប្រឆាំងនឹងការបរិភោគសាច់ឆ្កែ និងឆ្មានោះ។ អ្នកចូលរួមប្រហែល៣០នាក់ រួម និងសត្វឆ្កែរបស់ពួកគេ ត្រូវបានដេញចេញពីសួនច្បារក្បែរវិមានឯករាជ នៅពេលដែលពួកគេយកទីតាំងនេះធ្វើជាទីកន្លែងចាប់ផ្តើមដើរក្បួនយុទ្ធនាការនេះ។ សមត្ថកិច្ចសំអាងថា អាជ្ញាធរហាមឃាត់ដោយសារយុទ្ធនាការនេះមិនមានការអនុញ្ញាតត្រឹមត្រូវពីសាលារាជធានីភ្នំពេញ។
កញ្ញាហ៊ាង កញ្ញារី ជានិសិត្យឆ្នាំទី៤ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម រស់នៅក្នុងរាជធានីភ្នំពេញ។ នាងជាអ្នកចិញ្ចឹមសត្វឆ្កែ ឬសុនខចំនួន៥ក្បាល។ នាងចាត់ទុកសត្វទាំងនេះជាសមាជិកក្នុងគ្រួសារផងដែរ។ កញ្ញាហ៊ាង កញ្ញារីបាននិយាយថាវា ជា«ការខកបំណង»មួយដែលសមត្ថកិច្ចធ្វើការហាមឃាត់មិនឲ្យមានការជួបជុំ និងមិនឲ្យធ្វើសកម្មភាពសង្គមមួយនេះ។
កញ្ញាយល់ឃើញថា ការហាមឃាត់នេះដូចជាជំរុញឲ្យមានការបរិភោគនិងលួចសត្វចិញ្ចឹមកាន់តែច្រើនថែមទៀត។
«របៀបគេធ្វើដូចជាការផ្សព្វផ្សាយរឿងហ្នឹង ទៅធ្វើឲ្យមានការជួញដូរសាច់ឆ្កែច្រើន។ ប្រសិនបើមានការជួញដូរសាច់ហ្នឹងច្រើនអញ្ចឹង យើងម៉េចដឹងថា ថ្ងៃណាមួយនឹងមាននរណាគេមកលួចឆ្កែយើង ដែលយើងស្រឡាញ់នៅផ្ទះ និងរួចយកទៅលក់ និងបរិភោគ។ អញ្ចឹង វាហាក់ដូចជាសម្លាប់មិត្តភក្តិយើងមួយរូបអញ្ចឹង»។
កញ្ញា អ៊ុង ចាន់ណាវី ជាម្ចាស់សត្វឆ្កែម្នាក់ទៀត។ នាងយល់ថា សមត្ថកិច្ចគួរតែជំរុញឲ្យមានព្រឹត្តិការណ៍បែបនេះទៅវិញ ព្រោះវាជាសកម្មភាពមួយដែលផ្សព្វផ្សាយពីផលវិបាកនៃការបរិភោគសាច់បែបនេះ។ ហើយការហាមប្រាមនេះធ្វើឲ្យបាត់បង់ប្រយោជន៍សង្គមទៅវិញទេ។
«វាជាការខាតបង់។ និយាយរួមខ្ញុំអត់មានការពេញចិត្តទេ បើគាត់ហាមឃាត់រឿងប៉ុណ្ណឹង ព្រោះថា ការធ្វើប៉ុណ្ណឹងគឺអត់មានប៉ះពាល់ដល់នរណាគេផង ហើយវាបង្ហាញពិភពលោកថា ប្រទេសយើងក៏ចូលរួមចំណែកដូចប្រទេសគេផ្សេងៗដែរ»។
ការនិយមបរិភោគសាច់សត្វឆ្កែ និងសត្វឆ្មាក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាបានបង្កើតឲ្យមានទីផ្សារលក់សាច់សត្វទាំងនេះជាចំហ ជាពិសេសការជួញដូរ និងការលក់សត្វឆ្កែ និងសាច់ឆ្កែ។ ម្យ៉ាងវិញទៀតដោយសារសត្វឆ្កែនៅក្នុងប្រទេសកម្ពុជាជាសត្វដែលគេប្រលែងឲ្យដើរសេរី ដូច្នេះមានអំពើចោរកម្មជាច្រើនដើម្បីចាប់សត្វទាំងនេះយកទៅលក់ផ្គត់ផ្គង់ទីផ្សារម្ហូបសាច់ឆ្កែ។
ការប៉ុនប៉ងធ្វើយុទ្ធនាការប្រឆាំងនឹងការបរិភោគសាច់ឆ្កែ និងឆ្មានេះគឺជាផ្នែកមួយនៃយុទ្ធនាការពិភពលោកដែលផ្តួចផ្តើមដោយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិក្នុងប្រទេសចំនួន២៥។ យុទ្ធនាការនេះមានឈ្មោះជាភាសាអង់គ្លេសថា «Say No to Dog Meat» គឺក្នុងគោលបំណងផ្សព្វផ្សាយឲ្យដឹងពីផលវិបាកនៃការបរិភោគសាច់ទាំងនេះ ពិសេសសាច់ដែលមិនមានប្រភពច្បាស់លាស់ និងឆ្កែអនាថា។ យុទ្ធនាការនេះក៏ដើម្បីប្រមូលការគាំទ្រឲ្យមានការបង្កើតច្បាប់មួយប្រឆាំងនឹងការបរិភោគសាច់ឆ្កែ និងឆ្មាដែលមនុស្សមួយចំនួនចាត់ទុកជាសត្វជាទីស្រឡាញ់នៅក្នុងផ្ទះ។
កញ្ញា វន វត្តី ជាសមាជិកនិងអ្នករៀបចំការដើរដង្ហែក្បួនកាលពីថ្ងៃអាទិត្យបានប្រាប់ VOA ខេមរភាសាថា សហសេវិករបស់នាងមានការបាក់ស្បាតនិងអន់ចិត្តយ៉ាងខ្លាំងក្រោយពេលដែលសមត្ថកិច្ចធ្វើការបណ្តេញពួកគាត់ និងសត្វចិញ្ចឹមឲ្យចេញពីសួនច្បារសាធារណៈទៀត បន្ទាប់ពីពួកគាត់យល់ព្រមបញ្ឈប់ការដើរក្បួននោះ។
«ហ្នឹងគឺចូលលក្ខណៈគាបសង្កត់ហើយ ពីព្រោះសូម្បីតែយើងធ្វើការជួបជុំគ្នាបណ្តើរឆ្កែសោះក៏គេហាមឈាត់ដែរ។ អញ្ចឹងខ្ញុំមិនដឹងថា ម៉េចទេ។ និយាយថា ពួកខ្ញុំមានការភ័យបាក់ស្បាតអស់ហើយ មិនដែលជួបប៉ូលិសផ្ទាល់មកដេញពួកខ្ញុំអញ្ចឹងទេ»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឯកភាពថា យុទ្ធនាការនេះវា«ល្អ» ដែលផ្សព្វផ្សាយពីផលវិបាកនៃការពិសារសត្វឆ្កែនេះ ក៏ប៉ុន្តែការធ្វើការដើរក្បួនបែបនេះអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់និងអនាម័យសាធារណៈ។
«យើងបានដឹងហើយវាមិនដែល។ វាជារឿងចម្លែកដែលទៅប្រមូលសត្វឆ្កែឲ្យធ្វើការដើរក្បួនសុំនេះ សុំនោះ។ អញ្ចឹងវាដូចជាថ្មីសម្រាប់រាជធានីភ្នំពេញ ហើយរាជធានីភ្នំពេញ យើងសម្រេចថា មិនអនុញ្ញាតឲ្យធ្វើទេ»។
ដោយឡែក លោកសុខ សំអឿន អ្នកវិភាគច្បាប់ឯករាជ្យ បានមានប្រសាសន៍ថា នេះគឺជាការបំបិទសិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ហើយអ្នកនយោបាយទាំងអស់គួរតែបើចំហឲ្យមានសកម្មភាពផ្នែកសង្គមបែបនេះឲ្យបានច្រើនទើបល្អ។
«បើយើងមើលច្បាប់បាតុកម្មយើងទៅ គឺអត់មានពាក្យ«សូមការអនុញ្ញាត»ទេ។ ក៏ប៉ុន្តែការអនុវត្តសព្វថ្ងៃគឺត្រូវសុំការអនុញ្ញាត។ ដូច្នេះបើនិយាយទៅ ប្រជាពលរដ្ឋស្រុកខ្មែរគឺបាត់សិទ្ធិអស់ហើយ»។
សាច់ឆ្កែត្រូវបានគេដឹងថា ពេញនិយមនៅក្នុងប្រទេសអាស៊ីមួយចំនួនដូចជាចិន កូរ៉េ និងវៀតណាម។ ដោយមានការយល់ថា ការបរិភោគសាច់ឆ្កែធ្វើឲ្យបុរសមានកម្លាំងពិសេស ហើយការពិសារសាច់ឆ្កែជួយព្យាបាលជំងឺហឺតបាន តែសកម្មជននិងអ្នកស្រឡាញ់សត្វចិញ្ចឹមយល់ថា វាអាចបង្កឲ្យមានការប៉ះពាល់សុខភាពទៅវិញទេ៕