មេដឹកនាំវិហារសាសនាគ្រិស្តនៅប្រទេសឥណ្ឌូណេស៊ីបានអំពាវនាវដល់គ្រីសាសនិកជននៅទូទាំងប្រទេសឱ្យអធិស្ឋានសម្រាប់ជនរងគ្រោះនៃរលកយក្សស៊ូណាមិកាលពីថ្ងៃសៅរ៍ដែលបានបំផ្លាញផ្នែកខ្លះនៃឆ្នេរ Java ភាគខាងលិច។
ថ្វីបើអ្នកកាន់សាសនាគ្រិស្តជាច្រើនបានភៀសខ្លួនពីតំបន់នេះដោយការភ័យខ្លាចគ្រោះមហន្ដរាយបន្តទៀតក៏ដោយ ក៏នៅមានអ្នកចូលរួមពិធីបុណ្យតាមវិហារខ្លះ។
អ្នកស្រី Anita Sitorus បានធ្វើជាអធិបតីក្នុងកម្មវិធីមួយកាលពីថ្ងៃអង្គារនៅព្រះវិហារ Rahmat Carita Pentecostal ជិតតំបន់Carlita ដែលជាតំបន់រងគ្រោះបំផុតមួយ។
អ្នកស្រី Sitorus បាននិយាយថា «បន្ទាប់ពីឧបទ្ទវហេតុនេះ ព្រះជាម្ចាស់អនុញ្ញាតឱ្យយើងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសនេះគឺជាឱកាសល្អដើម្បីបម្រើព្រះ»។
រលកយក្សស៊ូណាមិបានកើតឡើងដោយគ្មានការព្រមានជាមុន ហើយបានបំផ្លាញតំបន់ឆ្នេរសមុទ្រដ៏ប្រជាប្រិយ បំផ្លាញសណ្ឋាគារទេសចរណ៍និងតំបន់លំនៅដ្ឋាន។
មន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីនិយាយថា ចំនួនអ្នកស្លាប់គិតមកដល់ថ្ងៃអង្គារមានដល់ទៅ៤២៩នាក់។ ក្រុមជួយសង្គ្រោះបានប្រើឆ្កែហិតក្លិននិងdrones ដើម្បីស្វែងរកអ្នកនៅរស់ពីរលកយក្សស៊ូណាមិដែលបានបំផ្លិចបំផ្លាញសហគមន៍នៅចន្លោះកោះ Sumatra និង Java នៅច្រកសមុទ្រ Sunda។ មនុស្សជាង១ពាន់៤០០នាក់បានរងរបួស ហើយយ៉ាងហោចណាស់១២៨នាក់ទៀតនៅកំពុងបាត់ខ្លួន៕