ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​​មនុស្ស​ស្លាប់​ដោយសារ​រលកយក្ស​ស៊ូណាមិ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​កើន​ឡើង​ដល់​៤២៩​នាក់​ហើយ


ក្រុម​ជួយ​សង្គ្រោះ​ប្រើ​សុនខ​ដើម្បី​ស្វែង​រក​ជនរងគ្រោះ នៅ​តំបន់ South Lampung ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រុម​ជួយ​សង្គ្រោះ​ប្រើ​សុនខ​ដើម្បី​ស្វែង​រក​ជនរងគ្រោះ នៅ​តំបន់ South Lampung ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ពួក​មន្ត្រី​ចាត់ចែង​កិច្ចការ​គ្រា​មាន​មហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រលកយក្ស​ស៊ូណាមិ​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ឆ្នេរ​សមុទ្រ​ខាង​លិច​កោះ Java កើន​ឡើង​ដល់​៤២៩​នាក់​ហើយ​នៅ​ពេល​នេះ។​

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ឆ្កែ​ហិត​ក្លិន​ និង​ដ្រូន​ដើម្បី​ស្វែង​រក​ពួក​អ្នកនៅ​រស់​ពី​រលកយក្ស​ស៊ូណាមិ​នេះ​ដែល​បាន​បំផ្លិច​បំផ្លាញសហគមន៍​នៅ​ចន្លោះ​កោះ​ Sumatra និង​កោះ Java នៅ​ក្នុង​ដៃ​សមុទ្រ Sunda។​ អគារ​ជាង​១ពាន់ខ្នង​បាន​ត្រូវ​ខូចខាត ​ឬ​ត្រូវ​បំផ្លាញ​ ដោយ​មាន​រួម​បញ្ចូល​ផ្ទះ​រាប់រយ​ខ្នង​ផង​ដែរ។ មាន​មនុស្ស​ជាង​១ពាន់​៤រយ​នាក់​បាន​ត្រូវ​របួស​ហើយ​មានមនុស្ស​យ៉ាង​តិច​ណាស់​១២៨នាក់​ទៀត​នៅ​បាត់​ខ្លួននៅ​ឡើយ។​

ទី​ភ្នាក់ងារខាងឧតុនិយម ខាង​ធាតុអាកាស​ និង​ខាង​ភូគម្ភរូបសាស្ត្រ​ហៅ​កាត់​ថា​ BMKG បាន​រាយការណ៍ថា មានការ​ផ្ទុះភ្នំភ្លើង​ Krakatoa នៅ​ប្រមាណ​ម៉ោង​៩យប់​កាលពី​ថ្ងៃ​សៅរ៍តាមម៉ោង​ក្នុង​មូលដ្ឋាន ហើយ​មាន​រលកយក្ស​ស៊ូណាមិ​នៅ​ប្រមាណ​ម៉ោង​៩កន្លះ​យប់។

បើ​តាម​ទីភ្នាក់ងារ BMKG «មូលហេតុ​នាំ​ឱ្យ​មាន​រលកយក្ស​ស៊ូណាមិ​នេះ​បណ្តាល​មក​ពី​ការ​រួមផ្សំ​រវាង​ការ​បាក់​ដី​នៅ​ក្រោម​សមុទ្រ​នៅ​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង Anak Krakatoa និង​ទឹក​ជោរ​បណ្តាល​មក​ពី​ព្រះ​ចន្ទ​ពេញ​បូរិណ៍មី»៕

XS
SM
MD
LG