ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​បាល់ទាត់​ជាតិ​ឥណ្ឌូណេស៊ី​​ថា ច្រក​ទ្វារ​ខ្លះ​នៅ​កីឡដ្ឋាន​បាន​​ជាប់​សោ មុន​​​ហេតុការណ៍​រត់​ជាន់​គ្នា


អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Arema FC គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន Kanjuruhan នៅ​ក្រុង Malang ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២។
អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Arema FC គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន Kanjuruhan នៅ​ក្រុង Malang ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២។

អ្នកនាំពាក្យ​សមាគម​កីឡា​បាល់ទាត់​ជាតិ​ឥណ្ឌូណេស៊ី​និយាយ​ថា ច្រកទ្វារ​ខ្លះ​នៅ​កីឡដ្ឋាន​បាល់ទាត់​ ជា​ទី​ដែល​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៣១​នាក់បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​រត់ជាន់គ្នា​កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ជាប់​សោ​ នៅ​ពេល​ការ​ប្រកួត​បានបញ្ចប់។

លោក Erwin Tobing ប្រធាន​គណៈកម្មការ​ផ្នែក​វិន័យ​របស់​សមាគម​បាល់ទាត់ជាតិ​ឥណ្ឌូណេស៊ី​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា​ថា គ្រប់​ច្រកទ្វារ​នៅ​កីឡដ្ឋាន Kanjuruhan ក្នុង​ក្រុង Malang ខេត្ត East Java គួរ​តែ​ត្រូវ​បាន​បើក​ ១០​នាទី​ នៅ​មុន​ការ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១​ ខែ​តុលា​ រវាង​ក្រុម​ម្ចាស់ផ្ទះ​ Arema FC និង​ក្រុម​ភ្ញៀវ Persebaya Surabaya។ ប៉ុន្តែ​លោក Tobing បាន​បន្ត​ថា ច្រកទ្វារ​ត្រូវ​បានបិទ​នៅ​ឡើយ ពីព្រោះ​មន្រ្តី​នៅ​កីឡដ្ឋាន​មិន​អាចទាន់​ទៅ​ដល់​ច្រកទ្វារ​ខ្លះ​ មុនពេល​ហេតុការណ៍​រត់​ជាន់គ្នា​បាន​កើត​ឡើង។

​សោកនាដកម្ម​បាន​ចាប់​ផ្តើម​នៅ​ពេល​ក្រុម​អ្នកគាំទ្រ​ ដែល​ខឹង​សម្បា បាន​រត់​ចូល​តារាង​បាល់ទាត់​ បន្ទាប់​ពី​ក្រុម​បាល់ទាត់ Arema បាន​ចាញ់​គូបដិបក្ខ​ Persebaya ក្នុង​លទ្ធផល​ ៣​ ទល់​នឹង​ ២។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដើម្បី​បំបែក​ហ្វូង​មនុស្ស ដោយ​បង្ក​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ដែល​ភ័យ​ស្លន់ស្លោ​ រត់​ទៅ​រកច្រកចេញ។ ជនរងគ្រោះ​គឺ ​បាន​ស្លាប់​ដោយសារ​ត្រូវ​ជាន់​ពី​លើ ឬ​ថប់ខ្យល់​ដោយសារ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក។ អាជ្ញាធរ​និយាយ​ថា កុមារ​រាប់​សិប​នាក់​ចំនួនក៏​ស្ថិត​ក្នុង​ចំណោម​អ្នកស្លាប់​ផង​ដែរ។

ប៉ូលិស​និយាយ​ថា ខ្សែ​អាត់​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ច្រកទ្វារ​មួយ​ចំនួន​បង្ហាញ​ថា ច្រកទ្វារ​បាន​បើក​ចំហ ប៉ុន្តែចង្អៀត​ខ្លាំង​សម្រាប់​មនុស្ស​រាប់​រយ​នាក់​ដែលព្យាយាម​រត់ចេញ​ពី​កីឡដ្ឋាន។

អគ្គស្នងការ​ប៉ូលិស​ក្រុង Malang ត្រូវ​បាន​ដកចេញ​ពី​តំណែង ស្រប​ពេល​មន្រ្តីនគរបាល​ជាន់ខ្ពស់​ប្រាំបួន​នាក់ត្រូវ​បាន​ព្យួរ​ការងារ ហើយ​មន្រ្តីយ៉ាង​ហោចណាស់ ១៨​នាក់ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

សមាគម​បាល់ទាត់​ជាតិ​ឥណ្ឌូណេស៊ី​បាន​ដាក់​ចេញ​នូវ​បម្រាម​ពេញ​មួយ​ជីវិត​ទាក់ទង​នឹង​សកម្មភាព​ការងារ​បាល់ទាត់​លើ​នាយក​ប្រតិបត្តិ​និង​អ្នក​សម្របសម្រួល​ផ្នែក​សន្តិសុខ​ប្រចាំ​ក្លឹប​បាល់ទាត់​ Arema ពាក់ព័ន្ធ​នឹង​សោកនាដកម្ម​នេះ។

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បានធ្វើដំណើរ​ទៅ​កាន់​ក្រុង Malang កាល​ពី​ថ្ងៃ​ពុធ​ ទី៥ ខែ​តុលា ដើម្បីពិនិត្យ​មើល​កន្លែង​កើតហេតុ​ និងអ្នកគាំទ្រ​ដែល​រង​របួស ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ។ លោក​បាន​ផ្អាក​គ្រប់​ការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​ក្របខណ្ឌ​បាល់ទាត់​ឥណ្ឌូណេស៊ី និងបាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេតសោកនាដកម្ម​នេះ ក៏​ដូចជា វាយតម្លៃ​កីឡដ្ឋាន​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស។

លោក Widodo បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បាន​និយាយ​ទូរសព្ទ​ជាមួយ​នឹង​លោក Gianni Infantino ប្រធាន​អង្គភាព​គ្រប់គ្រង​បាល់ទាត់ពិភពលោក FIFA ដែល​បាន​ស្នើ​ផ្តល់​ជំនួយ​ដល់​ឥណ្ឌូណេស៊ី​ក្នុង​ការ​លើក​កម្ពស់​ផ្នែក​ «គ្រប់គ្រងវិស័យ​បាល់ទាត់»៕


ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Reuters និង Agence France-Presse

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG