ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ឥណ្ឌូណេស៊ី​អនុម័ត​ច្បាប់​ផ្លាស់ប្តូរ​រដ្ឋធានី​ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​លើ​កោះ Borneo


រូបឯកសារ៖ រូបថត​នេះ​បង្ហា​ញ​ពី​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ​(AP Photo/Dita Alangkara)
រូបឯកសារ៖ រូបថត​នេះ​បង្ហា​ញ​ពី​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ ​(AP Photo/Dita Alangkara)

សភា​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ដើម្បី​ផ្លាស់ប្តូរ​រដ្ឋធានី​ចេញពី​ហ្សាការតា​ទៅ​កាន់​តំបន់​ព្រៃ Kalimantan នៅ​លើ​កោះ Borneo។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ច្បាប់​រដ្ឋធានី​ថ្មី​ដែល​ផ្តល់​ក្របខណ្ឌ ច្បាប់​មួយ​សម្រាប់​គម្រោង​ដ៏​ធំ​ដែល​មាន​តម្លៃ៣២ពាន់​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Joko Widodo ចែង​អំពី​ផែនការ​ផ្តល់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​និង​ការគ្រប់គ្រង​រដ្ឋធានី​ថ្មីនេះ។

លោក Suharso Monoarfa រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​ប្រាប់​សភា​បន្ទាប់ពី​សេចក្តីព្រាងច្បាប់​នោះ បាន​អនុម័ត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា «រដ្ឋធានី​ថ្មី​មាន​តួនាទី​សំខាន់​ហើយ​ជា​និមិត្តរូប​នៃ​អត្ត សញ្ញាណ​របស់​ជាតិ និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ថ្មី​ដ៏​សំខាន់»។

លោក Monoarfa បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋធានី​ថ្មី នឹង​មាន​ឈ្មោះ​ថា «Nusantara» ដែល​មាន​ន័យ​ថា​ប្រជុំកោះ​ឥណ្ឌូណេស៊ី ដែល​លោក​ប្រធានាធិបតី Widodo បាន​ជ្រើសរើស។

ផែនការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចេញពី​រដ្ឋធានី​ហ្សាការតា ដែល​ជា​ទីក្រុង​ដ៏​មមា​ញឹក​មាន​ប្រជាពលរដ្ឋ១០ លាន​នាក់ដែល​មាន​បញ្ហា​កកស្ទះ ទឹក​ជំនន់ ​និង​ខ្យល់​កខ្វក់ ត្រូវបាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជា​ច្រើន​នាក់ យក​មក​ពិចារណា​កន្លងមក ប៉ុន្តែមិន​មាន​ប្រធានាធិបតី​ណា​ម្នាក់​បាន​ធ្វើ​ដល់​ដំណាក់កាល​នេះ​ទេ។

លោក​ប្រធានាធិបតី Jokowi បាន​ប្រកាស​ផែនការ​លើក​ដំបូង​នៅ​ឆ្នាំ២០១៩ ក៏ប៉ុន្តែ​មាន​ការ​ពន្យារពេល​ដោយ​សារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ មើលឃើញ​រដ្ឋធានី​ថ្មី ថាជា​មជ្ឈមណ្ឌល​បញ្ចេញ​សារធាតុ​កាបូន​តិច ដែល​នឹង​គាំទ្រ​ផ្នែក​ឱសថស្ថាន សុខភាព​និង​បច្ចេកវិទ្យា ហើយ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការរីក​លូតលាស់​ប្រកប​ដោយ​ចីរភាព​នៅទូទាំង​ប្រទេស៕

XS
SM
MD
LG