ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស ១៧៤ នាក់​ស្លាប់ និង ១៨០ នាក់​របួស​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កន្លែង​ប្រកួត​បាល់​ទាត់​នៅ​ឥណ្ឌូណេស៊ី


ប៉ូលិស​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​​បាន​រត់ចូល​ទីលាន​ប្រកួត​បាល់ទាត់​ក្រោយ​ការ​ប្រកួត​ចប់ ​នៅ​ពហុកីឡដ្ឋាន​ Kanjuruhan ក្នុង​ក្រុង Malang នៅ​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២។
ប៉ូលិស​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​​បាន​រត់ចូល​ទីលាន​ប្រកួត​បាល់ទាត់​ក្រោយ​ការ​ប្រកួត​ចប់ ​នៅ​ពហុកីឡដ្ឋាន​ Kanjuruhan ក្នុង​ក្រុង Malang នៅ​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៧៤ នាក់​បាន​ស្លាប់ និង ១៨០ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ហេតុការណ៍​រត់ជាន់គ្នា​នៅ​ពហុកីឡដ្ឋាន​បាល់​ទាត់​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ស្នងការ​ប៉ូលិស​ខេត្ត East Java លោក Nico Afinta បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា មន្ត្រី​ប៉ូលិស ២ នាក់​ក៏​ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​ភាគ​ច្រើន​បាន​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នោះ​ដែរ។

លោក Afinta បាន​និយាយ​ថា ការ​ប្រកួត​កីឡា​បាល់ទាត់ Premier League របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ចប់​ទៅ​ដោយ​ក្រុម​បាល់ទាត់ Persebaya បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់ Arema ក្នុង​ពិន្ទុ ៣ ទល់​នឹង ២។

លោក​បាន​បន្ថែម​ថា ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Arema ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Aremania មាន​ការ​មិន​ពេញចិត្ត​ជាមួយ​នឹង​លទ្ធផល​នេះ ហើយ​បាន​នាំគ្នា​រត់​ចូល​ទីលាន​ប្រកួត​បាល់ទាត់​ដើម្បី​ដេញ​កីឡាករ​ក្រុម Arema ចេញ។

លោក​ស្នងការ​ប៉ូលិស​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មន្ត្រី​ប៉ូលិស​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Arema ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​វិញ ប៉ុន្តែ​ពួកគេ​មិន​ធ្វើ​តាម។ យើង​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​កាន់តែ​មាន​ភាព​អនាធិបតេយ្យ​នោះ​ទេ ហើយ​នៅ​ទីបំផុត​បាន​វាយប្រហារ​លើ​ប៉ូលិស​ទៀត។ ដូច្នេះ​ហើយ​ទើប​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ពួកគេ»។

រថយន្ដមួយ​គ្រឿង​ត្រូវ​បាន​គេ​ដុត​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន Kanjuruhan ក្នុង​ក្រុង Malang នៅ​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១ ខែតុលា​ ឆ្នាំ២០២២។
រថយន្ដមួយ​គ្រឿង​ត្រូវ​បាន​គេ​ដុត​នៅ​ខាង​ក្រៅ​ពហុកីឡដ្ឋាន Kanjuruhan ក្នុង​ក្រុង Malang នៅ​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១ ខែតុលា​ ឆ្នាំ២០២២។

ពួក​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់​ទាំង​ពីរ​ចំនួន​រាប់​រយ​នាក់​បាន​រត់​ទៅ​កាន់​ច្រក​ចេញ​ដើម្បី​គេច​កុំ​ឱ្យ​ត្រូវ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ប៉ុន្តែ​ពួកគេ​បាន​រត់​ជាន់​គ្នា​ស្ទះ​ខ្យល់​ស្លាប់។ អ្នក​រង​របួស​រាប់រយ​នាក់​ត្រូវ​បាន​បញ្ជូន​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​ពួកគេ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ឬ​ក្នុង​អំឡុងពេល​ទទួល​ការ​ព្យាបាល។

ហ្វូង​មនុស្ស​ដែល​មាន​ការ​ខឹង​សម្បា​នោះ​ក៏​បាន​ដុត​រថយន្ដ​ប៉ូលិស​ចំនួន ១៣ គ្រឿង​ផង​ដែរ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​សោកនាដកម្ម​នេះ ហើយ​លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កីឡា ស្នងការ​ប៉ូលិស និង​ប្រធាន​សមាគម​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី​ធ្វើ​ការ​វាយតម្លៃ​លើ​ការ​ប្រកួត​កីឡា​បាល់ទាត់​និង​នីតិវិធី​សន្ដិសុខ​របស់​ការ​ប្រកួត​ទាំង​នេះ។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​បាន​ស្នើ​ឱ្យ​មាន​ការ​ផ្អាក​ការ​ប្រកួត​កីឡា​បាល់ទាត់​នេះ​ជា​បណ្ដោះអាសន្ន រហូត​ទាល់តែ​នីតិវិធី​សុវត្ថិភាព​ត្រូវ​បាន​កែលម្អ​ឱ្យ​បាន​ចប់​សព្វគ្រប់​ជា​មុន​សិន។

អ្នក​នាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Dedi Prasetyo បាន​ប្រាប់ VOA ថា ក្រុម​ការងារ​មួយ​នឹង​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ទីក្រុង​ហ្សាការតា​ទៅ​កាន់​ក្រុង Malang ក្នុង​ខេត្ត East Java ដើម្បី​ជួយ​ដល់​ប៉ូលិស​ក្នុង​ស្រុក។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ប៉ូលិស​តំបន់ East Java កំពុង​ធ្វើការ​ជាមួយ​នឹង​ក្រុមNew Indonesian League (LIB) ក្នុង​នាម​ជា​អ្នក​រៀបចំ​ការ​ប្រកួត​បាល់ទាត់ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ ក្រុម​ប៉ូលិស​ជាតិ​នឹង​ទៅ​ក្រុង Malang នៅ​រសៀលនេះ ដើម្បី​ជួយ​ដល់​ប៉ូលិស East Java Regional Police ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​ជនរងគ្រោះ និង​ផ្ដល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ជនរងគ្រោះ​រាប់​រយ​នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ចំនួន»។

រដ្ឋមន្ត្រី​ក្រសួង​សម្របសម្រួល​កិច្ចការ​នយោបាយ ច្បាប់ និង​សន្ដិសុខ លោក Mohammad Mahfud Mahmodin ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា Mahfud MD បាន​សរសេរ​នៅ​ក្នុង​សារ​បង្ហោះ​លើ Instagram នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ចំនួន​អ្នក​ទស្សនា​បាល់ទាត់​នោះ​មាន​លើស​ពី​កៅអី​ដែល​មាន​នៅ​ក្នុង​ពហុកីឡដ្ឋាន Kanjuruhan នោះ។

លោក​បាន​សរសេរ​ដូច្នេះ​ថា៖ «អ្នក​រៀបចំ​កៅអី​សម្រាប់​ភ្ញៀវ​ទស្សនា​បាន​ស្នើ​ដល់​អ្នក​រៀបចំ​ការ​ប្រកួត​ឱ្យ​រៀបចំ​ការ​ប្រកួត​នៅ​ពេល​រសៀល (មិនមែន​នៅ​ពេល​យប់​នោះ​ទេ) ហើយ​ពួកគេ​បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទស្សនា​ត្រូវ​តែ​កែតម្រូវ​ឱ្យ​ត្រូវ​នឹង​ចំនួន​កៅអី​ដែល​មាន​សម្រាប់​មនុស្ស​ចំនួន ៣៨.០០០ នាក់។ ប៉ុន្តែ​សំណើ​នេះ​មិន​ត្រូវ​បាន​គេ​ធ្វើ​តាម​នោះ​ទេ ហើយ​ការ​ប្រកួត​នេះ​នៅ​តែ​ធ្វើ​ឡើង​នៅ​ពេល​យប់ និង​បាន​លក់​សំបុត្រ​ចូល​ទស្សនា​អស់​ចំនួន ៤២.០០០ សន្លឹក»៕

XS
SM
MD
LG