អ្នកស្រុកក្នុងភូមិមួយនៃខេត្ត Central Java ប្រទេសឥណ្ឌូនេស៊ី បានប្រើក្រុមអ្នកស្ម័គ្រចិត្តធ្វើជា «ខ្មោច» ឱ្យយាមល្បាតតាមផ្លូវ និងបន្លាចមនុស្សឱ្យនៅស្នាក់នៅក្នុងផ្ទះតាមបទបញ្ជារបស់អាជ្ញាធរមូលដ្ឋានក្នុងគោលបំណងដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ថ្នាក់ដឹកនាំនៃភូមិ Kepuh នៅជាយក្រុង Sukoharjo និយាយថា អ្នកស្រុកនៅទីនោះខ្វះការយល់ដឹងអំពីការគំរាមកំហែងដោយសារវីរុសកូរ៉ូណា ហើយបានធ្វើព្រងើយកន្ដើយចំពោះបទបញ្ជាដែលតម្រូវឱ្យពួកគេស្នាក់នៅក្នុងផ្ទះ។
អ្នកស្ម័គ្រចិត្តមួយក្រុមដែលធ្វើការដោយមានការសម្របសម្រួលជាមួយនឹងសមត្ថកិច្ចក្នុងមូលដ្ឋាន បានផ្តើមគំនិតតែងខ្លួនជា “pocong” ដែលមានន័យថា «ខ្មោចរុំក្រណាត់» ដែលមាននិទាននៅក្នុងរឿងព្រេងនៃប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ពួកអ្នកស្ម័គ្រចិត្តទាំងនោះបានរុំខ្លួនពួកគេជាមួយក្រណាត់ពណ៌សដោយធ្វើឱ្យដូចសាកសពដែលរុំក្រណាត់ដើម្បីយកទៅបញ្ចុះដូច្នេះដែរ ហើយពួកគេបានដើរត្បាតនៅក្នុងភូមិដែលមានមនុស្សរស់នៅប្រមាណ ៥ ពាន់នាក់នោះ ដើម្បីបន្លាចអ្នកស្រុកឱ្យស្នាក់នៅក្នុងផ្ទះ ឬយ៉ាងហោចណាស់ជាការរំលឹកអ្នកស្រុកអំពីបទបញ្ជាឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ។
នៅពេលដែលការយាមល្បាតនេះបានចាប់ផ្តើមធ្វើដំបូងកាលពីដើមខែមេសា ក្រុមអ្នករៀបចំវិធីនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចខិតខំប្រឹងប្រែងនេះបានលទ្ធផលផ្ទុយទៅវិញ នៅពេលព័ត៌មានអំពីរឿងនេះបង្ហោះនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិតបានធ្វើឱ្យមនុស្សជាច្រើននាក់ចេញពីផ្ទះទៅមើលខ្មោចទៅវិញ។ ពួកអ្នកស្ម័គ្រចិត្តបានប្តូរពេលវេលារបស់ពួកគេហើយបានចាប់ផ្តើមការយាមល្បាតដោយមិនបានប្រាប់ឱ្យដឹងជាមុន។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនេះបានបង្ហាញថាមានប្រសិទ្ធិភាព។
នៅពេលដែលភូមិមួយចំនួនដូចជាភូមិ Kepuh នេះជាដើម បានដាក់កំហិតបិទការដើរហើរ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជំទាស់ទៅនឹងការបិទប្រទេសទាំងស្រុង។
បើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ១៦ ខែមេសានេះ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងជំងឺកូវីឌ ១៩ ចំនួន ៥.៥១៦ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៤៩៦ នាក់។ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ដោយសារជំងឺនេះដែលប្រកាសជាផ្លូវការច្រើនជាងគេក្នុងតំបន់អាស៊ីខាងកើត បន្ទាប់ពីប្រទេសចិន៕
ប្រែសម្រួលដោយ ឈឹម សុមេធ