ទោះបីសង្គ្រាមវៀតណាមឬ Vietnam War បានបញ្ចប់៤៨ឆ្នាំក៏ដោយ ក៏ផលវិបាកដោយសារសង្គ្រាមដែលអាមេរិក និង វៀតណាម ដែលមានការទម្លាក់គ្រាប់បែករាប់លានតោន និង ការប្រើប្រាស់គីមីផងនោះ បានបន្តប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសទាំង៣ យ៉ាងធ្ងន់ធ្ងរ គឺវៀតណាម ឡាវនិងកម្ពុជា។ ហើយកាលពី សប្តាហ៍មុនឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងពីផលប៉ះពាល់នៃសង្គ្រាមឥណ្ឌូចិនក្នុងកិច្ចពិភាក្សាមួយនៅឯវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាពស្តីពីការផ្សះផ្សានិងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋប្រទេសទាំង៣។
នៅថ្ងៃចុងក្រោយនៃការបិទកិច្ចពិភាក្សារយៈពេល២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញានៅឯវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក អំពីកិច្ចសន្ទនាស្តីពីកេរដំណែលនៃសង្គ្រាមនិងសន្តិភាពនៅក្នុងប្រទេសវៀតណាម ឡាវនិងកម្ពុជា ដែលមានការចូលរួមពីក្រុមវាគ្មិនសំខាន់ៗជាមន្ត្រីរដ្ឋការអាមេរិកាំងនិង មន្ត្រីស្ថានទូត វៀតណាម ឡាវ និងកម្ពុជា អ្នកជំនាញផ្នែកកិច្ចការតំបន់ជាច្រើនផងនោះ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ក៏ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនមួយរូបតំណាងឲ្យកម្ពុជាផងដែរ។
ការសន្ទនានោះផ្តោតលើការផ្សះផ្សាអំពីសង្គ្រាម ការដោះស្រាយ អំពីផលប៉ះពាល់ពីសង្គ្រាម និងការកសាង ទំនាក់ទំនងនិងការជឿទុកចិត្តគ្នា រវាងសហរដ្ឋអាមេរិកជាមួយនឹងតំបន់ ជាពិសេសជាមួយវៀតណាម ឡាវ និង កម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារសង្គ្រាមដែលមានការទម្លាក់គ្រាប់បែករាប់លានតោន ការប្រើប្រាស់សារធាតុគីមី Agent Orange របស់យោធាសហរដ្ឋអាមេរិកបាចពីលើយន្តហោះ ការដោះគ្រាប់មីនបង្កប់ដី និង គ្រាប់មិនទាន់ផ្ទុះ ការរងគ្រោះស្លាប់ របួសមនុស្ស ការព្រាត់ប្រាស់គ្រួសារ និង ផលប៉ះពាល់ដល់ប្រជាជនរាប់សិបទសវត្សរ៍ ដោយសារសង្គ្រាមកាលពីអតីតកាល ។
វាគ្មិនដែលចូលរួមក្នុងកិច្ចសន្ទនាប្រចាំឆ្នាំលើកទី២ស្តីពីកេរដំណែលនៃសង្គ្រាមនិងសន្តិភាពនៅក្នុងប្រទេសវៀតណាម ឡាវនិងកម្ពុជា មានមន្ត្រីរដ្ឋការអាមេរិកាំងនិង មន្ត្រីស្ថានទូតវៀតណាម ឡាវ និងកម្ពុជា ទាំងថ្ងៃទី១ និង ថ្ងៃទី២។ វាគ្មិនទាំងនោះរួមមាន លោកស្រី Mira Rapp-Hooper ជាជំនួយការពិសេសរបស់លោក ប្រធានាធិបតី Joe Biden និងជានាយិកាជាន់ខ្ពស់ផ្នែកកិច្ចការតំបន់អាស៊ីបូព៌ា និងអូសេអានី (Senior Director for East Asia and Oceania, National Security Council) លោកស្រី Hoang Thi Thanh Nga ភារធារី នៃស្ថានទូត វៀតណាម ប្រចាំរដ្ឋធានីវ៉ាស៊ីតោន លោក Bounthanongsack Chanthalath ភារធារី ស្ថានទូតឡាវប្រចាំរដ្ឋធានី វ៉ាស៊ីនតោន និង លោក Keo Chhea ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ក្រៅពីវាគ្មិនសំខាន់ផ្សេងទៀត។ ហើយកម្មវីធីនេះ មានការថ្លែងបើកសុន្ទរកថាស្វាគមន៍ គោលនយោបាយអាមេរិកនិងរំលឹកពីប្រវត្តិសង្គ្រាម ផលប៉ះពាល់សង្គ្រាមលើប្រជាជន ការផ្សះផ្សា និងការកសាងទំនាក់ទំនងអាមេរិក វៀតណាម ឡាវ និងកម្ពុជា ក្រោយសង្គ្រាម ពីលោកស្រី Lise Grande ជាប្រធាន និង អគ្គនាយិកាប្រត្តិបត្តិ និងជាអ្នកសម្របសម្រួលកម្មវិធី ពិភាក្សារបស់វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព។
ចូលរួមលើកឡើងអំពីផលប៉ះពាល់ដល់កម្ពុជាពីសង្គ្រាមនិងការផ្សះផ្សាជាមួយតំណាងប្រទេសវៀតណាម និងឡាវដែលអះអាងពីផលប៉ះពាល់ប្រទេសរៀងៗខ្លួននោះ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងថា៖ «កម្ពុជាបានរងការទម្លាក់គ្រាប់បែកចាប់តាំងពីដើមឆ្នាំ ១៩៦៨ ហើយនេះជាមូលហេតុដែលធ្វើឱ្យអ្នកនយោបាយនៅកម្ពុជាមានការខ្វែងគំនិតគ្នា ហើយបន្ទាប់មកបាននាំឱ្យមានការផ្ទុះឡើងនូវសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ ១៩៧០។ មូលហេតុមួយនៃមូលហេតុទាំងនោះគឺផ្លូវលំហូ ជីមីញឬHo Chi Minh Trail ដែលមាននៅជាប់ព្រំដែន ដូច្នេះការទម្លាក់គ្រាប់បែករួមមានទាំងសារធាតុគីមី Yellow Agent នៅតាមបណ្តោយផ្លូវលំហូ ជីមិញ ចាប់តាំងពីចុងឆ្នាំ ១៩៦៧មក ដែលបានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋទាំងមូលក៏ដូចជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែននៃខេត្តចំនួន៣ឬ៤ហើយនិងផ្ទះសម្បែងរបស់ពួកគេ»។
លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលបានដាក់កម្ពុជានៅក្នុងកម្មវិធីនេះដែរ ហើយថាប្រជាពលរដ្ឋភាគច្រើននៅក្នុងសហរដ្ឋអាមេរិកស្គាល់ថាសង្គ្រាមវៀតណាមឬVietnam War ក៏ប៉ុន្តែ ជាការពិតសង្គ្រាមនៅក្នុងតំបន់នោះគឺរួមទាំងនៅក្នុងប្រទេសទាំង៣ ដែលជាប្រទេសនៅក្នុងតំបន់ឥណ្ឌូចិន។
លោកស្រី Hoang Thi Thanh Nga ភារធារីស្ថានទូតវៀតណាមប្រចាំស.រ.អ.ប្រាប់កិច្ចពិភាក្សានេះថា ការផ្សះផ្សាកេរដំណែលសង្គ្រាមតាមរយៈជំនួយរបស់ស.រ.អ.បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការជួយជនពិការនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសង្គ្រាម ការរកឃើញ និងប្រគល់អដ្ឋិធាតុយោធាអាមេរិកាំងគឺមានសារៈសំខាន់។
លោកស្រី Hoang Thi Thanh Nga ថ្លែងថា៖ «យើងជឿជាក់ថា ការដោះស្រាយកេរដំណែលសង្រ្គាម គឺជាគន្លឹះមួយចំពោះដំណើរការធ្វើឱ្យមានប្រក្រតីភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយក៏ជាគន្លឹះចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើងដែរ»។
លោកស្រីឱ្យដឹងថា ទំនាក់ទំនងជិតស្និទរវាងអតីតសត្រូវក្នុងសង្គ្រាមនេះផ្តើមចេញពីទំនាក់ទំនងបុគ្គលនិងបុគ្គលជាង៣ទសវត្សរ៍ ជាពិសេសអតីតទាហានក្នុងសង្គ្រាមវៀតណាមវិលត្រឡប់ទៅទស្សនាកន្លែងអនុស្សាវរីយ៍ជូរចត់របស់ពួកគេ។
«កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងសហរដ្ឋអាមេរិក រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្រជាជន និងប្រជាជនក្នុងផ្នែកនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការយោគយល់គ្នា ធ្វើឱ្យអតីតសត្រូវក្លាយមិត្ត និងជាដៃគូនាពេលបច្ចុប្បន្ននេះ»។
លោក Bouthanongsack Chanthalath ភារធារីស្ថានទូតឡាវប្រចាំស.រ.អ.ប្រាប់អ្នកចូលរួមដោយសង្កត់ធ្ងន់ថា អ្វីដែលស.រ.អ.ហៅថា សង្គ្រាមវៀតណាមនេះតាមពិតជាសង្គ្រាមស.រ.អ.នៅឥណ្ឌូចិនទាំងមូល ព្រោះសង្គ្រាមនេះបានហៀរចូលដល់ប្រទេសឡាវ និងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «អ្នកប្រហែលជាដឹងហើយថា សង្រ្គាមវៀតណាម ឬសង្រ្គាមសម្ងាត់នៅប្រទេសឡាវនោះ យើងជាប្រជាជនឡាវ រងឥទ្ធិពលដោយការទម្លាក់គ្រាប់បែករបស់អាមេរិករយៈពេលប្រាំបួនឆ្នាំជាប់គ្នា។ចាប់ពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ គ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់»។
ទោះជាយ៉ាងណា លោកអរគុណស.រ.អ. និងប្រទេសដទៃទៀតដែលបានជួយបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបង្កគ្រោះថ្នាក់នៅប្រទេសរបស់លោករហូតដល់សព្វថ្ងៃ។
លោកសុំឱ្យផលប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូរវាងស.រ.អ. និងវៀតណាមហៀរទៅដល់ប្រទេសរបស់លោកដែរ ដូចកាលដែលសង្គ្រាមវៀតណាមហៀរដល់ប្រទេសរបស់លោក។
លោកបង្ហាញភាពរីករាយដែលគណៈកម្មាធិការវិភាជថវិកាសភាស.រ.អ.តាំងចិត្តផ្តល់ប្រាក់៨០លានដុល្លារសម្រាប់បោះសម្អាតយុទ្ធភណ្ឌ សំណល់ពីសង្គ្រាមនៅវៀតណាម ឡាវ និងកម្ពុជា។
«ដូច្នេះយើងសង្ឃឹមថានឹងឃើញការប្ដេជ្ញាចិត្តនេះរួមចំណែកដល់កិច្ចប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសរបស់យើង»។
កម្មវិធី កិច្ចពិភាក្សាដែលមានរយៈពេល២ថ្ងៃនៅវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិកអំពីកិច្ចសន្ទនាស្តីពីកេរដំណែលនៃសង្គ្រាមនិងសន្តិភាពនៅក្នុងប្រទេសវៀតណាម ឡាវនិងកម្ពុជា កើតឡើងភ្លាមៗ តែប៉ុន្មានថ្ងៃ ដែល លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសវៀតណាមកាលពី សប្តាហ៍មុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានទំនាក់ទំនង ឈានដល់កម្រិត ខ្ពស់ ឬ ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ស្រាប់ ហើយនិងការប្តេជ្ញាចិត្ត រួមគ្នាដើម្បីបន្ត កិច្ចសហប្រតិបត្តិការនេះ លើវិស័យជាច្រើនរួមទាំង សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សុខាភិបាល អប់រំ បច្ចេកវិជ្ជា ជាដើម។
លោកស្រី Mira Rapp-Hooper ជាជំនួយការពិសេសរបស់លោក ប្រធានាធិបតី Joe Biden និងជា នាយិកាជាន់ខ្ពស់ផ្នែកកិច្ចការតំបន់អាស៊ីបូព៌ា និងអូសេអានី (Senior Director for East Asia and Oceania, National Security Council) បានថ្លែងប្រាប់សន្និសីទប្រចាំឆ្នាំលើកទី២ស្តីពីកេរដំណែលនៃសង្គ្រាមនិងសន្តិភាពនៅក្នុងប្រទេសវៀតណាម ឡាវនិងកម្ពុជា អំពីសារ:សំខាន់នៃ ជំនួបរវាងលោកប្រធានាធិបតី Joe Biden ជាមួយមេដឹកនាំកំពូលទាំង៤រូបរបស់វៀតណាមអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិង វៀតណាមនិង«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
«ដូច្នេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើងជាមួយវៀតណាម ដែលលោកប្រធានាធិបតី Joe Biden និងលោក Nguyễn Phú Trung អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានប្រកាសកាលពីថ្ងៃអាទិត្យ គឺជាលទ្ធផលនៃការងារផ្សះផ្សាអស់ពេលរាប់សិបឆ្នាំ»។
លោកស្រីបន្ថែមប្រាប់អ្នកចូលរួមប្រមាណជាង១០០នាក់ថា ទៅថ្ងៃអនាគតដើម្បីពង្រឹងភាពជាដៃគូនេះ ចាំបាច់ត្រូវមានការវិនិយោគទុនខាងបច្ចេកវិជ្ជានៅប្រទេសវៀតណាម ជាពិសេសការផលិតបន្ទះអេឡិចត្រូនិក និងការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅប្រទេសវៀតណាមបន្ថែមលើកិច្ចប្រឹងប្រែងផ្សះផ្សាកេរដំណែលសង្គ្រាមកន្លងមក។
លោកស្រីថ្លែងថា៖ «ហើយជាពិសេសការវិនិយោគលើការប្រព័ន្ធអេកូផលិតបន្ទះអេឡិចត្រូនិក semi-conductor នៅប្រទេសវៀតណាម តាមរយៈបំណងប្រាថ្នាដ៏មុតមាំរបស់សហរដ្ឋអាមេរិកចង់ឃើញវៀតណាមជាដៃគូបច្ចេកវិជ្ជា ឈានមុខគេក្នុងតំបន់ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងបង្កើនតួនាទីជាអ្នកឈានមុខពិភពលោក»។
ដោយឡែកអ្នកស្រី Pham Lan Dung នៃបណ្ឌិតសភាការទូតវៀតណាមបានលើកឡើងពីការវិនិយោគ ការ សិក្សាអប់រំ ការផ្សះផ្សា ពីផលប៉ះពាល់នៃសង្គ្រាមវៀតណាមនេះ។
អ្នកស្រី Pham Lan Dung ថ្លែងថា៖ «មានសញ្ញាវិជ្ជមានមួយសម្រាប់ការផ្លាស់ប្តូរការសិក្សារវាងពលរដ្ឋនិងពលរដ្ឋ យើងដឹងថាវៀតណាមស្ថិតក្នុងលំដាប់ទី៥នៃបណ្តាប្រទេសដែលមាននិស្សិតច្រើនជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក។ យើងស្ថិតនៅបន្ទាប់ពីចិន ឥណ្ឌា កាណាដានិងកូរ៉េខាងត្បូង។ យើងមានជាង៣ម៉ឺននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទី២សម្រាប់ទិសដៅនៃការសិក្សារបស់និស្សិតយើងបន្ទាប់ពីប្រទេសអូស្ត្រាលី»។
អ្នកស្រីPham Lan Dung បានទទួលស្គាល់ថាវាជាកិច្ចការដ៏ប្រឈមមួយដើម្បីជួយមនុស្សជំនាន់ក្រោយឱ្យយល់ពីផលវិបាកនៃសង្គ្រាម។ អ្នកស្រីបានថ្លែងថាមាតា បីតាវៀតណាមបានចំណាយធនធានផ្ទាល់ខ្លួនដើម្បីបញ្ជូនកូនចៅទៅរៀននៅបរទេស។ អ្នកស្រីនិយាយទៀតថាយើងគួរលើកទឹកចិត្តឱ្យមានកម្មវិធីស្តីពីសង្គ្រាមវៀតណាមនៅក្នុងថ្នាក់រៀនសហរដ្ឋអាមេរិកឱ្យបានច្រើនដើម្បីយល់ដឹង និងទប់ស្កាត់ការប្រព្រឹត្តិនូវកំហុសដូចពីអតីតកាល។
មួយផ្នែកនៃការផ្សះផ្សានិងដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរគឺថា ចាប់តាំងពីឆ្នាំ១៩៩៣មក សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង៦៦៥លានដុល្លារដើម្បីផ្តោតលើការដោះមីននិងគ្រាប់រំសេវមិនទាន់ផ្ទុះ(UXO)នៅក្នុងតំបន់ រួមទាំងកម្ពុជាដែលទទួលបានជំនួយដោះមីនដល់រយលានដុល្លារពីអាមេរិក។ គោលដៅគឺជួយសហគមន៍នានាដើម្បីអាចព្យាបាលស្នាមរបួសនិងអាចធ្វើឱ្យសហគមន៍ទាំងនោះរីកចម្រើន។ នេះបើលោកស្រី Melissa Brown ឧបការីរងទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីអាគ្នេយ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទើបត្រឡប់មកពីបំពេញទស្សនកិច្ចជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។
លោកស្រីBrown បានថ្លែងសរសើរប្រទេសកម្ពុជាដែលបានធ្វើកិច្ចការប្រសើរនៅក្នុងការកម្ចាត់គ្រាប់មីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រីបានថ្លែងថា៖ «ក្នុងរយៈពេល៣០ឆ្នាំនេះ សហរដ្ឋអាមេរិកបានចំណាយប្រាក់១៩០លានដុល្លារដើម្បីសិក្សា អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(UXO)និងស្ថាបនាសមត្ថភាពថ្នាក់ជាតិ។ ការយល់របស់ខ្ញុំគឺថាកម្ពុជាមានគោលដៅបញ្ចប់ការដោះគ្រាប់មីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(UXO)របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ហើយដូចជាការលើកឡើងរបស់លោកឯកអគ្គរាជទូតកម្ពុជាដែរ កម្ពុជាបានជួយបញ្ហាទាហានអាមេរិកាំងបាត់ខ្លួនឬMIA»។
លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងថា ក្នុងនាមជាប្រទេសដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមអាមេរិក-វៀតណាម នោះលោកបានស្នើដល់រដ្ឋាភិបាលអាមេរិកបង្វែរបំណុល អតីកាលសម្រាប់ការអភិវឌ្ឍកម្ពុជា ការអប់រំឬជាជំនួយមនុស្សធម៌ទាក់ទងនឹងការរងគ្រោះពីសង្គ្រាម៖ «គាំទ្រកម្មវិធីស្តារសម្បទាដល់ជនរងគ្រោះនិងកុមារទើបកើតដែលរងផលប៉ះពាល់ដោយសារធាតុគីមីពណ៌លឿង (Orange agent) នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសកម្ពុជា។ បង្វែបំណុលសង្រ្គាម បំណុលដែលកម្ពុជាជំពាក់អាមេរិកអំឡុងសង្រ្គាមនាដើមទសវត្ស១៩៧០ឱ្យមកជាជំនួយមនុស្សធម៌ដល់កម្ពុជាវិញ។ ពិចារណាលើការពង្រីកការគាំទ្រ ផ្តល់ឱកាសដល់និស្សិតកម្ពុជាមកសិក្សានៅសហរដ្ឋអាមេរិកអោយបានចំនួនច្រើនជាងមុនតាមរយៈអាហាររូបករណ៍»។
សហរដ្ឋអាមេរិកមិនទាន់សម្រេចថាត្រូវដោះស្រាយយ៉ាងណារឿងបំណុលកម្ពុជាជំពាក់នៅសម័យសង្គ្រាមកាលពី អតីតកាលទេ។ តែរហូតមកដល់ពេលនេះ បើគិតទាំងការប្រាក់ផង បំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិក បានកើនដល់យ៉ាងតិច ៥០០លានដុល្លារហើយ។ បំណុលនេះ ត្រូវសហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីជាង ២៧០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ នៅដើមទសវត្សរ៍ ១៩៧០ ដើម្បីទិញស្បៀងនិងកសិផលផ្សេងៗរបស់សហរដ្ឋអាមេរិក៕