ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុម​សង្គម​ស៊ីវិល​នៅ​ឥណ្ឌូនេស៊ី​បារម្ភ​ចំពោះ​ការ​ជ្រើសរើស​អនុ​ប្រធានាធិបតី​របស់​លោក Joko Widodo


រូបឯកសារ៖ ក្រុម​មនុស្ស​ដែល​ពាក់​អាវ​មាន​សរសេរ​អក្សរ​ថា «ប្តូរ​ប្រធានាធិបតី​នៅឆ្នាំ​២០១៩» កំពុង​ឈរ​នៅ​ក្រោម​ទង់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​ឧសភា ២០១៨។
រូបឯកសារ៖ ក្រុម​មនុស្ស​ដែល​ពាក់​អាវ​មាន​សរសេរ​អក្សរ​ថា «ប្តូរ​ប្រធានាធិបតី​នៅឆ្នាំ​២០១៩» កំពុង​ឈរ​នៅ​ក្រោម​ទង់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​ឧសភា ២០១៨។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឥណ្ឌូនេស៊ី​កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ជ្រើស​រើស​របស់​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី​លោក ​Joko Widodo នូវ​បព្វជិត​ឥស្លាម​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ឲ្យ​ធ្វើ​ជា​ដៃគូ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​តំណែង​ជា​អនុ​ប្រធានាធិបតី។

ការ​ជ្រើសរើស​នេះ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​ជា​ច្រើន​មើល​ឃើញ​ថា​ជា​វិធានការ​នយោបាយ​ដ៏​ឈ្លាសវៃ​មួយ ដែល​អាច​នាំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​លើ​សិទ្ធិ​ជនជាតិ​ភាគ​តិច ស្រប​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ទស្សនៈ​អភិរក្ស​និយម​បែប​សាសនា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ឈ្មោះ Jokowi នោះ បាន​បញ្ជាក់​អះអាង​ថា លោក​ពិតជា​បាន​ជ្រើសរើស​លោក Ma'ruf Amin ឲ្យ​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​តំណែង​ជា​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ប្រាកដ​មែន។ លោក Ma'ruf Amin គឺ​ជា​មេដឹកនាំ​កំពូល​នៃ​អង្គការ Nahdlatul Ulama ដែល​ជា​អង្គការ​ឥស្លាម​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​ក្រុមប្រឹក្សា Ulema ឥណ្ឌូនេស៊ី ដែល​ជា​ក្រុម​ប្រឹក្សា​អភិរក្ស​និយម​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី។

ទោះបីជា​លោក Ma'rufវ័យ ៧៥ ឆ្នាំ​រូប​នេះ មាន​បទ​ពិសោធន៍​នយោបាយ​ខ្លះ​នៅ​ក្នុង​កិច្ច​ការងារ​នៅ​ឯ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​របស់​លោក​ប្រធានាធិបតី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Susilo Bambang Yudhoyono ដែល​ជា​អ្នក​កាន់​មុខ​ដំណែង​ជា​ប្រធានាធិបតី​មុន​លោក Jokowi ក៏​ដោយ ក៏​លោក​គឺ​ជា​ជម្រើស​មួយ​ដែល​គេ​មិន​រំពឹង​ទុក។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​របស់​លោក​ប្រធានាធិបតី Jokowi កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​និយាយ​ថា៖ «ប្រហែល​ជា​មាន​ចម្ងល់​ពី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​អំពី​ថា​តើ​ហេតុអ្វីបាន​ជា​លោក​បណ្ឌិត​សាស្ត្រាចារ្យ Ma'ruf Amin ត្រូវ​បាន​ជ្រើសរើស​នោះ។ មូលហេតុ​គឺ​ដោយសារតែ​លោក​ជា​បុគ្គល​ផ្នែក​សាសនា​មាន​ចំណេះ​ដឹង​ម្នាក់»។ លោក Jokowi បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​គិត​ថា យើង​បំពេញគ្នា​ទៅ​វិញ​ទៅ​មក​រវាង​ជាតិ និង​សាសនា»។

ទន្ទឹម​នឹង​នោះ​ដែរ គូ​ប្រជែង​សំខាន់​របស់​លោក Jokowi គឺជា​អតីត​នាយ​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ឈ្មោះ Prabowo Subianto ដែល​ធ្លាប់​បាន​ចូលរួមប្រកួត​ប្រជែង​ជាមួយ​នឹង​លោក Jokowi នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ ២០១៤។ លោក​ក៏​នឹង​មាន​ការចូលរួម​ផង​ដែរ​ពីលោក Sandiaga Uno ដែល​ជា​អ្នក​ជំនួញ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​ជាអភិបាល​រង​ក្រុង​ហ្សាការតា។

នៅ​ក្នុង​យុទ្ធនាការ​ដ៏​តានតឹង​កាល​ពី​ឆ្នាំ ២០១៤ ក្រុម​របស់​លោក Prabowo ជារឿយៗ តែងតែ​រិះរក​វិធី​ពណ៌នា​លោក Jokowi ថា​ជា​អ្នក​មិន​សូវ​គោរព​ចំពោះ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កាន់​សាសនា​ឥស្លាម។

ស្រប​ពេល​ដែល​ប្រជាប្រិយភាព​របស់​លោក Jokowi នៅតែ​កើន​ឡើង​ខ្ពស់ ការ​ស្ទង់​មតិ​មួយ​របស់​អង្គការ​ស្រាវជ្រាវ និង​ប្រឹក្សា Saiful Mujani កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា ការ​គាំទ្រ​លោក Jokowi មាន​ចំនួន ៧៦ ភាគរយ ដោយ​លក្ខណៈ​សម្បត្តិ​របស់​លោក​ទាក់ទិន​នឹង​សាសនា​ឥស្លាម​នៅតែ​ជា​ចំណុច​មួយ​ដែល​ក្រុម​ប្រឆាំង​អាច​រិះគន់​លោក​បាន​ដដែល។

លោក Evan Laksmana អ្នក​វិភាគ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter ថា ការ​ជ្រើសរើស​លោក Ma'ruf នេះ បាន​ពង្រឹង​នូវ «ចំណុច​រួម​នៃសាសនា​និយម និង​ជាតិ​និយម» នៅ​ក្នុង​រង្វង់​រដ្ឋាភិបាល​ចម្រុះដែល​មាន​គណបក្ស​ជាតិនិយម​កណ្ដាល និង​គណបក្ស​ឥស្លាម​និយម​ជា​ច្រើន។​

កាល​ពី​ឆ្នាំ​មុន លោក Ma'ruf បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្ដួល​រំលំ​លោក Basuki Tjahaja Purnama ដែល​គេ​ស្គាល់​ថា​ឈ្មោះ Ahok ដែល​ជា​អ្នក​ដើម​កំណើត​ចិន​កាន់​សាសនា​គ្រិស្ដ។ លោក Ahok ដែល​ជា​អតីត​សម្ព័ន្ធមិត្ត​របស់​លោក Jokowi និង​ជា​អតីត​អភិបាល​រដ្ឋធានី​ហ្សាការតា​រូប​នេះ បាន​ក្លាយជា​មុខ​សញ្ញា​វាយ​ប្រហារ​នៃ​យុទ្ធនាការ​របស់​ក្រុម​ជ្រុល​និយម​ដើម្បី​ទម្លាក់​លោក​ចេញ​=ពី​តំណែង បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ប្រមាថ​គម្ពីរ​គូរ៉ាន់។

លោក​ក៏​ធ្លាប់​ធ្វើជា​«សាក្សី​ជំនាញ»​ សម្រាប់​ការ​កាត់​ទោស​ដោយ​ជោគ​ជ័យ​ពី​បទ​ប្រមាថប្រឆាំង​នឹង​លោក​ Ahok​ ដែល​បច្ចុប្បន្ន​នេះ លោក Ahok កំពុង​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ។

លោក​សាស្ត្រាចារ្យ Edward Aspinall នៃ​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា៖ «លោក​Jokowi បាន​ឃើញ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​អភិបាល​ក្រុង​ដើម​កំណើត​ចិន​កាន់​សាសនា​គ្រិស្ត​នេះ​ថា​ជា សញ្ញា​មួយ​ដែល​បង្ហាញ​ថា អាជីព​នយោបាយ​របស់​លោក​អាច​នឹង​ឈាន​ដល់​ទី​បញ្ចប់ ហើយ​តាំង​ពី​ពេល​នោះ​មក លោកបាន​ព្យាយាម​បង្កើន​ជំហរ​នយោបាយ​របស់​លោក​ដោយ​ផ្ដោត​លើ​សិទ្ធិ​របស់​អ្នក​កាន់​សាសនា​ឥស្លាម ហើយ​ជាពិសេស​លោក​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​នានា​នៃ​អង្គការ Nahdlatul Ulama និង​ក្រុម​ប្រឹក្សា Ulema ឥណ្ឌូនេស៊ី‍»។ លោក Aspinall បាន​ប្រាប់​វីអូអេ​ថា​លោក Ma'ruf ​បាន​ក្លាយ​ជា«ចំណុច​ស្នូល» នៃ​យុទ្ធសាស្ត្រ​នេះ​។

សម្ព័ន្ធមិត្ត​របស់​លោក Jokowi បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក Ahok មិន​ខឹង​ជា​ដាច់​ខាត​ចំពោះ​ជម្រើស​របស់​លោក Jokowi នៅ​ក្នុង​ការ​ជ្រើសរើស​អនុ​ប្រធានាធិបតី​របស់​លោក។

ប៉ុន្តែ​បេក្ខភាព​របស់​លោក Ma'ruf ត្រូវ​បាន​អត្ថបទ​បញ្ចេញ​មតិ​មួយ​នៅ​ក្នុង​កាសែត Jakarta Post ចាត់ទុក​ថា​ជា «ការ​អនុវត្ត​ជាក់​ស្ដែង​ខ្លាំង​ពេក»។ អត្ថបទ​បញ្ចេញ​មតិ​នោះបាន​ចោទ​សួរ​ថា «គ្រាន់តែ​សម្រាប់​ផល​ប្រយោជន៍​នយោបាយ​រយៈពេល​ខ្លី តើ​លោក Jokowi ហ៊ាន​លះបង់​ចោល​នូវ​ទស្សន​វិស័យ​រយៈពេល​វែង​សម្រាប់លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​ចម្រុះ​ជាតិ​សាសន៍​ដែរ​ឬ​ទេ?»។

លោក Andreas Harsono អ្នក​ស្រាវជ្រាវ​កិច្ចការ​ឥណ្ឌូនេស៊ី​របស់​អង្គការ Human Rights Watch បាន​និយាយ​ថា តួនាទី​របស់​លោក Ma'ruf នៅ​ក្នុង​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ភាព​ស្រុះស្រួល​គ្នា​នៃ​សាសនា​ឆ្នាំ ២០០៦ ដែល​សម្រាប់​ជំនួស​ឲ្យ​គោលការណ៍​សេរីភាព​សាសនា មាន​ន័យ​ថា​បេក្ខភាព​របស់​លោក​មិនល្អ​សម្រាប់​សិទ្ធិ​របស់​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​មិន​មែន​ជា​អ្នក​កាន់​សាសនា​ឥស្លាម របស់​ស្ត្រី ឬ​ក៏​របស់​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ។

ទី​ភ្នាក់ងារ​ព័ត៌មាន Antara របស់​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ឆ្នាំ ២០១៦ បាន​ដក​ស្រង់​សម្ដី​របស់​លោក Ma'ruf ដែល​បាន​និយាយ​ថា «យើង​ចង់​ឲ្យ​មាន​ការ​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ចំពោះសកម្មភាព​របស់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា និង​សកម្មភាព​ផ្លូវ​ភេទ​ខុសឆ្គង​ដទៃ​ទៀត និង​ចង់​ឲ្យ​មាន​ច្បាប់​មួយ​ដែល​ចាត់ទុក​សកម្មភាព​ទាំង​នេះ​ថា​ជា​បទ​ឧក្រិដ្ឋ»។

លោក Harsono បាន​និយាយ​ថា៖ «លោក Ma'ruf Amin ក៏​បាន​ចេញ​ច្បាប់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ស្ត្រី​ផង​ដែរ ដែល​ហាម​មិន​ឲ្យ​មាន​ការ​វះកាត់​ប្រដាប់​ភេទ​ស្ត្រី អាពាហ៍ពិពាហ៍​កុមារ និងបញ្ហា​ដទៃ​ទៀត​ទាក់ទង​នឹង​ស្ត្រី​កាន់​សាសនា​ឥស្លាម»។

ផ្ទុយ​មក​វិញ លោក Prabowo នឹង​ប្រមូល​ផ្ដុំ «អ្នក​ជាតិនិយម អ្នក​ផ្ដាច់ការ​និយម ដើម្បី​ស្វែងរក​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​រឹងមាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Aspinall។ លោក Uno ដែល​ជា​មិត្ត​រួម​ការងារ​របស់​លោក Prabowo និង​ជា​អ្នក​ដែល​មាន​តួនាទី​សំខាន់​ផង​ដែរ​នៅ​ក្នុង​យុទ្ធនាការ​ទម្លាក់​លោក Ahok ត្រូវ​បាន​គេ​ជ្រើស​តាំង​ឡើង បន្ទាប់​ពី​លោកបាន​សន្យា​ផ្ដល់​ប្រាក់​ចំនួន ៣ សែន ៤ ម៉ឺន ២ ពាន់​ដុល្លារ​អាមេរិក ដល់​គណបក្ស Islamic PAN និង​គណបក្ស PKS។

លោក Sandi ត្រូវ​បាន​គេ​ស្គាល់​ថា​មក​ពី​តំបន់ Gorontaloនៃ​កោះ Sulawesi ហើយ​លោក​នឹង​ក្លាយ​ជា​បេក្ខជន​តែ​ម្នាក់​គត់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មិនមែន​មក​ពី​កោះ​ជ្វា។

នៅ​ក្នុង​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​កោះ​រាប់​ពាន់ និង​ភាសា​រាប់​រយ និង​ជា​ប្រទេស​ដែល​គ្រប​ដណ្ដប់​តាំងពី​យូរយារ​ណាស់​មក​ហើយ​ដោយ​ភាគ​ច្រើន​ជា​ជនជាតិ​ជ្វា​នេះ ករណី​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​កត្តា​សំខាន់​មួយ​នៅ​ក្នុង​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ជនជាតិ​ដើម​ភាគ​តិច ជា​ពិសេស​ពី​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់ Sulawesi។

ប៉ុន្តែ​គ្មាន​គណបក្ស​ចម្រុះ​ណា​មួយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ជនជាតិ​ភាគតិច​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត។

លោក Harsono បាន​បន្ថែម​ទៀត​ថា៖ «ចាប់​តាំង​ពី​ជនជាតិ​ភាគតិច Ahmadiyyah រហូត​ដល់​អ្នក​កាន់​សាសនា​ឥស្លាម ចាប់​តាំង​ពី​ស្ត្រី​រហូត​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​សៃវៀន​នយោបាយ​ទាំងពីរ​នេះ​ច្របាច់​បញ្ចូល​គ្នា»។ លោក​បាន​បន្ថែម​ថា៖ «វា​មិនមែន​ជា​ដំណឹង​ល្អ​នោះ​ទេ​សម្រាប់​អនាគត​របស់​អ្នក​ទាំងអស់​គ្នា ក៏​ដូចជា​សម្រាប់​អនាគត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ»៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG