ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ថ្មី​របស់​ឥណ្ឌូណេស៊ី​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​មុនគេ​ក្នុង​ដំណើរ​ទស្សនកិច្ច ៥ ប្រទេស


រូបឯកសារ៖ ប្រធានាធិបតី​ជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto ចូលរួម​សុន្ទរកថា​ប្រចាំ​រដ្ឋប្រចាំឆ្នាំ​នៅ​អគារសភា​មុន​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ប្រទេស ក្នុងទី​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​ជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto ចូលរួម​សុន្ទរកថា​ប្រចាំ​រដ្ឋប្រចាំឆ្នាំ​នៅ​អគារសភា​មុន​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ប្រទេស ក្នុងទី​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​លោក Prabowo Subianto បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ការ​ចាប់ផ្ដើម​នូវ​ដំណើរ​ទស្សនកិច្ច ៥ ប្រទេស​របស់​លោក ដែល​ក្នុង​នោះ​អាច​មាន​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​លោក Donald Trump ផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Prabowo ដែល​ជា​អតីត​នាយ​ឧត្តមសេនីយ៍​វ័យ ៧៣ ឆ្នាំ បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ខែ​មុន។ លោក​បាន​សន្យា​ថា​នឹង​ធ្វើឱ្យ​ឥណ្ឌូណេស៊ី​មាន​ជំហរ​កាន់តែ​លេច​ត្រដែត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​ស្របពេល​នោះដែរ​នៅ​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​ការបរទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ជា​យូរ​មកហើយ​របស់​ខ្លួន។

មុន​ពេល​ចេញដំណើរ លោក Prabowo បាន​និយាយ​ថា​លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​មុន​គេ ដែល​នៅ​ទីនោះ​លោក​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ហើយ​បន្ទាប់មក​លោក​នឹង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden។

គេ​មិន​ច្បាស់​ទេ​ថាតើ​ដំណើរ​ទស្សនកិច្ច​របស់​លោក Prabowo នៅ​សហរដ្ឋ​អាមេរិក​នឹង​រួម​មាន​ផងដែរ​នូវ​ជំនួប​ជាមួយ​នឹង​លោក Trump ប៉ុន្តែ​លោក Hasan Nasbi ដែល​ជា​អ្នកនាំពាក្យ​របស់​លោក Prabowo បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ពិភាក្សា​ជាមួយ​នឹង​លោក Trump ទំនងជា​អាច​ស្ថិត​នៅ​លើ​របៀបវារៈ។

លោក Prabowo បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួម​មាន​ផងដែរ​នូវ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉េរូ​ដើម្បី​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​របស់​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) និង​ទៅកាន់​ប្រទេស​ប្រេស៊ីល​ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G-20 មុន​ពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Keir Starmer៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG