សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញសម្រាប់បណ្តឹងជំទាស់របស់លោកមាជ សុវណ្ណរ៉ាសុំនៅក្រៅឃុំ និងទៅក្រៅប្រទេស ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះយល់ព្រមបំបែកសំណុំរឿងរបស់សកម្មជនទាំង១១នាក់។
ក្រោយពីការសួរដេញដោលប្រហែលបីម៉ោង លោកប្លង់ សំណាង ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះបានយល់ព្រមបំបែកបណ្តឹងជំទាស់របស់លោក មាជ សុវណ្ណរ៉ា ចេញពីបណ្តឹងឧទ្ធរណ៍ជារួមរបស់អ្នកទាំង១១ ប្រឆាំងនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ ដែលកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំងនេះឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ។
លោក ណៃ វង្សដា មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុក បានបង្ហាញការពេញចិត្តចំពោះការសម្រេចរបស់តុលាការក្នុងការបំបែកសំណុំរឿងតាមសំណើរបស់មេធាវីនេះ ព្រោះការសម្រេចនៅតុលាការក្រុងភ្នំពេញធ្វើឡើងដោយជនជាប់ចោទខ្លះមិនមានមេធាវីការពារ។
«ខ្ញុំកោតសរសើរតុលាការដែលអនុញ្ញាតឲ្យមានការជជែកដេញដោលគ្នាអញ្ចឹងណា៎»។
សាលាឧទ្ធរណ៍បានសម្រេចបើកសវនាការបណ្តឹងជំទាស់របស់លោក មាជ សុវណ្ណារ៉ា ប្រឆាំងនឹងសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដែលមិនអនុញ្ញាតឲ្យជនជាតិអាមេរិកាំងដើមកំណើតខ្មែររូបនេះ ចាកចេញទៅក្រៅប្រទេស។ ក្រោយពីមានការដេញដោលជាងមួយម៉ោងទៀត និងការពិភាក្សា១៥នាទី ក្រុមប្រឹក្សាសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ។
លោកជូង ជូងី មេធាវីរបស់លោក មាជ សុវណ្ណារ៉ា បានប្រាប់ VOA ថា សវនាការនៅថ្ងៃព្រហស្បតិ៍នេះបានត្រឹមតែសម្រេចបំបែកសំណុំរឿងនិងសម្រេចមិនឲ្យលោក មាជ សុវណ្ណារ៉ា ចេញក្រៅឃុំ ឬទៅក្រៅប្រទេស។
«ពាក់ព័ន្ធនឹងរឿងនយោបាយ អញ្ចឹងហើយបានវាមានការ... ដូចថា វាមានភាពស្មុគស្មាញអញ្ចឹងណា៎»។
លោកបន្តថា បណ្តឹងឧទ្ធរណ៍រួមទាំង១១នាក់ប្រឆាំងការសម្រេចឃុំឃាំងពី៧ឆ្នាំទៅ២០ឆ្នាំនោះមិនទាន់មានការបានដេញដោលទេ នៅថ្ងៃនេះ ហើយតុលាការក៏មិនទាន់កំណត់ថ្ងៃដែលបើកសវនាការទៀតដែរ។
អ្នកស្រី មាជ ម៉ារ៉ាឌី អាយុ៦៩ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ជាម្តាយរបស់លោក មាជ សុវណ្ណារ៉ា បានប្រាប់អ្នកយកព័ត៌មានថា គាត់ចង់ឃើញមុខកូនរបស់អ្នកស្រី។ អ្នកស្រីដេកមិនលក់ ធ្លាក់ខ្លួនឈឺ ស្គម ហើយតក់ស្លុតឃើញកូនរបស់អ្នកស្រីជាប់ខ្នោះ។
«តក់ស្លុតសម្បើមណាស់ ព្រោះខ្ញុំឃើញកូនជាប់ខ្នោះ។ ពិបាក ... ពិបាកក្នុងចិត្ត។ ឃើញទេ ឈឺឡើងស្គមទៅហើយ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ទិត្យ ណារិន ភរិយារបស់លោក អ៊ុក ពេជ្រសំណាង និយាយទាំងទឹកភ្នែកថា អ្នកស្រីបារម្ភអំពីសុខភាពរបស់ប្តីអ្នកស្រី ដែលត្រូវគេវ៉ៃបែកក្បាល ហើយរដ្ឋាភិបាលចាប់លោកដាក់គុក។ ពេលបង្ហាញរូបថតប្តីរបស់អ្នកស្រីរងរបួសនោះ អ្នកស្រីសុំឲ្យតុលាការដោះលែងប្តីរបស់អ្នកស្រី។
«មានអារម្មណ៍ក្តុកក្តួលឃើញប្តីឡើងមកមានខ្នោះដៃ... ជាប់គុកម្តងហើយម្តងទៀត។ ជាលើកទីពីរហើយដែលគេចាប់ប្តីខ្ញុំដាក់គុក។ មិនដឹងជាគិតយ៉ាងណា៎»។
ពេលអនុរក្សកំពុងនាំខ្លួនលោក លោក អ៊ុក ពេជ្រសំណាង ដែលបែកក្បាលពេលប៉ូលិសចាប់ខ្លួន និយាយថា៖
«ជាសញ្ញាឧក្រិដ្ឋកម្ម... តុលាការឧក្រិដ្ឋកម្មអស់លោកណា៎។ មិនមែនជាសញ្ញាប័ត្រទេ ជាតុលាការឧក្រិដ្ឋកម្ម សូមអស់លោកយល់ឲ្យច្បាស់»។
នៅពេលអនុរក្សកំពុងនាំខ្លួនលោក លោក មាជ សុវណ្ណារ៉ា អាយុ៤៦ឆ្នាំ ប្រធាននាយកដ្ឋានព័ត៌មាននៃគណបក្សសង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីចុងឆ្នាំ២០១៤ បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបើកឱកាសឲ្យក្មេងជំនាន់ក្រោយអាចប្រកួតប្រជែងខាងនយោបាយជាមួយកូនប្រុសរបស់លោក។
សកម្មជនទាំង១១រូបនេះត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសនាខែតុលាឆ្នាំ២០១៥ពីបទចូលរួម និងធ្វើកុប្បកម្មប្រឆំាងនឹងរដ្ឋាភិបាលពេលដែលសកម្មជនគណបក្សជំទាស់ធ្វើបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ ក្នុងខែកក្កដាឆ្នាំ២០១៤។ តុលាការបានដាក់ទោសសកម្មជនទាំងនេះពី៧ ដល់២០ឆ្នាំ ដោយសំអាងថា ពួកគេបានបង្កឲ្យមានអំពើហិង្សា ដែលធ្វើឲ្យអ្នកបម្រើការសន្តិសុខរបួសជាង៤០នាក់ក្នុងពេលប៉ះទង្គិចគ្នានោះ។
ព្រះតេជគុណ ស៊ឹម សុវណ្ណី ដែលបានអះអាងថា ព្រះអង្គឋិតនៅក្នុងព្រឹត្តិការណ៍ហិង្សានៅទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤នោះ បានមានសង្ឃដីកាថា លោកមាជ សុវណ្ណារ៉ាមិនបានប្រព្រឹត្តអំពើហិង្សាទេ។
«លោក មាជ សុវណ្ណារ៉ា នេះគាត់បានប្រកាសថា សូមកុំប្រើអំពើហិង្សា។ យើងស្ងៀមស្ងាត់ កុំតបត។ ប៉ុន្តែដល់ព្រឹត្តិការណ៍នោះកើតឡើងដោយសារតែសន្តិសុខនោះវាយបំពានទៅដល់ ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋច្រើន អញ្ចឹងប្រជាពលរដ្ឋមួយចំនួនក៏គាត់ទប់ចិត្តមិនបាន គាត់តបតវិញ ទៅចាប់ដំបងពួកវាហ្នឹងវ៉ៃតបតវិញ»។
សកម្មជនទាំងនេះត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០១៥ ដោយសារមានការសម្របសម្រួលនយោបាយរវាងលោកសម រង្ស៊ី នៃគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។ តុលាការបានចាប់ពួកគេឃុំឃាំងវិញនៅថ្ងៃ២១ខែកក្កដាឆ្នាំ២០១៥ នៅពេលមានវិបត្តិនយោបាយ ក្រោយពីសកម្មជនគណបក្សសង្គ្រោះជាតិទៅត្រួតពិនិត្យព្រំដែនកម្ពុជាវៀតណាម និងបញ្ហាផែនទីរវាងប្រទេសទាំងពីរ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់អ្នកយកព័ត៌មានថា ការដោះលែង និងការចាប់ខ្លួនជនសង្ស័យទាំងនេះយកទៅឃុំឃាំងវិញគឺជាឥទ្ធិពលនយោបាយ។
«អញ្ចឹងរឿងទាំងអស់នេះដែលគេចាត់ទុកថា ជារឿងនយោបាយ អញ្ចឹងចេញចូលៗ ដូចត្លុកល្ខោនអញ្ចឹងទៅ។ បើនយោបាយត្រូវគ្នា ចេញ។ បើនយោបាយមិនត្រូវគ្នា ចូល។ អញ្ចឹងសង្ឃឹមថា អ្នកនយោបាយទាំងអស់នឹងបញ្ឈប់ការយកតុលាការជាឧបករណ៍នយោបាយ»។
លោកបន្ថែមថា បើគ្មានដំណោះស្រាយនយោបាយទេ តុលាការនឹងមិនសម្រេចដោះលែងពួកគេឲ្យមានសេរីភាពទេ៕