ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ជនជាតិ​ឥណ្ឌា​ដឹកនាំចលនាបំបែកបម្រាមរបស់ព្រះវិហារ


ព្រះវិហារហិណ្ឌូមួយចំនួនបានដាក់បម្រាមនៅខ្លោងទ្វារបស់ពួកគេយោងតាមប្រពៃណីចំណាស់។
ព្រះវិហារហិណ្ឌូមួយចំនួនបានដាក់បម្រាមនៅខ្លោងទ្វារបស់ពួកគេយោងតាមប្រពៃណីចំណាស់។

បន្ទាប់​ពី​ការ​កើន​ឡើង​ការ​ប្រជែងនឹង​ប្រពៃណី​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ ស្ត្រី​ជនជាតិ​ឥណ្ឌា​បាន​ចូល​ទៅ​​ក្នុង​កន្លែង​ពិសិដ្ឋ ដែលជាព្រះ​វិហារ​ហិណ្ឌូសំខាន់​មួយ ​ដែល​បាន​ហាម​ស្ត្រី​ទាំងនោះ​មិន​ឲ្យ​ចូលព្រះវិហារនេះ​អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​ ហើយ​ពួកគេ​កំពុង​ប្រមូល​ផ្តុំ​ធ្វើ​ចលនា​មួយ​ដើម្បី​ឲ្យ​លុប​បំបាត់​បម្រាម​ស្រដៀង​ៗ​គ្នា​នេះ​នៅក្នុង​ព្រះវិហារ​ផ្សេងៗ​ទៀត​ រួម​ទាំង​វិហារ​ឥស្លាម​បុរាណ​មួយ​ផង​ដែរ​។​

នៅ​ពេល​សកម្មជន​អាយុ ៣១​ ឆ្នាំ​ ឈ្មោះ​ Trupti Desai បាន​ឈាន​ជើង​ចូល​កន្លែង​ ដែល​អាទិទេព​នៃ​ព្រះវិហារShani Shingnapur ត្រូវ​បាន​ដាក់នៅទីនោះ​ ការ​ឈានជើង​ចូល​វិហារ​នោះត្រូវបានគេ​សាទរ​ថា ជា​ជ័យជម្នះ​ដ៏ធំ​នៃ​សមភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ស្រទាប់​ធំៗ​នៃសង្គម​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​បុរស។

ការ​ដើរ​ចូល​នាង​ Desai​ ទៅ​ក្នុង​ភូមិ​ Ahmednagar ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​រដ្ឋ​ Mahasrashtra កាល​ពី​ខែ​មេសា ជាមួយ​នឹង​ស្រ្តីមួយ​ក្រុម​តូច​ផ្សេង​ទៀត ​បាន​កំណត់​ទី​បញ្ចប់នៃយុទ្ធនាការ​មួយ ដែលនាង​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​៥ខែ​មុន ​នៅពេល​ដែលនាងបាន​ឮ​ថា​ អាចារ្យ​ជា​ច្រើន​បាន​ប្រារព្ធ​ពិធី​ជម្រះកាយ​នៅ​ក្នុង​ព្រះវិហារ ​បន្ទាប់​ពី​ស្រ្តី​ម្នាក់​បាន​ធ្វើ​ការ​អធិដ្ឋាន​ដល់​អាទិទេព។​

បន្ទាប់​ពី​ប៉ូលិស​បាន​បញ្ឈប់​ការ​ប៉ុនប៉ង​របស់​នាង​ Desaiពី​ការ​លោត​ឆ័ត្រ​យោង​ពី​ឧទ្ធម្ភាគចក្រ​មួយ​ទៅក្នុង​ទីធ្លា​នៃ​ព្រះវិហារ​កាល​ពី​ដើម​ឆ្នាំ​នេះ ស្រី្ត​សកម្មជន​នានា​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តស៊ូ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បម្រាម​នោះ។​

តុលាការ​កំពូល​ក្រុង​បុមបៃ (Mumbai) ​បាន​សម្រេច​ឲ្យ​ស្ត្រី​ទាំងនោះ​ឈ្នះ ដោយ​និយាយ​ថា​ វា​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ស្រ្តី​ក្នុង​ការ​ចូល​ទៅ​កន្លែង​គោរព​បូជា​ណា​មួយ​ ដែល​បុរស​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​បាន​។​ ហើយ​អាជ្ញាធរ​គួរតែ​ជួយ​សម្រួល​ពួក​គេ​ឲ្យចូលទៅ​ក្នុង​ព្រះ​វិហារ​ដែល​ហាម​ឃាត់​មិន​ឲ្យ​ស្រ្តី​ចូល។​

បន្ទាប់​ពី​ការ​ប្រឆាំង​តបត​ ទី​បំផុត​អ្នក​តំណាង​ព្រះវិហារ​បាន​បើក​ទ្វា​រផ្នែក​ខាងក្នុង​នៃ​កន្លែង​ពិសិដ្ឋ​ឲ្យ​ស្រ្តី​ចូល។ វា​មិន​បាន​កើត​ឡើង​ដោយ​ស្រួល​ៗ នោះ​ទេ។​ សកម្មជន​ស្រ្តី​ត្រូវ​តែ​យកលិខិត​បញ្ជា​ពី​តុលាការ​ទៅជាមួយ និង​ត្រូវ​មានការពារ​ដោយ​ក្រុមប៉ូលិស​ដោយសារ​ពួកគេ​ប្រឈម​នឹង​ការ​តវ៉ា​ប្រឆាំង​តបវិញ​ពី ប្រជាជន​ដែល​ចង់​ការពារ​ព្រះវិហារ​ ហើយ​ជឿថា ​វា​ជា​ការ​ប្រមាថ​ដោយ​ស្រ្តី។​

បន្ទាប់​ពី​បានទទួល​ជ័យជម្នះ​នាង ​Desai បាន​និយាយថា​ «មនុស្ស​ជា​ច្រើន​នាក់​បាន​និយាយថា​ ដរាបណាព្រះអាទិត្យ ព្រះច័ន្ទ​និង​តារា​នៅតែមាន អ្នក​នឹង​គ្មាន​ឱកាសបាន​ជាន់​ទីនេះទេ។ ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​អំណាច​ស្រ្តី​បាន​ឈ្នះ​ហើយ​ប្រពៃណី​បាន​ចាញ់​»។

នាង​បាន​និយាយ​ថា​ ចលនា​របស់​នាង​មិន​បាន​សំដៅ​ទៅ​រក​ការ​អនុវត្ត​សាសនា​នោះ​ទេ។ ចលនា​នេះ​ប្រឆាំង​នឹងគំនិតដែល​ថា ​ស្រ្តី​មាន​ឋានៈទាប​ជាងគេ។ ព្រះវិហារ​ហិណ្ឌូភាគ​ច្រើន​អនុញ្ញាត​ឲ្យ​ស្រ្តី​ចូល​ បុន្តែព្រះវិហារ​សំខាន់ៗមួយ​ចំនួន​ធំ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​នោះ​ទេ។​

ខណៈដែល​យុទ្ធនាការ​ដើម្បី​ផ្លាស់​ប្តូរ​សភាព​ការណ៏​ទាក់​ទាញ​ចំណាប់​អារម្មណ៍ជា​ច្រើន​ ស្រ្តី​នានា​បាន​តាមដានព្រះវិហារ​ផ្សេងៗ​ទៀត​ដែល​មាន​បម្រាម​ស្រដៀង​ៗ​គ្នា​នេះ។​ យ៉ាងហោច​ណាស់​មាន​ព្រះ​វិហារ​ល្បីៗចំនួន​២ គឺ​ព្រះវិហារ​ Trimbakeshwar នៅក្នុងទីក្រុង​ Nashik និង​ព្រះ​វិហារ Mahalaxmi នៅ​ទីក្រុង​ Kolhapur ​បញ្ចប់ការហាម​ប្រាម​ស្រ្តី​កាល​ពី​ខែ​មុន​នេះ។​

ប៉ុន្តែ​ការតស៊ូ​នេះ​មិន​ទាន់​ចប់​នៅឡើយទេ​ នៅ​ពេល​ដែល​អ្នក​តវ៉ាស្រដៀងគ្នានេះកំពុង​ធ្វើ​យុទ្ធនាការ​នៅ​តំបន់​ផ្សេងៗ​ទៀតនៅ​ក្នុង​ប្រទេស។​ យុទ្ធនាការ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍ខ្លាំង​បំផុត​នោះ​គឺ ការ​តវ៉ា​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះ​វិហារSabarimala Ayyappa ដ៏​ល្បី​ល្បាញ​នៅ​រដ្ឋ ​Kerala ភាគ​ខាងត្បូងប្រទេស​ឥណ្ឌា ដែល​មិន​អនុញ្ញាត​ឲ្យ​ស្រ្តីនៅ​ក្នុង​វ័យ​បន្តពូជ​ចូល​ក្នុង​ព្រះ​វិហារ​នោះ។​ បម្រាម​នេះកើត​ចេញ​ពី​ជំនឿ​ដែល​ថា​ ស្រ្តី​ដែល​កំពុង​មក​រដូវ​ គឺ​មិន​បរិសុទ្ធ។​

តុលាការ​កំពូល ដែលនឹង​សម្រេច​លើ​ការ​រតស៊ូ​ផ្លូវ​ច្បាប់​ទៅទំនៀមទម្លាប់​ចំណាស់​ដែល​មាន​រាប់​សតវត្សរ៍នេះ​ បាន​និយាយថា​ ខ្លួន​នឹង​ធ្វើ​ការ​សាកល្បង​ទៅ​លើ​បម្រាម​នេះ​ផ្អែក​លើរដ្ឋធម្មនុញ្ញ។

​ចៅ​ក្រមម្នាក់​ក្នុង​ចំណោម​ចៅ​ក្រម​បី​នាក់​គឺ​លោក Justice Dipak Misra បាន​មាន​ប្រសាសន៍​ថា​ «តើ​ព្រះ​វិហារ​មាន​សិទ្ធិអ្វី​ក្នុង​ការ​ហាម​ឃាត់​ស្រី្ត​មិន​ឲ្យ​ចូលក្នុងព្រះវិហារ? តើ​អ្នក​អាច​បដិសេធ​សិទ្ធិរបស់​ស្រ្តីដើម្បី​ឡើង​ភ្នំអេ​វើ​រេ​សទេ? ហេតុ​ផល​ក្នុង​ការ​ហាម​អ្វី​មួយ​ត្រូវ​តែអនុវត្ត​ដល់​អ្នក​គ្រប់​គ្នា​ទាំង​អស់»។

អាជ្ញាធរ​របស់​ព្រះវិហារ​បាន​ការពារ​ប្រពៃណី​នេះ​ដោយ​និយាយ​ថា ​អាទិទេព​ដែល​កំពុង​បូជា​គឺ​នៅ​លីវ។

មិន​មែន​មាន​តែព្រះ​វិហារ​ហិណ្ឌូ​ប៉ុណ្ណោះទេ​ ដែល​រងការ​គៀបសង្កត់​ឲ្យ​អនុញ្ញាត​ស្រ្តី​ឲ្យ​ចូល​។​អ្នក​ដាក់ញ្ញត្តិ ​ដែល​ជាស្រ្តី​ជនជាតិ​មូស្លីមក៏​បាន​តស៊ូ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​បម្រាម​ដែល​ដាក់​ទៅ​លើ​ពួកគេ​នៅ​ក្នុង​ចេតិយ​កាល​ពី​សតវត្ស​ទី​១៥ នៅ​ឯព្រះ​វិហារ Haji Ali Dargah ដែល​ជាព្រះ​វិហារ​ដ៏​ល្បី​មួយ​ក្នុង​ចំណោម​ព្រះ​វិហារ​ឥស្លាមល្បី​ៗ​ដទៃ​ទៀត​ក្នុង​ប្រទេស នៅ​ទី​ក្រុង​បុមបៃ​ ក៏ដូចជា​កន្លែង​ប្រវត្តិសាស្រ្ត​ដ៏​ល្បីឈ្មោះ​មួយ​ផង​ដែរ​។​ បម្រាម​ទាំងនោះ​ត្រូវ​បាន​គេដាក់​ក្នុង​ឆ្នាំ​២០១១​ដោយ​អ្នក​តំណាង​ព្រះ​វិហារដែលនិយាយ​ថា ការ​អនុញ្ញាត​ឲ្យ​ស្រ្តី​ចូល​មក​ជិត​ផ្នូរ​នៃ​បុគ្គល​ជា​ទី​សក្ការៈគឺជា «បាបកម្ម​ដ៏​អាក្រក់​មួយ» ក្នុង​សាសនា​ឥស្លាម។

អ្នក​ស្រី​ Zakia Soman សហស្ថាបនិក​នៃ​អង្គការ​សិទ្ធិ​នារី​មូស្លីម​ (Bharatiya Muslim Mahila Andolan) បានចោទ​សួរអំពី​បម្រាម​នេះ ​ដោយ​លើក​ឡើង​ថា ​ទាំង​បុរស​និងស្រ្តី​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិចូល​ទៅ​កាន់​កន្លែង​ពិសិដ្ឋ​បំផុត​សម្រាប់​ជន​មូស្លីម​ទាំងអស់នៅ​ទី​ក្រុង​ Mecca។

អ្នក​ស្រី​បាន​និយាយ​ថា ​ពួក​គេ​បាន​ទៅតុលាការ​បន្ទាប់​ពីការព្យាយាម​ជួប​សន្ទនា​ជាមួយ​អ្នក​តំណាង​ព្រះវិហារ​គ្មាន​ដំណើរ​ការ​ដែលមាន​ន័យ​ថា​ នៅពេលដែល​ស្រ្តី​បញ្ចេញ​សំឡេងដើម្បី​សមភាព «មនុស្ស​ទាំង​នេះ​កាន់​តែខឹងសម្បារ។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​វា​ហួស​ទៅ​ដោយ​មិនមាន​អ្វី​កើត​ឡើង​នោះទេ យើង​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​សិទ្ធិនេះ»។​

អ្នក​គាំទ្រសិទ្ធនារី​បាន​ពណ៌នា​ចលនា​ដើម្បី​ចូល​ទៅ កាន់​ទី​កន្លែង​គោរព​បូជា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយក្នុង​ការ​ស្វែង​រក​សមភាព​យេនឌ័រ​។ ពួកគេ​និយាយថា ​អ្វី​ដែល​សំខាន់​នោះ​គឺ​យុទ្ធនាការ​នេះកើតឡើង​នៅ​ក្នុង​ទីក្រុង​ដ៏​តូច​ ជាកន្លែងដែល​ការតស៊ូ​បែបនេះត្រូវ​បាន​ធ្វើ​ឡើង មិនមែន​នៅ​ទី​ក្រុង​ធំៗ​នោះ​ទេ។​

សាស្រ្តាចារ្យ​ផ្នែក​សង្គម​វិជ្ជា​នៅ​សាកល​វិទ្យា​ល័យ​ក្រុង​ដេលី​ (Delhi University) អ្នកស្រី​ Mala Shankar Das Kapoor បាន​ចង្អុល​បង្ហាញ​ថា​ យុទ្ធនាការ​ទាំង​នេះ​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ជា​ច្រើន​ទូទាំង​ប្រទេស។​

អ្នក​ស្រី​បាន​និយាយថា «មនុស្ស​កាន់​តែ​ច្រើន​នឹង​ដឹង​ថាការដាក់​បម្រាម​ទាំងនេះ​ត្រូវ​តែ​បញ្ឈប់ ដូច្នេះស្រ្តី​ដែល​អស់​កម្លាំង​ចិត្ត​នឹង​ក្រោក​ឈរ​ដើម្បី​សិទ្ធិរបស់​ពួកគេ ​ហើយ​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​ចង់​បាន។ ទាំង​អស់​នេះ​នឹង​ជួយ​ជំរុញ​ភាព​ជឿជាក់​របស់​ស្រ្តី​ក្នុង​ការទាម​ទារ​នូវ​សមភាព៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG