ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អាជ្ញាធរឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមួយចំនួននៃប្រទេសអស់វ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ មួយថ្ងៃមុនពេលផែនការពង្រីកការចាក់ថ្នាំបង្ការទូទាំងប្រទេស ដែលកំពុងរងគ្រោះពីការឆ្លងថ្មីយ៉ាងច្រើន។
ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ការឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ មានចំនួនជាង ៣៨៦.០០០ នាក់ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៣.៤៩៨ នាក់។ អ្នកឯកទេសខាងវេជ្ជសាស្ត្រជឿជាក់ថា ចំនួនពិតប្រាកដអាចមានលើសពីចំនួនផ្លូវការសរុបពី ៥ ទៅ ១០ ដង។
ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ ២ នៅលើពិភពលោកនេះ កំពុងមានវិបត្តិយ៉ាងខ្លាំង រហូតហួសសមត្ថភាពរបស់មន្ទីរពេទ្យ និងកន្លែងបញ្ចុះសព ដែលខ្វះថ្នាំនិងអុកស៊ីហ៊្សែន និងមានការរាំងស្កាត់យ៉ាងតឹងរ៉ឹងលើការធ្វើដំណើរក្នុងទីក្រុងធំៗ។
ទោះបីជាឥណ្ឌាជាប្រទេសផលិតវ៉ាក់សាំងច្រើនបំផុតនៅលើពិភពលោកក៏ដោយ ក៏ប្រទេសនេះមិនមានស្តុកថ្នាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការឆ្លងនៅរលកទីពីរដ៏គ្រោះថ្នាក់នោះទេ។
ប្រជាជនប្រហែល ៩% ប៉ុណ្ណោះនៃប្រជាជន ១.៤០០ លាននាក់ របស់ឥណ្ឌាបានចាក់វ៉ាក់សាំងចាប់តាំងពីខែមករា។
ដោយឡែកទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ទ្វីបអាហ្រ្វិកវិញកំពុងតាមដានវិបត្តិកូវីដ១៩ របស់ឥណ្ឌាដោយការបារម្ភភ័យ។
មន្ត្រីសុខាភិបាលសាធារណៈកំពូលរបស់ទ្វីបអាហ្វ្រិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទ្វីបនេះកំពុងតាមដានដោយបារម្ភ និងស្ទើរមិនជឿចំពោះការផ្ទុះរាតត្បាតជាថ្មីដ៏មហន្តរាយនៃជំងឺកូវីដ១៩ ដែលឥណ្ឌាកំពុងត្រូវរងគ្រោះ។ មន្ត្រីអាហ្វ្រិកបារម្ភអំពីការពន្យារការទទួលបានវ៉ាក់សាំង ដោយសារវិបត្តិនៅប្រទេសឥណ្ឌានេះ។
នាយកមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងនៅអាហ្វ្រិកបានប្រាប់អ្នកយកព័ត៌មានថា ទ្វីបអាហ្វ្រិកដែលមានចំនួនប្រជាជនប្រហាក់ប្រហែលនឹងប្រទេសឥណ្ឌា និងប្រព័ន្ធសុខភាពដែលផុយស្រួយដូចគ្នា ត្រូវតែត្រៀមខ្លួនជាស្រេច ព្រោះស្ថានភាពស្រដៀងគ្នានេះអាចកើតឡើងនៅទីនេះ។
ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ទ្វីបអាហ្រ្វិកពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសឥណ្ឌា ទីដែលវិទ្យាស្ថាន Serum ជាប្រភពនៃវ៉ាក់សាំង AstraZeneca ចែកចាយដោយគម្រោង COVAX សកលដើម្បីផ្តល់ថ្នាំដល់ប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។
មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងអាហ្វ្រិក បានឱ្យដឹងថា មានវ៉ាក់សាំងចំនួន ១៧ លានដូសប៉ុណ្ណោះ ត្រូវបានចាក់នៅទូទាំងទ្វីបអាហ្វ្រិក សម្រាប់ប្រជាជនប្រមាណ ១.៣០០ លាននាក់៕