ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​​នៅ​ឥណ្ឌា​កើន​ដល់​​ជាង​២​សែន​នាក់​ ​ខណៈ​ការ​​​ឆ្លង​រាល​ដាល​មិន​ថមថយ


ក្រុម​គ្រូពេទ្យ​ឥណ្ឌា​ និង​សាច់ញាតិ​សែង​សាកសព​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
ក្រុម​គ្រូពេទ្យ​ឥណ្ឌា​ និង​សាច់ញាតិ​សែង​សាកសព​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

ចំនួន​អ្នក​ស្លាប់​សរុបដោយ​សារ​ជំងឺ​កូវីដ១៩​ ក្នុង​ប្រទេស​ឥណ្ឌា​ បាន​ឡើងដល់​ជាង​២​សែន​នាក់​ហើយ ខណៈប្រទេស​នេះ​ដក​ខ្លួន​មិន​រួច​ពី​អត្រា​ឆ្លងរាតត្បាត​ដែល​បន្តហក់​ឡើងយ៉ាង​ខ្លាំង​នោះ។​ ​ ​

ក្រសួង​សុខាភិបាល​ឥណ្ឌា​ បាន​ប្រកាសថា​ នៅ​ថ្ងៃ​ពុធ​ ប្រទេស​ខ្លួន​ មាន​អ្នក​ស្លាប់ដោយ​សារកូវីដ១៩​ ចំនួន​៣.២៩៣​នាក់​ដ៏​ច្រើន​មិន​ធ្លាប់​មានក្នុងមួយ​ថ្ងៃ ដែលធ្វើ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅឥណ្ឌាកើន​ដល់​ចំនួន​២០១.១៨៧​នាក់។​ ប្រទេស​នេះ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ចំនួន​៣៦០.៩៦០​នាក់​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​ឥណ្ឌា​កើន​ដល់​ចំនួន​ជិត​១៨​លាន​នាក់​ហើយ រហូត​មក​ដល់​ពេល​នេះ។ ​

​ការ​ផ្ទុះ​រាល​ដាល​ឆ្លង​ដ៏​ខ្លាំង​នៃ​វីរុស​កូរ៉ូណានៃ​រលក​ទី​២​នេះ​ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​ ស្ទើរ​ដួល​រលំ​ ដោយ​សារ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​ មាន​ពោរពេញ​ទៅ​ដោយ​អ្នក​ជំងឺ​កូវីដ​១៩​ ​រហូត​អាជ្ញាធរ​ ត្រូវ​បង្ខំ​ចិត្តប្រើ​ប្រាស់​ទូ​រថភ្លើង​ធ្វើជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​ ស្រប​ពេល​ដែលការ​ខ្វះ​ខាត​ម៉ាស៊ីនអុកស៊ីសែន​សម្រាប់​អ្នក​ជំងឺ​ កំពុង​បន្ត​ខ្វះ​ខាត​ជា​ខ្លាំង​ នៅ​ក្នុង​ស្ថាន​ភាពដ៏​លំបាក​ចាំ​បាច់​មួយ​នេះ។ ​សួន​ច្បារ​សាធារណៈ​ និង​ទីធ្លា​ចត​រថយន្ត​ជា​ច្រើន​កន្លែង​ត្រូវ​បាន​ប្រើ​ប្រាស់​ ធ្វើ​ជា​កន្លែង​បូជា​សពជា​បណ្តោះ​អាសន្ន​ និងបាន​ដុត​សាកសព​ទាំង​យប់​ទាំង​ថ្ងៃគ្មាន​ពេល​ទំនេរ​នោះ​ទេ។ ​

ទន្ទឹម​នឹង​នេះដែរ​ សហគមន៍​អន្តរ​ជាតិ​ កំពុង​ខ្នះខ្នែងចាប់​ផ្តើមដឹក​ជញ្ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដែល​ក្នុង​នោះ​មាន​ឧបករណ៍​ពាក់​សម្រាប់​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ ម៉ាស៊ីនអុកស៊ីហ្សែន​ ឧបករណ៍​សម្រាប់ធ្វើ​តេស្ត​និង​ព្យាបាល​ជំងឺ​កូវីដ​១៩ ក៏​ដូច​ជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​វ៉ាក់សាំង​បង្ការជំងឺ​កូវី១៩​ជា​ដើម​៕

XS
SM
MD
LG