ដើរនៅលើភ្នំហិម៉ាឡៃជាមួយនឹងមិត្តភក្ដិនៅចុងសប្តាហ៍ ឬមុនពេលធ្វើការគឺជារឿងធម្មតាសម្រាប់លោក Divyen Jain ដែលជាអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន។ លោក Jain និយាយថា នេះគឺជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់មួយក្នុងជីវិតរបស់លោកនៅ Bengaluru ចាប់តាំងពីជំងឺកូវីដ១៩ រាតត្បាតមក។
លោក Jain ថ្លែងថា៖ «គ្មានមិត្តភក្តិ និងមិនអាចចេញក្រៅផ្ទះបាន ដូច្នេះវាជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ដផ្ទាល់ និងដល់ការងាររបស់ខ្ញុំ»។
នៅពេលអាចធ្វើដំណើរវិញបាន លោក Jain បានធ្វើដំណើរទៅកាន់តំបន់ជួរភ្នំនៃរដ្ឋ Himachal Pradesh ដែលស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ដើម្បីធ្វើការពីកន្លែងដែលមានបរិយាកាសលំហែអារម្មណ៍។
លោក Jain ថ្លែងថា៖ «ខ្ញុំមិនអាចពន្យល់បានទេ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ប្រសិទ្ធភាពការងារកើនឡើងច្រើនជាងមុន។ សូម្បីតែនៅចុងបញ្ចប់នៃថ្ងៃធ្វើការ ក៏ខ្ញុំមិនមានអារម្មណ៍តានតឹងអ្វីទាំងអស់»។
មនុស្សជាច្រើនដូចជាលោក Jain កំពុងធ្វើដំណើរទៅកាន់ទីប្រជុំជនតូចៗនៅតំបន់ភ្នំដែលមិនត្រូវបានប៉ះពាល់ដោយសារជំងឺកូវីដ១៩ ខណៈស្ថានភាពការងារធ្វើពីផ្ទះនៅតែបន្តនៅក្នុងទីក្រុងដែលមានជំងឺនេះរាតត្បាតនៅឥណ្ឌា។ បុគ្គលិកមួយក្រុមមកពីក្រុមហ៊ុន I-T បានចាកចេញពីជាយក្រុងញូវដេលីទៅធ្វើការអស់រយៈពេលជាច្រើនសប្តាហ៍ពីទីក្រុង Bir ដែលសេវាបណ្តាញអ៊ីនធឺណិតល្អដូចនៅទីក្រុង។
ក្រុមគ្រួសាររបស់ពួកគេបានអមដំណើរពួកគេ។ លោក Gajender Nagar នាយកប្រតិបត្តិនៃក្រុមហ៊ុន Sophos IT Services មានប្រសាសន៍ថា ការសម្រេចចិត្តនេះងាយស្រួលណាស់។
លោក Gajender Nagar ថ្លែងថា៖ «ប្រសិនបើអ្នកមានសេវាអ៊ីនធឺណិតគ្រប់ទីកន្លែងនៅលើភពផែនដី ហើយប្រសិនបើអ្នកត្រូវធ្វើការពីចម្ងាយ ហេតុអ្វីអ្នកមិនទៅកន្លែងដែលអ្នកអាចដើរចេញក្រៅបាន ហើយមិនរស់នៅប្រៀបដូចជាត្រូវគេចាក់សោរទុកនៅមួយកន្លែង ដែលអាចត្រឹមតែចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតតែប៉ុណ្ណោះ»។
នៅក្រុង Bir កុមារអាចលេងនៅខាងក្រៅផ្ទះបាន។ ក្រុមការងារនេះអាចទៅលេងឬធ្វើការនៅក្នុងហាងកាហ្វេបាន។ ពួកគេបានចំណាយពេលចុងសប្តាហ៍ដំបូងរបស់ពួកគេនៅក្នុងភូមិក្បែរនោះ ដោយមើលគេធ្វើគ្រឿងកុម្ភការ។
លោក Shailender Singh ដែលជាសមាជិកម្នាក់នៃក្រុមការងារនេះនិយាយថា បទពិសោធន៍នេះកំពុងធ្វើឲ្យលោកមានអារម្មណ៍ស្រឡះ។ «ដូចចេញពីទ្រុងអ៊ីចឹង ...។ ខ្ញុំកំពុងអង្គុយនៅទីនេះដោយមិនចាំបាច់ពាក់ម៉ាស់ទេ»។
ក្រុងតូចៗនៅតាមបណ្ដោយជួរភ្នំហិម៉ាឡៃដែលប្រឈមការធ្លាក់ចុះអាជីវកម្ម បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ នោះ កំពុងជំរុញនិន្នាការថ្មីនៃ«កន្លែងធ្វើការបែបលំហែ» គឺធ្វើការផងលំហែផង។ លោក Ankush Rana ដែលជាម្ចាស់អាជីវកម្មសណ្ឋាគារ Zostel ក្នុងក្រុង Bir កំពុងទទួលសំណើជាច្រើន។
«មានការផ្លាស់ប្តូរផ្នត់គំនិត។អាជីវកម្មអចលនៈទ្រព្យនៅGurgaonនៅ Bangaloreនិងនៅ Mumbai កំពុងមានអគារទំនេរជាច្រើនសម្រាប់ជួលនិងមានកន្លែងសម្រាប់ធ្វើការរួមនិងការិយាល័យជាច្រើនដែលមិនសូវមមាញឹកនោះទេ។ដូច្នេះខ្ញុំជឿជាក់ថាប្រជាជននឹងផ្លាស់ទៅទីក្រុងដែលកំពុងអភិវឌ្ឍន៍ឬទីក្រុងដែលមានប្រជាជនមិនសូវកកកុញហើយចំណូលចិត្តខ្លាំងបំផុតរបស់ពួកគេអាចជាតំបន់មាត់សមុទ្រនៅរដូវរងាឬក៏ជាភូមិដ៏ស្រស់ស្អាតនៅភ្នំហិម៉ាឡៃ»។
លោក Singh និយាយថា ជីវិតនៅតាមទីប្រជុំជនតូចៗក៏ជួយជម្នះការផ្តាច់ទំនាក់ទំនងសង្គម ដែលកំពុងមាននៅក្នុងទីក្រុងធំៗដោយសារតែជំងឺកូវីដ១៩ ផងដែរ។
«ប្រសិនបើខ្ញុំចង់ដើរចេញ ហើយយកកុំព្យូទ័រយួរដៃរបស់ខ្ញុំទៅជាមួយ រួចអង្គុយធ្វើការក្រោមពន្លឺថ្ងៃ ពេលនោះខ្ញុំនឹងឃើញមនុស្សប្លែកៗចូលមកសួរនាំ ហើយនិយាយថា សួស្តី»។
និយោជកខ្លះដូចជាលោក Nagar មានឆន្ទៈក្នុងការលើកទឹកចិត្តបុគ្គលិកឱ្យផ្លាស់ទីលំនៅទៅទីក្រុងតូចៗ។
លោក Gajender Nagar ថ្លែងថា៖ «ពួកគេអាចមានជីវិតល្អណាស់។ ពេលរស់នៅជិតធម្មជាតិ មានអាហារល្អៗ បរិស្ថានបរិសុទ្ធ និងមានខ្យល់មិនសូវកខ្វក់»។ គេនៅមិនទាន់ដឹងទេ ថាតើនិន្នាការនេះនៅតែមានឬក៏យ៉ាងណា។ ប្រសិនបើនៅតែបន្ត វាអាចផ្លាស់ប្តូរលំហូរចូលទៅក្នុងទីក្រុងធំៗ ដែលជាយូរមកហើយ គឺជាកន្លែងសម្រាប់អ្នករកការងារធ្វើ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ