ប្រទេសឥណ្ឌាមានករណីឆ្លងមេរោគកូរ៉ូណាថ្មីច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ដែលមិនធ្លាប់មានកាលពីពេលមុន ខណៈដែលសហរដ្ឋអាមេរិក បានបន្តកើននៃចំនួនឆ្លង ហើយប្រទេសម៉ិកស៊ិក មានចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងប្រទេសអ៊ីតាលី។
មន្រ្តីសុខាភិបាលឥណ្ឌាបាននិយាយនៅថ្ងៃចន្ទនេះថា មានការឆ្លងថ្មីចំនួន២៨.៧០១ករណីក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ឥណ្ឌាស្ថិតនៅពីក្រោយសហរដ្ឋអាមេរិកនិងប្រេស៊ីលក្នុងចំនួនករណីឆ្លងសរុបចាប់តាំងពីការផ្ទុះបានចាប់
ផ្តើមកាលពីចុងឆ្នាំមុន ហើយពួកអាជ្ញាធរនៅក្នុងរដ្ឋជាច្រើនកំពុងដាក់ការរឹតត្បិតសកម្មភាពសង្គមដើម្បីខិតខំពន្យឺតការរាលត្បាតនៃវីរុសនេះ។
ក្រសួងសុខាភិបាលប្រទេសម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់៣៥.០០៦នាក់ ដែលជាចំនួនខ្ពស់បំផុតទី៤ក្នុងពិភពលោក ហើយក្រសួងសុខាភិបាល បានរំលឹកប្រជាពលរដ្ឋពីភាពចាំបាច់នៃការអនុវត្តគម្លាតសង្គម ពាក់ម៉ាស់និងលាងដៃរបស់ខ្លួន។
លោក Andres Manuel Lopez Obrador ប្រធានាធិបតីនៃប្រទេសម៉ិកស៊ិក បាននិយាយថា ការផ្ទុះនេះកំពុងធ្លាក់ចុះក្នុងប្រទេសម៉ិកស៊ិក ហើយថា ករណីឆ្លងនេះ បានកើនឡើងប្រហែល១ភាគ៤នៅក្នុងរដ្ឋនានានៅក្នុងប្រទេសនេះ។ លោក បានលើកហេតុផលពីតម្រូវការឲ្យប្រជាពលរដ្ឋការពារខ្លួន ក៏ប៉ុន្តែ ក៏រក្សាឲ្យសេដ្ឋកិច្ចរីកលូតលាស់ដែរ។
សហរដ្ឋអាមេរិក មានការឆ្លងជាង៦ម៉ឺនករណីថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យនៅពេលដែលករណីឆ្លងកើនឡើងនៅក្នុងរដ្ឋជាច្រើន រួមមានរដ្ឋ Florida តិចសាស Louisiana និងរដ្ឋអារីហ្សូណា។
រដ្ឋ Florida បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការឆ្លងក្នុងរយៈពេល២៤ម៉ោងបានកើនឡើងទៅដល់១៥.២៩៩ករណីដែលមានចំនួនច្រើនជាងកាលពីមួយថ្ងៃមុនចំនួន៣.៥០០ករណី៕