ទោះបីជាឆ្នាំ ២០១៩ ជាឆ្នាំដែលមានករណីកើតជំងឺគ្រុនឈាមច្រើនជាងគេបំផុតកន្លងមកក៏ដោយ ក៏អ្នកជំនាញនានាមានការបារម្ភថា ការកើនឡើងករណីឆ្លងជំងឺគ្រុនឈាមដែលច្រើនជាងនេះទៀតគឺអាចទៅរួច ដោយសារតែវិបត្តិជំងឺកូវីដ១៩។
កន្លងមក គេឃើញថា ដើម្បីកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលនានាបានដាក់បម្រាមឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងបានរារាំងសកម្មភាពនានាដែលប៉ះពាល់ដល់សេវាកម្មផ្សេងៗដូចជាសេវាប្រមូលសំរាមជាដើម។
ប៉ុន្តែផលប៉ះពាល់នៃការដាក់កំហិតទាំងនេះក៏បានប៉ះពាល់ដល់កិច្ចប្រឹងប្រែងនៅក្នុងការទប់ទល់ជាមួយនឹងការឆ្លងរាលដាលនៃជំងឺគ្រុនឈាមតាមរដូវកាលផងដែរ។
បណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី និងឥណ្ឌូនេស៊ីជាដើម បានទប់ទល់ជាមួយនឹងការឆ្លងរាលដាលក្នុងពេលដំណាលគ្នានៃជំងឺគ្រុនឈាម និងជំងឺកូវីដ១៩ នៅក្នុងឆ្នាំនេះ។ នៅក្នុងប្រទេសប្រេស៊ីល ដែលមានករណីឆ្លងជំងឺកូវីដ១៩ ជាង ១ លាន ៦ សែនករណីនោះ គេឃើញមានការរាយការណ៍ថា យ៉ាងហោចណាស់មានករណីឆ្លងជំងឺគ្រុនឈាមចំនួន ១ លាន ១ សែនករណី ដែលក្នុងនោះមានការស្លាប់ជិត ៤០០ ករណី។ នេះបើយោងតាមអង្គការ Pan American Health។
ដោយរដូវភ្លៀងធ្លាក់បានចាប់ផ្ដើមនៅតាមបណ្ដាប្រទេសនៅតំបន់អាមេរិកឡាទីន ដូចជា គុយបា ឈីលី និងកូស្ដារីកា ក៏ដូចជានៅតាមបណ្ដាប្រទេសនៅតំបន់អាស៊ីខាងត្បូងដូចជាឥណ្ឌា និងប៉ាគីស្ថានជាដើម ជំងឺគ្រុនឈាមទំនងជានឹងកើនឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
ជាធម្មតា ជំងឺគ្រុនឈាមមិនបណ្ដាលឲ្យស្លាប់នោះទេ ប៉ុន្តែករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យមានការចូលសម្រាកនៅមន្ទីរពេទ្យ។ កិច្ចប្រឹងប្រែងបង្ការជំងឺនេះ ដែលផ្ដោតលើការបំផ្លាញសំបុកមូស ដូចជាការប្រមូលសំរាម ឬក៏សំបកកង់ចាស់ៗ និងរបស់របរផ្សេងទៀតដែលអាចដក់ទឹកបាន គឺនៅតែជាវិធីដ៏ល្អបំផុតនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ ប៉ុន្តែ ការដាក់កំហិតសកម្មភាពសង្គមដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក បានបង្អាក់ដល់កិច្ចប្រឹងប្រែងទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមប្រទេសជាច្រើននៅលើពិភពលោក៕