ថ្លែងក្នុងអគារ Harry S Truman ដែលជាទីស្ដីការក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន អំឡុងចុងបញ្ចប់នៃកិច្ចប្រជុំកំពូលជាមួយក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកូកប្រកាសថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរំកិលចូលមកដល់ «យុគសម័យថ្មី» មួយ ហើយថាតួនាទីស្នូលរបស់អាស៊ាន «ស្ថិតចំអាទិភាពចម្បងតែម្ដង» នៃរដ្ឋបាលដឹកនាំរបស់លោក។
ទីក្រុងវ៉ាស៊ីនតោនបានប្រកាសកញ្ចប់ទឹកប្រាក់ ១៥០ លានដុល្លារ ទៅឱ្យប្លុកប្រជាជាតិដែលមាន ១០ ប្រទេស ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងតូចធំនានា ក្នុងវិស័យចម្រុះ។ អំឡុងកិច្ចប្រជុំនោះ លោក បៃដិន ក៏បានប្រកាសឧទ្ទេសនាម នាយខុទ្ទកាល័យក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក Yohannes Abraham ជាបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំសមាគមអាស៊ានផងដែរ ជាតំណែងដែលស្ថិតនៅទំនេរតាំងពីឆ្នាំ ២០១៧ មក។
ក្រុមអ្នកមុខអ្នកការអាមេរិកបានអះអាងថា កិច្ចប្រជុំកំពូលនេះជាតឹកតាងនៃការដាក់ចិត្តដាក់កាយរបស់អាមេរិកចំពោះសមាគមអាស៊ាន ក្រោយពីអាមេរិកត្រូវបានគេមើលឃើញថាបានចាកឆ្ងាយពីអង្គការថ្នាក់តំបន់នេះ ពេញមួយអណត្តិ ៤ ឆ្នាំក្នុងរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។
យ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវដែលបានតាមដានតំបន់នេះជាប់លាប់ បានលើកឡើងដោយប្រយ័ត្នប្រយែងអំពីលទ្ធផលរយៈពេលខ្លីដែលសម្រេចបានពីជំនួបកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោន និងដំណើរវែងឆ្ងាយដែលអាមេរិកនិងអាស៊ានអាចសម្រេចបាននោះនឹងទៅដល់ទីណា ខណៈអាមេរិកកំពុងកៀងគរឱ្យរដ្ឋជាសមាជិករបស់សមាគមនេះ ចូលរួមជួយទប់ឥទ្ធិពលកុម្មុយនិស្ដចិន។
អ្នកស្រី Sharon Seah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ Yusof Ishak របស់សិង្ហបុរី បានប្រាប់វីអូអេតាមសារអ៊ីមែលក្នុងអត្ថន័យដើមទាំងស្រុងថា៖ «តថភាពនៃការណ៍ដែលថា កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយពិតប្រាកដនៅទីបំផុតក្រោយពីត្រូវបានពន្យារពេលម្ដងហើយម្ដងទៀតនៅខែមីនានោះ គឺជារឿងវិជ្ជមាននិងជាអ្វីដែលគេត្រូវការចង់ឱ្យកើតមានជាខ្លាំងក្នុងកាលៈទេសៈនេះ»។
អ្នកស្រាវជ្រាវរូបនេះបានបន្ថែមថា៖ «អាស៊ានមិនអាចគេចផុតពីតថភាពមួយដែលថា ប្រទេសចិនស្ថិតក្នុងភូមិផងរបងរួមជាមួយខ្លួន ហើយអាមេរិកខ្លួនឯងក៏បានជ្រាបច្បាស់ពីបញ្ហានេះដែរ។ អាមេរិកក៏ធ្លាប់បានបង្ហាញជំហរដែរថា ខ្លួនមិនរំពឹងថាអាស៊ាននឹងក្រសោបជ្រើសយកមហាអំណាចណាមួយដាច់ណាត់សោះឡើយ។ ហើយការឱ្យរើសបែបនេះ ក៏មិនមែនជាអ្វីដែលរដ្ឋសមាជិកអាស៊ានទាំងអស់ចង់ធ្វើ និងចង់ឱ្យកើតមានដែរ»។
ក្រុមអ្នកវិភាគធ្លាប់លើកឡើងនាពេលកន្លងទៅដែរថា អាស៊ានត្រូវការចិនដើម្បីប្រយោជន៍សេដ្ឋកិច្ច និងត្រូវការអាមេរិកដើម្បីបង្អែកសន្ដិសុខនិងតុល្យភាពវត្តមាននយោបាយជាមួយចិន។
ល្បងប្រណាំងជាមួយនឹងចិន
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាននេះត្រូវបានធ្វើឡើងក្នុងបរិបទពិភពលោកដ៏សាំញ៉ាំនិងផុយស្រួយ នៅចំពេលឥទ្ធិពលដែលចេះតែរះឡើងនៅក្នុងតំបន់ ការឈ្លានពានដ៏កម្រោលរបស់រុស្ស៊ីលើអ៊ុយក្រែន និងកិច្ចប្រឹងប្រែងដ៏ត្រដាបត្រដួសរបស់អាស៊ានក្នុងការឆ្លើយតបដោះស្រាយវិបត្តិហិង្សាបង្ហូរឈាមនៅប្រទេសភូមា ក្រោយរដ្ឋប្រហារយោធា។
សេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយកាលពីពាក់កណ្តាលខែឧសភា ក៏បានសង្កត់ធ្ងន់ផងដែរលើបញ្ហាវិវាទដណ្ដើមការកាន់កាប់សមុទ្រចិនខាងត្បូង រវាងចិននិងរដ្ឋសមាជិកអាស៊ានបួនទៀតរួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ សេចក្ដីថ្លែងការណ៍នោះបានបង្ហាញពីក្ដីប្រាថ្នាចង់ឱ្យដែនទឹកនេះ កា្លយជា «សមុទ្រប្រកបដោយសន្ដិភាព ស្ថិរភាព និងវិបុលភាព»។
មន្ត្រីជាន់ខ្ពស់ចិននិងអាស៊ានគ្រោងជួបប្រជុំគ្នាដោយផ្ទាល់សាជាថ្មី នៅប្រទេសកម្ពុជាក្នុងចុងខែឧសភានេះដើម្បីបន្តចរចាលើកម្រងជាលាយលក្ខណ៍អក្សរនៃសេចក្ដីព្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។ នេះបើតាមការឱ្យដឹងដោយ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។
នៅដើមឆ្នាំ ២០២១ ចិនបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីឆ្មាំសមុទ្រ ដែលបើកដៃឱ្យកងឆ្មាំការពារដែនសមុទ្ររបស់ចិន អាចល្បាត ដេញ និងបាញ់ពន្លិចនាវាបរទេសដែលមិនស្ដាប់បង្គាប់ចិន ក្នុងដែនយុត្តាធិការនៃសាគរអធិបតេយ្យរបស់ខ្លួន រួមទាំងដែនសមុទ្រចិនខាងត្បូងដែលកំពុងដណ្ដើមគ្នាកាន់កាប់ផង។ អ្នកជំនាញបានធ្លាប់បង្ហាញក្ដីបារម្ភថា ច្បាប់ថ្មីនេះនឹងដកបន្ថយទម្ងន់នៃអំណាចចាប់បង្ខំ ដែលគេចង់សម្រេចបានពីសេចក្ដីព្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលធ្វើជាពហុសាសន៍។
ក្នុងគំនិតផ្ដួចផ្ដើមសន្ដិសុខលម្ហសមុទ្រថ្មីដែលខ្លួនបានសន្យាអនុវត្តជាមួយអាស៊ាន អាមេរិកនឹងចាត់ឱ្យបញ្ជាការដ្ឋានកងឆ្មាំការពារដែនសមុទ្រសហរដ្ឋអាមេរិក ជាសេនាធិការ ដាក់ពង្រាយបរិក្ខារនិងគ្រឿងយុទ្ធោបករណ៍សឹក អ្នកជំនាញការ និងបច្ចេកទេសហ្វឹកហ្វឺន តាមបណ្ដាប្រទេសអាស៊ានដែលស្នើសុំ ដែលការណ៍នេះទំនងជាការឆ្លើយតបដោយផ្ទាល់នឹងការដើរជំហានពីខាងដើមរបស់ចិន។
សហរដ្ឋអាមេរិកក៏នៅសម្ដែងក្ដីកង្វល់ដដែលជាដដែលអំពីការសង្ស័យអំពីវត្តមានយោធាចិនក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសនៅមូលដ្ឋានសមុទ្ររាមរបស់កងទ័ពជើងទឹកកម្ពុជា ក្នុងខេត្តព្រះសីហនុ ទីដែលចិនកំពុងជួយគាំទ្រគម្រោងពង្រីកនិងធ្វើទំនើបកម្មផែយោធា ដែលឈានទៅដល់ការវាយកម្ទេចដ៏ចម្រូងចម្រាស់នៃហេដ្ឋារចនាសម្ព័ន្ធដែលអាមេរិកបានជួយសាងសង់នៅទីនោះ។
ទាំងលោករដ្ឋមន្ត្រីការបរទេស Antony Blinken និងទាំងអនុរដ្ឋមន្រ្តីរបស់លោក អ្នកស្រី Wendy Sherman សុទ្ធតែបានលើកឡើងពីបញ្ហានេះក្នុងជំនួបពីរលើកដាច់ដោយឡែករបស់ពួកគេរៀងៗខ្លួនជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីពាក់កណ្តាលខែឧសភា។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ដដែលជាដដែលដែរថា ខ្លួននឹងមិនអនុញ្ញាតឱ្យបរទេសណាមួយមានវត្តមានយោធាជាអចិន្រ្តៃយ៍ក្នុងទឹកដីកម្ពុជា ហួសពីការិយាល័យសេនានុព័ន្ធយោធាក្នុងរបងស្ថានទូតឡើយ។
បណ្ឌិត Pongphisoot Busbarat សាស្ត្រាចារ្យរងជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ បានប្រាប់វីអូអេថា៖ «កត្តាចិននៅតែជាមុខព្រួញចម្បងនិងសំខាន់ជាងគេ។ អាស៊ាននឹងមិនមានឆន្ទៈទាល់តែសោះក្នុងការប្រកាន់យកជំហរឬធ្វើសកម្មភាពខ្លាំងក្លាណាមួយជាងនេះនោះទេ បើសិនជាការធ្វើបែបនោះនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន»។
មិនទាន់គ្រប់គ្រាន់?
បណ្ឌិត Busbarat បានបន្ថែមថា ទោះជំនួបកាលពីថ្ងៃទី ១២-១៣ ខែឧសភា ជាប្រការវិជ្ជមាន តែការជួបប្រជុំតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ ក្នុងការបង្ហាញការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន។ លោកបានប្រាប់វីអូអេតាមសារអ៊ីមែលក្នុងអត្ថន័យដើមថា៖
«គំនិតផ្ដួចផ្ដើមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលគួរតែជាម៉ាស៊ីនរុញនាំមុខបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរនោះនៅតែមានភាពស្រពេចស្រពិលមិនច្បាស់នៅឡើយ។ មិនមានអ្វីច្បាស់លាស់និងលម្អិតត្រូវបានលើកឡើងឬក៏សរសេរក្នុងសេចក្ដីថ្លែងការណ៍រួមឡើយ ក្រៅតែពីអ្វីដែលមានពីមុនរួចមកហើយ។ ជាឧទាហរណ៍ ការសន្យាផ្ដល់កញ្ចប់ទុន ១៥០លានដុល្លារមកឱ្យអាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្នុងតំបន់ជាចំនួនតិចតួចនៅឡើយ។ ជាមួយចំនួនប៉ុណ្ណេះ គឺគេមិនអាចរំពឹងថានឹងទៅបង្កើតឱ្យមានការផ្លាស់ប្ដូរអ្វីខ្លាំងក្លាទេ គ្រាន់តែមានតម្លៃជានិម្មិតសញ្ញានិងកាយវិការល្អប៉ុណ្ណោះ»។
អ្នកស្រី Susannah Patton អ្នកស្រាវជ្រាវនិងជាចាងហ្វាងគ្រប់គ្រងគម្រោងសិក្សា«អំណាចនិងការទូត» នៅវិទ្យាស្ថាន Lowy ប្រទេសអូស្ត្រាលី បាននិយាយថា សហរដ្ឋអាមេរិកត្រូវកំណត់កិច្ចប្រឹងប្រែងឱ្យមុតស្រួចជាងនេះ ក្នុងកិច្ចការទាក់ទងសាងស្ពានមេត្រីជាមួយតំបន់អាស៊ីអាគ្នេយ៍។
អ្នកជំនាញដែលជាអតីតមន្ត្រីការទូតអូស្ត្រាលីរូបនេះថ្លែងប្រាប់វីអូអេថា៖ «សហរដ្ឋអាមេរិកក៏ត្រូវតែពាំនាំនូវកម្មវិធីនិងគំនិតផ្ដួចផ្ដើមនានាដែលធំធេងជាងនេះ តាមរយៈស្ថាប័នអាស៊ាន ដើម្បីបញ្ចៀសផ្នត់គំនិតយល់ឃើញថា អាមេរិកចូលចិត្តធ្វើកិច្ចការប្រយោលចំពោះអាស៊ាន ដូចជាជាមួយសម្ព័ន្ធសន្ដិសុខចតុភាគី Quad ជាដើម ដែលមានអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា»។
ការទន្ទឹងរង់ចាំផ្នែកសេដ្ឋកិច្ច
ខុសពីការចង់បានរបស់អ្នកវិភាគមួយចំនួន កិច្ចប្រជុំកំពូលនៅរដ្ឋធានីវ៉ាស៊ីនតោនមិនត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីបើកសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងនោះទេ ទោះវាជាប្រធានបទដែលត្រូវបានលើកមកជជែកនៅតុប្រជុំក៏ដោយ។
នាយករដ្ឋមន្ត្រី Lee Hsien Loong ជិតចូលនិវត្តន៍របស់សិង្ហបុរី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៃបណ្ដាញផ្សព្វផ្សាយក្នុងរដ្ឋបុរីរបស់លោកថា IPEF មិនទាន់មានទម្រង់ធាតុផ្សំជាសារវ័ន្តនៅឡើយ ហើយថា អាមេរិកត្រូវតែមានវត្តមានសេដ្ឋកិច្ចក្នុងតំបន់ មិនត្រូវមានតែវត្តមានយោធានោះទេ។
អ្នកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ប្រាប់ប្រតិភូអាស៊ានផងដែរអំពីតួនាទីដ៏សំខាន់របស់អាស៊ីអាគ្នេយ៍ ជាមណ្ឌលនៃផលិតកម្មកម្មន្តសាលពិភពលោក ដែលទីផ្សារអ្នកប្រើប្រាស់ធំៗដូចជាអាមេរិក ចង់ឱ្យលូតលាស់ដើម្បីបន្ថយការពឹងជ្រុលលើរោងចក្ររបស់ចិន។
យ៉ាងណាក៏ដោយ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដូចគ្នានឹងរដ្ឋការលោក ដូណាល់ ត្រាំ ដែរ ត្រូវបានគេមើលឃើញថា បានរំកិលទៅរកការអនុវត្តទ្រឹស្ដីបទសេដ្ឋកិច្ចគាំពារនិយម និងផ្ដល់អាទិភាពដល់ការផលិតក្នុងសហរដ្ឋអាមេរិក ដែលនេះរារាំងដល់ការពង្រីកជាសារវ័ន្តនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយប្លុកតំបន់នៃអ្នកផលិតនាំចេញដូចជាអាស៊ីអាគ្នេយ៍ជាដើម។
អ្នកស្រី Susannah Patton នៃវិទ្យាស្ថាន Lowy បានលើកឡើងថា៖ «IPEF មិនទំនងជានឹងឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងការទាមទារចង់បានពីសំណាក់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ឡើយ។ អំឡុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាពេលថ្មីៗនេះ សូម្បីតែប្រទេសដែលទំនងជាអ្នកចូលរួមសកម្មជាងគេក្នុងគម្រោង IPEF ដូចជា វៀតណាម និងម៉ាឡេស៊ី ជាដើម ក៏ហាក់បង្ហាញជំហរថ្នមៗនិងទុកផ្លូវក្រោយដែរទាក់ទិននឹង IPEF និងក៏ដូចជាចំណុចណាខ្លះទៀតក្នុង IPEF ដែលខ្លួននឹងចូលរួម»។
រក្សាសន្ទុះ
បើសិនជាលោក ចូ បៃដិន អញ្ជើញមករាជធានីភ្នំពេញដើម្បីចូលរួមប្រជុំអាស៊ានក្នុងខែវិច្ឆិកាខាងមុខ ពេលដែលគេគ្រោងលើកកម្ពស់ចំណងមេត្រីអាមេរិក-អាស៊ានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នោះ វានឹងជាលើកទី ១ ហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលប្រធានាធិបតីអាមេរិកកាន់តំណែង មកចូលរួមកិច្ចប្រជុំចម្បងៗរបស់អាស៊ានដោយផ្ទាល់។
កាលពីឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ បានមកចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC នៅប្រទេសវៀតណាម មុននឹងទៅចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសហ្វីលីពីន។ ក្រោយមក លោកបានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍តែពីរដងទៀតប៉ុណ្ណោះ គឺមកសិង្ហបុរីនៅឆ្នាំ ២០១៨ និងមកវៀតណាមនៅឆ្នាំ ២០១៩ ដើម្បីតែមកជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប៉ុណ្ណោះ។
អ្នកស្រី Sharon Seah នៃវិទ្យាស្ថាន Yusof Ishak ព្រមានអំពីការផ្លាស់ប្ដូរផ្នែកគោលនយោបាយនៅខាងភាគីអាមេរិក បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិរបស់អាមេរិកនៅឆ្នាំនេះ និងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ ខាងមុខ។
«សំណួរនៅត្រង់ថាតើ រដ្ឋបាលរបៀបបែបផែនលោក ត្រាំ អាចនឹងមានលទ្ធភាពត្រឡប់មកវិញក្រោយឆ្នាំ ២០២៤ ឬទេ ជាប្រធានបទដែលស្ថិតនៅក្នុងការសញ្ជឹងគិតរបស់បណ្ដាប្រទេសអាស៊ានមួយចំនួន»។
អ្នកស្រី Sharon Seah បានបន្ថែមថា៖ «ក្រិត្យសម្រេចដោយអង្គនីតិប្រតិបត្តិអាចនឹងត្រូវបានលុបចោលដោយងាយ បើសិនជាមានប្រធានធិបតីថ្មីចូលកាន់តំណែង។ និយាយឱ្យប្រាកដនិយមទៅ វិធីមួយដែលគួរធ្វើគឺការប្រតិចារឹកចំណងមេត្រីជាមួយអាស៊ាន ក្នុងកិច្ចព្រមព្រៀងដែលមានការអនុម័តផ្ដល់សច្ចាប័នពីសភាអាមេរិក ដូចជាផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម។ នៅពេលដែលកាតព្វកិច្ចពហុភាគីនិយមត្រូវបានសរសេរជាច្បាប់ហើយ នោះវានឹងពិបាកនឹងត្រូវបានលុបចោលជាងមុន»។
អ្នកស្រី Susannah Patton នៃវិទ្យាស្ថាន Lowy លើកឡើងថា អាស៊ានខ្លួនឯងក៏ត្រូវបង្កើនតម្លៃនិងឥទ្ធិពលខ្លួនឯងផងដែរ នៅក្នុងក្រសែភ្នែកអាមេរិក មិនមែនត្រូវអង្គុយចាំអាមេរិកបោះដៃមករកខ្លួនរហូតនោះទេ។
ចុះរឿងសិទ្ធិមនុស្ស?
បណ្ឌិត Poongphisoot Busbarat នៃសាកលវិទ្យាល័យ Chulalongkorn បានកត់សម្គាល់និងសម្ដែងក្ដីបារម្ភអំពីអវត្តមាននៃការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិតេយ្យក្នុងក្របខណ្ឌទំនាក់ទំនងអាមេរិក-អាស៊ាន ដ្បិតអាមេរិកមិនចង់ឱ្យបញ្ហានេះ នាំមកនូវរឿងរកាំរកូសជាមួយរដ្ឋជាសមាជិកអាស៊ានដែលភាគច្រើនគ្រប់គ្រងដោយរបបដៃដែក។
បើតាមសន្ទស្សន៍ប្រជាធិបតេយ្យប្រចាំឆ្នាំ ២០២២ របស់ទស្សនាវដ្ដី The Economist ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ មានប្រទេសមួយជារបបរាជាធិបតេយ្យផ្ដាច់ការ ប្រទេស ៤ ជារបបផ្ដាច់ការ និងប្រទេស ៥ ជារបបប្រជាធិបតេយ្យមិនរឹងមាំ។ រដ្ឋាភិបាលគ្រប់គ្រងកម្ពុជាត្រូវបានចាត់បញ្ចូលជារបបផ្ដាច់ការ៕