ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​​​នៅ​អង់គ្លេស​បង្ហាញ​ថា​អង់ទីគ័រ​ការពារ​​ជំងឺ​កូវីដ១៩​​​​​ ធ្លាក់ចុះ​យ៉ាង​ឆាប់​រហ័ស


រូបឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​កាន់​ឈាមមួយ​បំពង់​សម្រាប់​ធ្វើ​តេស្ត​រក​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពិសោធន៍ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​កាន់​ឈាមមួយ​បំពង់​សម្រាប់​ធ្វើ​តេស្ត​រក​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពិសោធន៍ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។

ការ​សិក្សា​ថ្មី​មួយ​ទៅ​លើប្រជាជនអង់គ្លេស​បង្ហាញ​ថា​ អង្គ​បដិបក្ខ​ឬ​អង់ទីគ័រ​ការពារ​មេរោគក្នុង​សារពាង្គកាយ​មនុស្ស​ ដើម្បី​ទប់ទល់​ជំងឺ​កូវីដ១៩​នោះ​ មាន​ការ​ធ្លាក់ចុះ​យ៉ាង​ឆាប់​រហ័ស​ ក្នុង​ចំណោម​ពលរដ្ឋ​ជនជាតិ​អង់គ្លេស​ ក្នុង​រដូវក្តៅកន្លង​ទៅ​នេះ​ ដែល​នេះបង្ហាញ​ថា​ ភាព​ស៊ាំ​ប្រឆាំងនឹង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩ក្នុង​រាងកាយ​របស់​ពួក​គេ​ មិន​ស្ថិតស្ថេរ​បាន​យូរ​នោះ​ទេ។

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មហា​វិទ្យា​ល័យ ​Imperial​ ក្រុង​ឡុងដ៍ និង​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ក្នុង​នោះ​រួម​មានការ​ធ្វើ​តេស្តសាកល្បង​ទៅ​លើ​ជន​ជាតិ​អង់គ្លេស​ចំនួន​ជាង​៣៦៥.០០០​ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ។

​ក្នុង​ការ​រក​ឃើញនោះ​ អ្នក​ស្រាវជ្រាវបាន​វិភាគ​ទៅ​លើ​ការ​ធ្វើ​តេស្ត​ជួស​ឈាម​ពី​ម្រាម​ចង្អុល​ដៃ​អ្នក​ចូលរួម​ ដោយ​បាន​រក​ឃើញ​ថា​ អង់ទីគ័រ​វិជ្ជមាន​សម្រាប់​ប្រឆាំងមេរោគ​ បានធ្លាក់ចុះ​ប្រមាណ​ជាង​២៦% ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សាស្រាវជ្រាវ​នេះ។

លទ្ធផល​នេះ​ ក៏​បាន​បង្ហាញពី​ការ​ធ្លាក់ចុះ​នៃ​អង់ទីគ័រ​ការពារកូវីដ១៩​ក្នុង​រាងកាយ​ពលរដ្ឋ​អង់គ្លេស នៅ​មុន​ពេលការផ្ទុះ​ឆ្លង​ជាលើក​ទី២​នៃ​វីរុស​កូរ៉ូណា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​ ដែល​បាន​បង្ខំឲ្យ​មាន​ការរឹត​បន្តឹង​ឡើង​វិញ និង​ការ​បិទតំបន់​មួយចំនួន​ក្នុង​មូលដ្ឋាន។

អ្នក​សា្រវ​ជ្រាវ​បញ្ជាក់​ថា​ គេ​មិនច្បាស់​ថា​ ​តើ​រាង​កាយ​មនុស្ស​ត្រូវ​ការ​អង់ទីគ័រការពារ​ក្នុង​កម្រិតប៉ុណ្ណា ដើម្បី​ទប់ទល់នឹង​ជំងឺ​កូវីដ១៩​បាននោះ។

យ៉ាង​នេះក្តី​ អ្នក​ស្រាវ​ជ្រាវថា​ ការ​សិក្សានេះ បាន​បង្ហាញ​ជា​ថ្មី​ថា​មានភាព​ចាំ​បាច់ក្នុង​ការ​ផលិត​វ៉ាក់សាំង​ការពារដែល​មានប្រសិទ្ធភាព​ ដើម្បីអាច​គ្រប់​គ្រងការ​រាតត្បាត​នៃ​កូវីដ១៩​បាន៕

XS
SM
MD
LG