ក្រុមហ៊ុនផលិតឱសថមួយទៀតក្នុងសហរដ្ឋអាមេរិក បានផ្អាកការធ្វើតេស្តសាកល្បងលើថ្នាំព្យាបាលជំងឺកូវីដ១៩ ដោយបារម្ភពីបញ្ហាសុវត្ថិភាព។
ក្រុមហ៊ុនឱសថ Eli Lilly (អ៊ីឡាយ លីលី) បានប្រកាសនៅថ្ងៃអង្គារថា ការធ្វើតេស្តសាកល្បងថ្នាំព្យាបាលប្រឆាំងវីរុសកូរ៉ូណា ត្រូវបានផ្អាកដោយអ្នកតាមដានត្រួតពិនិត្យឯករាជ្យ ក្នុងវិធានការនៃការប្រុងប្រយ័ត្នជាមុន ប៉ុន្តែមិនបានលើកបញ្ជាក់ពីចំណុចលម្អិតនោះទេ។
ឱសថព្យាបាលជំងឺកូវីដ១៩ ដែលក្រុមហ៊ុននេះកំពុងផលិតឡើង ជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យា AbCellera របស់កាណាដានោះ ជាផ្នែកមួយនៃវិធីព្យាបាលដោយប្រើអង់ទីគ័រmonoclonal antibodies ដែលបង្កើតឲ្យមានកោសិកាការពារក្នុងរាងកាយរបស់អ្នកជំងឺកូវីដ១៩ ដែលអ្នកវិទ្យាសាស្រ្តសង្ឃឹមថា អាចជួយទប់ទល់ប្រឆាំងនឹងវីរុសកូរ៉ូណាបាន។ ប្រភេទថ្នាំព្យាបាលនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងថ្នាំដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានទទួលព្យាបាល បន្ទាប់ពីលោកត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ កាលពីដើមខែតុលានេះ។
ការសិក្សាស្រាវជ្រាវផលិតឱសថនេះ ត្រូវបានចាប់ផ្តើមក្នុងខែសីហា ហើយមានគោលដៅសាកល្បងទៅលើអ្នកជំងឺកូវីដ១៩ចំនួន ១០.០០០នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក។
មួយថ្ងៃមុនក្រុមហ៊ុននេះផ្អាកការសាកល្បងលើថ្នាំព្យាបាលជំងឺកូវីដ១៩នោះ ក្រុមហ៊ុនផលិតឱសថមួយផ្សេងទៀតរបស់អាមេរិក គឺក្រុមហ៊ុន Johnson & Johnson ក៏បានផ្អាកការសាកល្បងដំណាក់កាលចុងក្រោយនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំរបស់ខ្លួនផងដែរ ដោយសារតែមានអ្នកទទួលវ៉ាក់សាំងម្នាក់ បានធ្លាក់ខ្លួនឈឺ ដោយមិនដឹងមូលហេតុពិតប្រាកដនោះ៕