ប្រទេសឥណ្ឌាកំពុងរំកិលខ្លួនយ៉ាងលឿនទៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអាហ្រ្វិក។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពីរដងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ហើយវានឹងកើនឡើងជិត ៩០ពាន់លានដុល្លារនៅឆ្នាំនេះ ដោយពាណិជ្ជកម្មនេះផ្តោតទៅលើផ្នែកព័ត៌មានគមនាគមន៍ និងបច្ចេកវិទ្យា ។
«វាភាគច្រើនផ្តោតលើបច្ចេកវិទ្យា កសិវប្បកម្ម ការនាំចេញ និងការផលិត»។
លោក Alex Vines ដឹកនាំកម្មវិធីមួយរបស់អាហ្វ្រិកនៅឯ Chatham House ប្រចាំទីក្រុងឡុងដ៍បាននិយាយថា ការវិនិយោគរបស់ឥណ្ឌានៅអាហ្រ្វិក គឺនាំមុខដោយវិស័យឯកជន ខណៈឯប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្រ្វិកឯនោះវិញគឺត្រូវបាននំាមុខដោយរដ្ឋ។ ប៉ុន្តែ មានជនជាតិចិនជាច្រើននាក់បម្រើការនៅប្រទេសអាហ្រ្វិករួចទៅហើយ។
លោក Vinenes បានបន្តទៀតថា នៅបណ្តាប្រទេសអាហ្វ្រិកចាំបាច់ស្វែងរកការងារសម្រាប់ប្រជាជនខ្លួន។ គេឃើញមានកិច្ចប្រជុំមួយដ៏ធំរវាងឥណ្ឌា និងអាហ្រ្វិកដែលនឹងត្រូវប្រារព្ធឡើងនាខែតុលាដោយគេរំពឹងថា អ្នកតំណាងប្រទេសចំនួន៥៤នឹងអញ្ជើញចូលរួមកិច្ចប្រជុំនៅរដ្ឋធានីញូវដែលី៕
ប្រែសម្រួលដោយ ហេង វណ្ណហុង