កុមារាជនជាតិក្វាតេមាឡាម្នាក់ទៀតបានស្លាប់ក្នុងការឃុំឃាំងរបស់ភ្នាក់ងារយាមល្បាតព្រំដែនស.រ.អា ដែលការណ៍នេះបណ្តាលឱ្យសមាជិកយ៉ាងតិចណាស់ម្នាក់នៃសភាស.រ.អាអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីកាលៈទេសៈនៅជុំវិញការស្លាប់នៃកុមារនេះ។
អាជ្ញាធរនិយាយថា Filipe Gomez Alonzo កុមារាអាយុ៨ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋ New Mexico នៅក្រោយពេលពាក់កណ្តាលអធ្រាត្រថ្ងៃបុណ្យណូអែល គឺនៅតែប៉ុន្មានម៉ោងក្រោយពីសពរបស់កុមារីម្នាក់អាយុ៧ឆ្នាំបានត្រូវបញ្ចុះនៅក្នុងភូមិក្រីក្ររបស់នាងក្នុងប្រទេសក្វាតេមាឡា។
សេវាគយ និងយាមល្បាតព្រំដែនស.រ.អានិយាយថា នៅពេលដែលកុមារានេះនិងឳពុកគាត់ឈ្មោះ Agusta Gomez បានឋិតនៅក្នុងការឃុំឃាំងកាលពីថ្ងៃចន្ទ ពួកភ្នាក់ងារបានកត់សម្គាល់ថាកុមារានេះបានបង្ហាញសញ្ញាថា «មានជំងឺ»។
វេជ្ជបណ្ឌិតនិយាយថា កុមារានេះផ្តាសាយ និងគ្រុនហើយបានឱ្យគាត់ទៅវិញដោយចេញវេជ្ជបញ្ជាសម្រាប់បើកឱសថ។ កុមារានេះឈឺទៀត ហើយបានវិលត្រឡប់មកមន្ទីរពេទ្យវិញដែលនៅទីនោះគាត់បានស្លាប់នៅក្រោយពាក់កណ្តាលអធ្រាត្រ។
គេមិនបានដឹងអំពីបុព្វហេតុនៃការស្លាប់របស់កុមារានេះទេ។ នៅពេលជាមួយគ្នានេះ គេនៅតែមិនទាន់ដឹងច្បាស់លាស់នៅឡើយទេអំពីថាតើនាងJakelin Caal មានអាយុ៧ឆ្នាំមានជំងឺ និងស្លាប់បែបណាទេ។ ភ្នាក់ងារស.រ.អានិយាយថា នាងមានអាហារនិងទឹកបន្តិចបន្តួចសម្រាប់បរិភោគនៅមុនពេលមកដល់ព្រំដែនស.រ.អាជាមួយឳពុកនាង ដើម្បីស្វះស្វែងរកការងារធ្វើនៅអាមេរិក។
លោក O'Rourke សមាជិកសភាស.រ.អ.ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Texas មានប្រសាសន៍ថាមានកុមារយ៉ាងតិចណាស់៧នាក់បានស្លាប់នៅពេលប៉ុនប៉ងឆ្លងកាត់ព្រំដែនចូលមកក្នុងស.រ.អាកាលពីឆ្នាំមុន៕