ប្រាំមួយសប្ដាហ៍បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានដកស្វយ័តភាពមួយផ្នែកនៅក្នុងតំបន់ Kashmir រួចមក តុលាការកំពូលនៃប្រទេសនេះបានបញ្ជាឲ្យអាជ្ញាធរធ្វើឲ្យបានល្អបំផុតដើម្បីឲ្យស្ថានភាពនៅតំបន់ភ្នំហិមាល័យនេះត្រឡប់ទៅរកសភាពធម្មតាដូចដើមវិញ។ ចៅក្រមក៏បានស្នើឲ្យរដ្ឋាភិបាលឥណ្ឌាធានាថា សាលារៀន មន្ទីរពេទ្យ និងមធ្យោបាយធ្វើដំណើរសាធារណៈដំណើរការដូចធម្មតាវិញផងដែរ។
តុលាការកំពូលនេះមិនបានបញ្ជាឲ្យរដ្ឋាភិបាលចាត់វិធានការជាក់លាក់ណាមួយដើម្បីដោះស្រាយវិបត្តិនេះនោះទេ។
ឥណ្ឌាបានដាក់ឲ្យតំបន់ Kashmir ស្ថិតនៅដាច់ដោយឡែកនិងដាក់កំហិតទៅលើផ្នែកទំនាក់ទំនងកាលពីថ្ងៃទី៥ ខែសីហា បន្ទាប់ពីដកស្វយ័តភាពមួយផ្នែកនៅក្នុងតំបន់នេះ ដែលធ្វើឲ្យតំបន់នេះត្រូវស្ថិតនៅក្រោមការត្រួតត្រាដោយផ្ទាល់ពីរដ្ឋាភិបាលក្រុង ញូវដេលី។
ចាប់តាំងពីពេលនោះមក ការដាក់កម្រិតមួយចំនួនត្រូវបានបន្ធូរបន្ថយ ហើយបណ្ដាញទូរស័ព្ទលើតុត្រូវបានដាក់ឲ្យប្រើប្រាស់វិញ។ ប៉ុន្តែតំបន់ Kashmir នៅតែបន្ដមានការដាក់កម្រិត ហើយបណ្ដាញទូរស័ព្ទចល័តនិងអ៊ីនធឺណិតនៅតែត្រូវបានហាមឃាត់ដដែល។ ថ្វីត្បិតតែសាលារៀនបានបើកដំណើរការឡើងវិញក៏ដោយ ក៏សិស្សសាលាភាគច្រើនមិនបានចូលរៀននៅថ្នាក់នោះទេ។ មនុស្សប្រមាណ១ពាន់នាក់ដោយរួមទាំងមេដឹកនាំនយោបាយផងកំពុងស្ថិតនៅក្នុងការឃុំឃាំង៕