ប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានបណ្តេញស្នងការជាន់ខ្ពស់នៃប្រទេសឥណ្ឌាតែប៉ុន្មានម៉ោង ក្រោយពីបានបន្ទាបចំណងទាក់ទងខាងការទូតនិងខាងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងញូវដេលី ដែលបានលុបចោលឋានៈពិសេសនៃតំបន់ Kashmir ដែលមានជម្លោះ នៅពេលដែលទំនាក់ទំនងទ្វេភាគីនៅតែចុះថមថយតទៅទៀត។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីប្រកាសខ្លីមួយថារដ្ឋាភិបាលឥណ្ឌាក៏បានត្រូវប្រាប់ដែរថា ប៉ាគីស្ថានក៏នឹងមិនបញ្ជូនស្នងការជាន់ខ្ពស់ត្រូវតែងតាំងទៅកាន់ប្រទេសឥណ្ឌាទេ។
កាលពីពេលមុននេះ សេចក្តីប្រកាសជាផ្លូវការមួយបាននិយាយថា ការប្រជុំគ្រាមានអាសន្នមួយនៃគណៈកម្មការសន្តិសុខជាតិដែលមានរួមបញ្ចូលពួកមេដឹកនាំជាន់ខ្ពស់ស៊ីវិលនិងយោធាប៉ាគីស្ថានបានសម្រេចបន្ទាបការទាក់ទងខាងការទូត និងខាងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌាក្នុងចំណោមវិធានការឯទៀតៗជាការឆ្លើយតបនឹង«សកម្មភាពជាឯកតោភាគីនិងមិនត្រឹមត្រូវតាមច្បាប់» ដោយរដ្ឋាភិបាលឥណ្ឌា។
សេចក្តីប្រកាសនេះបាននិយាយថា ប៉ាគីស្ថាននឹងពិនិត្យសើរើអំពីការទាក់ទងទ្វេភាគីឯទៀតៗជាមួយប្រទេសឥណ្ឌានិងយកបញ្ហា Kashmir ទៅកាន់អ.ស.ប.ដោយមានរួមបញ្ចូលទាំងក្រុមប្រឹក្សាសន្តិសុខផងដែរ។
សេចក្តីប្រកាសនេះបានកត់សម្គាល់ថា «លោកនាយករដ្ឋមន្ត្រីបានណែនាំកងយោធពលឱ្យបន្តមានការប្រុងប្រយ័ត្ន» ដោយនិយាយយោងដល់ស្ថានការណ៍នៅលើខ្សែបន្ទាត់ត្រួតត្រាយោធាដែលបែងចែកផ្នែក Kashmir នៃប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir របស់ប្រទេសឥណ្ឌា៕