មនុស្សរាប់ពាន់នាក់បានធ្វើមហាបាតុកម្មនៅតាមផ្លូវនានាក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រនេះ ប្រឆាំងទៅនឹងការសម្រេចរបស់ឥណ្ឌាដែលបានដកឋានៈភាពពិសេសរបស់តំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌា។
ចរាចរណ៍នៅទូទាំងប្រទេសបានឈប់អស់រាប់នាទី ខណៈភ្លេងជាតិរបស់ប៉ាគីស្ថាននិង Kashmir ត្រូវបានចាក់តាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋនៅពេលរសៀល។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានថ្លែងទៅកាន់ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាកកកុញក្នុងរដ្ឋធានីឥស្លាម៉ាបាដ ថា សាររបស់យើងនៅថ្ងៃនេះគឺថា ដរាបណាពលរដ្ឋរស់នៅតំបន់ Kashmir គ្មានសេរីភាព នោះយើងនឹងឈរនៅជាមួយពួកគេ។
ការសម្រេចរបស់ឥណ្ឌាក្នុងការលុបចោលឋានៈភាពពិសេសសម្រាប់ប្រទេសដែលមានរដ្ឋតែមួយគត់មានពលរដ្ឋកាន់សាសនាឥស្លាមភាគច្រើនមួយនេះ បានបណ្តាលឲ្យមានបម្រាមគោចរនៅទូទាំងរដ្ឋ ហើយប្រព័ន្ធទូរគមនាគមន៍ត្រូវបានកាត់ផ្តាច់ និងបានកាត់ពលរដ្ឋ Kashmir រាប់លាននាក់ចេញពីពិភពលោក។ បណ្តាញផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា មេដឹកនាំនយោបាយ សកម្មជន និងក្រុមតំណាងសង្គមស៊ីវិលទាំងអស់ជិត៤០០០នាក់ត្រូវបានចាប់ខ្លួន។
រដ្ឋាភិបាលឥណ្ឌាបានការពារចំណាត់ការរបស់ខ្លួននៅតំបន់ Kashmir ថា មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងបាននិយាយទៀតថា ពួកគេទំាងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍។
ចំណាត់ការរបស់ឥណ្ឌាចំពោះតំបន់ Kashmir បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី Khan ពណ៌នាម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ដូចទៅនឹងរបបហ្វាស៊ីស និងពួកជ្រុលនិយម។
លោក Khan ក៏បានប្រៀបប្រដូចរដ្ឋាភិបាលរបស់លោក Modi ជាមួយនឹងរបបណាហ្ស៊ីអាល្លឺម៉ង់ និងបានចោទប្រកាន់ទង្វើររបស់លោក Modi ថា ជាការគំរាមកំហែងដល់ប៉ាគីស្ថាននិងក្រុមជនជាតិភាគតិចនៅប្រទេសឥណ្ឌា៕