ដោយបានលើកឡើងពីតួលេខខាងលើ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសកាលពីថ្ងៃទី២ ខែតុលា ថា ការបន្ទោរបង់ក្រៅបង្គន់នៅក្នុងតំបន់ជនបទនៃប្រទេសឥណ្ឌាត្រូវបានបញ្ចប់ហើយ។
ទោះជាយ៉ាងណាក៏ដោយ គេឃើញមានលទ្ធផលចម្រុះគ្នាសម្រាប់កម្មវិធីសាងសង់បង្គន់ដ៏ធំបំផុតនៅក្នុងពិភពលោកនេះ។ រដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមអនុវត្តកម្មវិធីនេះកាលពី៥ឆ្នាំមុន។
ខណៈដែលមានការខិតខំប្រឹងប្រែងក្នុងការផ្តល់បង្គន់នៅក្នុងភូមិរាប់ម៉ឺនកន្លែង អ្នកជំនាញនិយាយថា ការបន្ទោរបង់ក្រៅបង្គន់មិនទាន់ត្រូវបានលុបបំបាត់នោះទេនៅក្នុងប្រទេស ដែលចាត់ទុកការបន្ទោរបង់នៅទីវាលជារឿងធម្មតា ហើយពលរដ្ឋមិនទាន់មានបង្គន់គ្រប់គ្នានៅឡើយ។
បទពិសោធន៍របស់អ្នកស្រី Komal Godiwal អាយុ៣៧ឆ្នាំ ដែលបានធ្វើចំណាកស្រុកពីភូមិកំណើតនៅក្នុងរដ្ឋ Rajasthan នៅភាគខាងជើងនៃប្រទេស ដើម្បីធ្វើជាអ្នកបម្រើក្នុងផ្ទះនៅក្នុងក្រុងញូវដេលី បង្ហាញឲ្យឃើញពីគុណសម្បត្តិ និងគុណវិបត្តិនៃបេសកកម្ម «ឥណ្ឌាស្អាត» របស់លោកនាយករដ្ឋមន្ត្រី Modi ដែលត្រូវចំណាយប្រាក់អស់២០ពាន់លានដុល្លារ។
ដូចប្រជាពលរដ្ឋក្រីក្ររាប់លាននាក់ទៀតដែរ កាលពី២ឆ្នាំមុន អ្នកស្រីប្រញាប់ត្រឡប់ទៅភូមិរបស់អ្នកស្រីវិញ នៅពេលអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន២០០ដុល្លារដើម្បីសង់បង្គន់។ ប្អូនស្រីរបស់អ្នកស្រីរស់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះទេ។ ប្អូនស្រីរបស់អ្នកស្រីក៏ប្រើប្រាស់បង្គន់ជាមួយនឹងអ្នកស្រីដែរ។ អ្នករិះគន់បានរិះគន់ថា ការឧបត្ថម្ភប្រាក់ដើម្បីសាងសង់បង្គន់មិនមានភាពស្មើគ្នានោះទេ។
ទោះជាអ្នកស្រីមានមោទនភាពនឹងការមានបង្គន់ប្រើប្រាស់យ៉ាងណាក្តី ក៏អ្នកស្រី Godiwal នៅតែមានបញ្ហាអនាម័យនៅក្នុងសំណង់អនាធិបតេយ្យក្នុងទីក្រុង ដែលជាផ្ទះសម្បែងរបស់អ្នកធ្វើចំណាកស្រុកក្រីក្ររាប់ពាន់នាក់ ដូចជាអ្នកស្រី។ អ្នកស្រីនិងគ្រួសាររបស់អ្នកស្រីប្រើបន្ទប់ទឹករួមជាមួយនឹងមនុស្ស៨គ្រួសារផ្សេងទៀត។ អ្នកស្រីនិយាយថា អ្នកស្រីត្រូវក្រោកមុនម៉ោង៥ព្រឹក បើមិនដូច្នេះទេ បន្ទប់ទឹកនឹងទៅជាកខ្វក់ខ្លាំង ហើយមានអ្នកតម្រង់ជួរចាំយ៉ាងវែងទៀតផង។
កាលពី៥ឆ្នាំមុន ប្រទេសឥណ្ឌាជាប្រទេសមានមនុស្សចំនួន៦០០លាននាក់បន្ទោរបង់ក្រៅបង្គន់ ដែលនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក។ ពួកគេភាគច្រើនរស់នៅក្នុងតំបន់ជនបទ ដែលមិនសូវមានបង្គន់ប្រើប្រាស់នោះទេ ដោយសារតែវប្បធម៌ប្រពៃណីរាប់សតវត្សរ៍មកហើយ ហាមមិនឲ្យមានបង្គន់នៅក្រោមដំបូលតែមួយជាមួយនឹងផ្ទះបាយឬបន្ទប់អធិដ្ឋាន។
ចាប់តាំងពីពេលនោះមក ចំនួនប្រជាពលរដ្ឋដែលគ្មានបង្គន់បន្ទោរបង់បានថយចុះ ដោយសារតែប្រទេសឥណ្ឌាកំពុងប្រឹងប្រែងសាងសង់បង្គន់រាប់លាន តាមរយៈការប្រើប្រាស់ការរចនាបថធូរថ្លៃ ដែលរួមមានការសង់បង្គន់មានរណ្តៅភ្លោះ។ កាកសំណល់ត្រូវបានគេបង្ហូរចេញពីរណ្តៅមួយទៅរណ្តៅមួយទៀត ហើយវានឹងផុយរលួយក្នុងរយៈពេលណាមួយ។
ទោះជាយ៉ាងណាក្តី អ្នករិះគន់លើកឡើងថា មន្ត្រីរដ្ឋាភិបាលដែលចង់សម្រេចគោលដៅនេះខ្លាំងពេកអាចនឹងបំប៉ោងតួលេខ ដោយសារតែកាលកំណត់ត្រូវបានគេកំណត់យកដើម្បីប្រកាសថា ប្រទេសឥណ្ឌា មិនមានការបន្ទោរបង់ក្រៅបង្គន់ទៀតនោះទេ នៅត្រឹមថ្ងៃទី២ ខែតុលា ដែលកាលបរិច្ឆេទនេះគឺជាខួបកំណើតលើកទី១៥០ របស់លោក Mahatma Gandhi ដែលជាមេដឹកនាំនៃការទាមទារយកឯករាជ្យរបស់ឥណ្ឌា។
លោក Nazar Khalid ជាអ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចនៅទីក្រុង ញូវដេលី ដែលជាវិទ្យាស្ថានមិនស្វែងរកប្រាក់ចំណេញនិងធ្វើការលើបញ្ហាអនាម័យ និងកុមារនៅក្នុងប្រទេសឥណ្ឌា។ លោកនិយាយថា «ចលនានេះទាំងមូលត្រូវបានធ្វើឡើងដើម្បីបំពេញបេសសកម្មមួយ។ ពួកគេត្រូវសម្រេចឲ្យបានទៅតាមគោលដៅ»។ លោកចោទប្រកាន់ថា នៅកន្លែងមួយចំនួន មនុស្សម្នាត្រូវបានអាជ្ញាធរមូលដ្ឋានដែលចង់បង្ហាញពីភាពរីកចម្រើនបង្ខំឲ្យសង់បង្គន់។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយវិទ្យាស្ថាននេះកាលពីឆ្នាំមុននៅក្នុងរដ្ឋធំៗចំនួន៤របស់ឥណ្ឌារកឃើញថា ការទទួលបានបង្គន់ប្រើប្រាស់នៅក្នុងគ្រួសារបានកើនពី៣៧%កាលពីឆ្នាំ២០១៤ ដល់៧១%កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋប្រមាណជា១/៤ដែលមានបង្គន់នៅតែបន្តបន្ទោរបង់ក្រៅបង្គន់ ដោយសារតែពួកគេយល់ថា វាជាការល្អ និងមានសុខភាពល្អ ហើយក៏ជាឱកាសមួយក្នុងការទទួលបានខ្យល់បរិសុទ្ធ ឬមើលវាលស្រែរបស់ពួកគេ។
រដ្ឋាភិបាលបានច្រានចោលលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះ ដោយនិយាយថា គ្រួសារចំនួន៣២៣៥ដែលចូលរួមនៅក្នុងការស្រាវជ្រាវនោះគឺជាចំនួនតិចតួចខ្លាំង មិនអាចតំណាងឲ្យគ្រួសាររាប់លាននាក់ដែលជាគោលដៅនៃបេសកកម្មសង់បង្គន់បានទេ។
កិច្ចប្រឹងប្រែងជាសាធារណៈរបស់បេសកកម្ម ឥណ្ឌាស្អាត មានបំណងផ្លាស់ប្តូរឥរិយាបថបន្ទោរបង់ក្រៅបង្គន់ ទៅជាការបន្ទោរបង់ក្នុងបង្គន់វិញ។
អ្នកស្ម័គ្រចិត្តក្នុងភូមិជិតកន្លះលាននាក់ពន្យល់ប្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទជាច្រើននៅក្នុងប្រទេសឥណ្ឌាពីរបៀបដែលការបន្ទោរបង់ក្រៅបង្គន់ជាប្រភពនៃការបង្កជាជំងឺ ដូចជាជំងឺរាគរូស ជំងឺគ្រុនពោះវៀន និងជំងឺដែលឆ្លងតាមសត្វល្អិតជាដើម។ ការផ្សព្វផ្សាយដែលគួរឲ្យចាប់អារម្មណ៍និងសូម្បីតែភាពយន្ត Bollywood ដែលសម្តែងដោយតារាល្បីៗក៏បានលើកយកបញ្ហានេះនិងសង្កត់ធ្ងន់ពីរបៀបដែលបង្គន់នៅក្នុងផ្ទះបង្កើនសុវត្ថិភាពសម្រាប់ស្ត្រី ជាជាងបន្ទោរនៅទីវាលនៅពេលងងឹតផងដែរ។
អ្នកជំនាញអនាម័យជាច្រើនសង្កត់ធ្ងន់ថា ទោះជានៅតែមានបញ្ហាក្តី ប៉ុន្តែកម្មវិធីនេះទទួលបានជោគជ័យច្រើន។
លោក V.K. Madhavan ប្រធានអង្គការ WaterAid ប្រចាំប្រទេសឥណ្ឌា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញនិងធ្វើការលើបញ្ហាអនាម័យនិយាយថា «យើងត្រូវមើលបញ្ហានេះក្នុងបរិបទប្រទេសឥណ្ឌាដែលមានទំហំធំ»។
លោក Madhavan បាននិយាយថា «ការយល់ឃើញរបស់ខ្ញុំគឺថា ខណៈដែលតំបន់មួយចំនួននៅមានចន្លោះប្រហោងនិងចំណុចត្រូវធ្វើឲ្យប្រសើរឡើង ភាពរីកចម្រើនដែលមាន និងអ្វីដែលត្រូវបានសម្រេចនឹងផ្លាស់ប្តូរសូចនាករស្តីពីអនាម័យសកលលោក»។
អ្នកស្រី Godiwal ដែលធំធាត់ដោយការបន្ទោរបង់នៅទីវាល បានរៀបរាប់ពីការផ្លាស់ប្តូរដែលអ្នកស្រីបានឃើញ នៅក្នុងពេលអ្នកស្រីទៅលេងភូមិក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ អ្នកស្រីនិយាយថា មនុស្សវ័យក្មេងភាគច្រើនបានឈប់បន្ទោរបង់ក្រៅបង្គន់ហើយ។
អ្នកស្រីនិយាយថា ទោះជាយ៉ាងណាក្តី មនុស្សចាស់មានការពិបាកនឹងបញ្ឈប់ទម្លាប់ដ៏យូរអង្វែងមួយនេះ។
អ្នកស្រីនិយាយដោយសើចថា៖ «ប្អូនប្រុសរបស់ខ្ញុំស្តីឲ្យម្តាយរបស់ខ្ញុំ ប្រសិនបើគាត់បន្ទោរបង់នៅទីវាល។ ប៉ុន្តែម្តាយខ្ញុំក្រោកពីព្រលឹម ហើយទៅបន្ទោរបង់ដោយស្ងាត់ៗ ដោយសារតែគាត់ចូលចិត្តការបន្ទោរបង់នៅទីវាលជាង»។ ទន្ទឹមនឹងនេះ អ្នកស្រីមានការព្រួយបារម្ភអំពីស្ថានភាពបង្គន់ដែលអ្នកស្រីត្រូវបង្ខំចិត្តប្រើប្រាស់នៅតំបន់អាណាធិបតេយ្យរបស់អ្នកស្រី។
ការផ្ដល់បង្គន់ដល់អ្នកក្រីក្រនិងអ្នកដែលសង្គមមិនសូវខ្វាយខ្វល់ នៅតែជាបញ្ហាប្រឈមដើម្បីសម្រេចឲ្យបាននូវ «ដំណាក់កាលចុងក្រោយ» ដោយសារតែពួកគេភាគច្រើនមិនត្រូវបានគេបញ្ចូលនៅក្នុងកម្មវិធីរបៀបនេះទេ។
លោក Madhavan និយាយថា «បញ្ហាគឺថា នៅក្នុងប្រទេសរបស់យើង មានអ្នកក្រជាច្រើន ដូច្នេះជីវភាពរបស់ពួកគេមានការលំបាក ហើយបញ្ហាអនាម័យមិនមែនជាអាទិភាពរបស់ពួកគេនោះទេ»។
ទន្ទឹមនឹងនេះ លោកមានទំនុកចិត្តលើកម្មវិធីនេះ ដោយសារនិយាយថា នៅពេលណាមួយ «វានឹងក្លាយជាការលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យមានបង្គន់»៕