ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ​Amazon​ ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ


រូបឯកសារ៖ លោក​ ថៃ នរៈសត្យា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។ (រូប​ផ្តល់​ឲ្យ​ដោយ ថៃ នរៈសត្យា)
រូបឯកសារ៖ លោក​ ថៃ នរៈសត្យា​ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។ (រូប​ផ្តល់​ឲ្យ​ដោយ ថៃ នរៈសត្យា)

ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ ដោយ​មាន​ប្រើ​ប្រាស់​រូបភាព​សម្បតិ្ត​វប្បធម៌​ជាតិ​កម្ពុជា​ នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ ​Amazon​ រដ្ឋាភិបាល​កម្ពុជា ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ​និង​បាន​ទាមទារ​ឲ្យ​​បញ្ឈប់​ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ទាំង​នោះ​ជា​បន្ទាន់។​

​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្កោល​ទោស​ទៅ​លើ​ករណីក្រុមហ៊ុន​ផលិត​ទំនិញមួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​រូបភាព​បេតិកភណ្ ឌ​និង​ទង់ជាតិ​កម្ពុជា ​ទៅ​លើ​ផលិតផល​ដែល​បង្ក​ភាព​អាម៉ាស់​ ​ដូចជា​ ​គម្រប​បង្គន់ កម្រាល​បន្ទប់ទឹក​ ​កំរាលជើង​ជា​ដើម​និង​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ជា​បន្ទាន់។​ ​ផលិតផល​ទាំង​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​នៅ​លើ​គេហ​ទំព័រ​ក្រុមហ៊ុន​ ​Amazon​ ​ដែល​ជា​ក្រុមហ៊ុន​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កាល​ពីពេល​កន្លង​ទៅ​នេះ។​

ស្លាកសញ្ញារបស់ក្រុមហ៊ុន Amazon​ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។
ស្លាកសញ្ញារបស់ក្រុមហ៊ុន Amazon​ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

​លោក​ ថៃ​ នរៈសត្យា​ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​និយាយថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​សរសេរ​សំបុត្រ​ ដោយ​ឡែក​មួយ​ទៅ​កាន់​ក្រុមហ៊ុន​ ​Amazon​ ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សម្បត្តិ​វប្បធម៌​ជាតិ​កម្ពុជា។​

ជុំវិញ​ការ​ឆ្លើយតប​របស់​ក្រុមហ៊ុន​ ​Amazon​ ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈរូប​នេះ​បាន​លើកឡើង​ថា៖

«យើង​មិន​មាន​ឃើញ​ការ​ឆ្លើយ​តប​ជា​លាយល័ក្ខ​អក្សរ​អី​ត្រឡប់​មក​វិញ​ទេ។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ទៅ​ក្នុង​ទំព័រ​អេឡិច​ត្រូនិច​ហ្នឹង​យើង​ឃើញ​ថា ក្រុមហ៊ុន​ Amazon ហ្នឹង​បាន​លុប​រូប​ទាំងអស់​ហ្នឹង​ចេញ​វិញ​ហើយ ហើយ​កែសម្រួល​រូប​ទាំងអស់​ហ្នឹង​ទៅ​ជា​រូប​ភាព​ផ្សេងៗ​វិញ»។​

​លោក ​នរៈសត្យា​ ក៏​បាន​លើក​ឡើង​ថា​ ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ធ្វើ​ការ​ស្នើទៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​តាមប្រព័ន្ធ​អ៊ីនធឺណិត​នៃ​គេហទំព័រ​ ដែល​បាន​ដាក់​លក់​ផលិតផល​ដ៏​ចម្រូងចម្រាស​នោះ​ ជៀសវាង​ការ​សាយភាយ​ខ្លាំង​ជាង​នេះ​ទៀត​នៅ​ក្នុង​សង្គម។

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈរូប​នេះបាន​បន្ត​ថា នេះ​ជា​កាតព្វកិច្ច​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈនៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ម៉ាក់ងាយ​ពី​បរទេស​ទៅ​លើ​សម្បតិ្ត​វប្បធម៌​របស់​កម្ពុជា។​

លោក​បាន​និយាយ​ថា៖​

«នេះ​ជា​ទូទៅ​ក្នុង​តួនាទី​ជា​អ្នក​ការពារ ក្នុង​តួនាទី​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​បម្រើ​ប្រជាជន​លើ​វិស័យ​វប្បធម៌ យើង​មាន​ភារកិច្ច​ការពារ យើង​មាន​ភារកិច្ច​ធ្វើ​ម៉េច​ទប់​ស្កាត់​ការ​មើល​ងាយ​មើល​ថោក​ ពី​សំណាក់​ដទៃ​ទៀត​ណា​ក៏ដោយ មិនមែន​ថា​ ​តែ​ ​Amazon​ ​ទេ​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អធិបតេយ្យ​ជាតិ​ លើ​វិស័យ​វប្បធម៌ ក៏​ដូចជា សម្បត្តិ​វប្បធម៌បេតិកភណ្ឌ​របស់​ជាតិ​និង​របស់​ពិភពលោក​នេះ»។

ស្ថានទូត​នៃ​ប្រទេស​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិកក៏​បាន​បង្ហាញ​ពី​ការ​តក់ស្លុត​និង​ស្រងាក​ចិត្ត​ផង​ ដែរ​ចំពោះ​ករណី​កើត​មាន​ការផ្សព្វផ្សាយ​ផលិតផល​ ដែល​រដ្ឋាភិបាលចាត់​ទុក​ថា ប៉ះពាល់​ដល់​កិត្តិយស​ជាតិ។​

ស្ថាន​ទូត​ក៏​បាន​ធ្វើ​ការ​តវ៉ា​និង​ទាមទារឲ្យការ​បញ្ឈប់​ជា​បន្ទាន់​ផង​ដែរ ដោយ​ស្ថានទូត​បាន​ទាក់ទង​នឹង​សេវាកម្ម​អតិថិជនរបស់​ក្រុមហ៊ុន​ ​Amazon​ ​ហើយ​ឯកអគ្គរដ្ឋទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​លោក​ ​ជុំ សុន្ទរី​ ​ក៏​បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​និង​អគ្គនាយក​ក្រុមហ៊ុន​ ​Amazon​ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ដូចគ្នា​នេះ។​ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ ដែល​ចែកចាយ​ឱ្យ​អ្នក​សារព័ត៌មាន។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូចគ្នា​នេះ​ដែរ អាជ្ញា​ជាតិ​អប្សរា ដែល​ផ្តោត​ទៅ​លើ​ការ​ថែរក្សា​បេតិកភណ្ឌ​ និង​សម្បត្តិ​វប្បធម៌​កម្ពុជា ក៏​បាន​ផ្ញើ​លិខិត​តវ៉ា​និង​បានលើក​ឡើង​ក្នុង​ន័យ​ដើម​ថា​ ​«វា​មិនមែន​ជា​ការ​ចាំបាច់​ទេ​ក្នុង​ការ​ទទួច​លើ​ចរិតលក្ខណៈ​ថោកទាប​នៃ​ការ​ប្រើប្រាស់​នេះ ហើយ​ការ​ផ្សព្វផ្សាយ​ដែល​បង្ក​ភាព​អាម៉ាស់​ទាំង​នេះ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់»។​

​VOA​ មិន​អាច​ទំនាក់​ទំនង​ក្រុមហ៊ុន​ ​Amazon​ ​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG