ការប្រកាសព័ត៌មាននេះធ្វើឲ្យអនាគតនៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership ) ឬ RCEP ដែលជាកិច្ចព្រមព្រៀងមានប្រទេសចំនួន១៥ចូលរួម និងចំណាយពេល៧ឆ្នាំក្នុងការរៀបចំនោះ ស្ថិតក្នុងភាពមិនច្បាស់លាស់ខ្លាំង ទោះជាក្រុមអ្នកចរចាបានអះអាងថា កិច្ចព្រមព្រៀងនេះនឹងនៅតែអាចធ្វើទៅបានក៏ដោយ។
កិច្ចព្រមព្រៀង RCEP នេះអាចនឹងរួមបញ្ចូលប្រទេសសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី ប្រ៊ុយណេ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី ឡាវ ថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ា ) រួមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
កិច្ចព្រមព្រៀង RCEP ត្រូវបានគេយល់ថា មានភាពទូលំទូលាយខ្លាំងណាស់ ទោះបីជាវាមិនទាន់មានភាពស៊ីជម្រៅក៏ដោយ។ ប្រសិនបើឥណ្ឌាចូលរួម កិច្ចព្រមព្រៀងនេះនឹងគ្របដណ្ដប់លើក្រុមប្រទេសដែលមានប្រជាជនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុបក្នុងពិភពលោក និងមានសេដ្ឋកិច្ច១ភាគ៣នៅក្នុងពិភពលោក។
ទោះបីជាយ៉ាងណាក្តី វាច្បាស់ណាស់ថាកិច្ចព្រមព្រៀង RCEP មានមហិច្ឆតាតិចជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗដទៃទៀត ទោះបីជាព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងនេះ ស្ថិតនៅក្នុងដំណាក់កាលចរចាក្ដី។
លោក William Reinsch ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានកម្មវិធី Scholl Chair សម្រាប់ពាណិជ្ជកម្មអន្តរជាតិនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា «នៅលើក្រដាស វាទូលំទូលាយណាស់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគេចាត់ទុកជាទូទៅថាជាកិច្ចព្រមព្រៀងដែលមានមហិច្ឆតាតិចជាងកិច្ចព្រមព្រៀងភាគច្រើនផ្សេងទៀត។ វានឹងមិនជួយឲ្យមានពាណិជ្ជកម្មសេរីពេញលេញនោះទេ។ នឹងមានការលើកលែងច្រើន ហើយមានរឿងជាច្រើននឹងមិនត្រូវបានគ្របដណ្ដប់នៅក្នុងកិច្ចព្រមព្រៀងនេះ»។
កិច្ចព្រមព្រៀងនេះ ក៏មិននិយាយអំពីសិទ្ធិកម្មករ ឬគោលនយោបាយសេដ្ឋកិច្ចសេរីនិយមនៅក្នុងប្រទេស ដូចជាប្រទេសចិន ដែលផ្ដល់ការអនុគ្រោះផ្នែកច្បាប់ និងជំនួយហិរញ្ញវត្ថុដល់ក្រុមហ៊ុនក្នុងស្រុកដែរ។ ប្រទេសលោកខាងលិចភាគច្រើនដែលជាប្រទេសអភិវឌ្ឍជឿថា ការធ្វើបែបនេះធ្វើឲ្យមានការប្រកួតប្រជែងមិនស្មើភាព។
នៅពេលដែលលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាប្រកាសកាលពីថ្ងៃទី០៤ ខែវិច្ឆិកាថា ប្រទេសលោកនឹងមិនធ្វើជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនេះ លោកបានលើកឡើងពីការស្ទាក់ស្ទើររបស់លោកក្នុងការឲ្យក្រុមហ៊ុនក្នុងស្រុករបស់ឥណ្ឌាពាក់ព័ន្ធនឹងការនាំចូលសម្ភារៈមានតម្លៃថោកៗរបស់ចិន និងកង្វះបទបញ្ញត្តិជាក់លាក់នៅក្នុងសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងទាក់ទងនឹងពាណិជ្ជកម្មខាងសេវាកម្ម។ ការសម្រេចរបស់លោក Modi ធ្វើឡើងបន្ទាប់ពីការចរចារាប់ឆ្នាំ ដែលឥណ្ឌាជារឿយៗជាប្រទេសតែមួយដែលបដិសេធលើអត្ថបទនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលគាំទ្រដោយប្រទេសចូលរួមផ្សេងទៀត។
ការសម្រេចរបស់ឥណ្ឌាក្នុងការដើរចេញពីកិច្ចព្រមព្រៀងនេះធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងច្រើន។ បើនិយាយពីទស្សនៈប្រាកដនិយមសុទ្ធសាធ ប្រទេសឥណ្ឌាជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតមួយនៅក្នុងតំបន់ និងមានប្រវត្តិស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យបរទេសប្រកួតប្រជែងលក់ផលិតផលនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន។ ការបញ្ចុះបញ្ចូលឲ្យទទួលបានទីផ្សាររបស់អ្នកប្រើប្រាស់ចំនួន១ពាន់៤រយលាននាក់របស់ឥណ្ឌាគឺជាកត្តាជំរុញដ៏ចម្បងនៅក្នុងកិច្ចព្រមព្រៀងនេះ។ ការណ៍នេះធ្វើឲ្យកិច្ចព្រមព្រៀង RCEP មានភាពទាក់ទាញដល់ប្រទេសដូចជា ជប៉ុន អូស្ត្រាលី សិង្ហបុរី នូវែលសេឡង់ ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នារួចហើយតាមរយៈការចូលរួមនៅក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬហៅកាត់ថា CPTPP។
ទោះជាយ៉ាងណាក្តី លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរបស់អូស្ត្រាលីបានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Bloomberg ថា កិច្ចព្រមព្រៀង RCEP «នៅតែអាចធ្វើទៅរួច និងមានប្រយោជន៍ផ្នែកពាណិជ្ជកម្មច្រើន»។ ទោះជាលោកបានហៅការសម្រេចចិត្តរបស់ឥណ្ឌាថា«ជាការខកចិត្ត» លោកនិយាយថា «ទ្វារនៅតែបើកចំហ» សម្រាប់ការចូលរួមរបស់ឥណ្ឌានៅក្នុងកិច្ចព្រមព្រៀងនេះក្នុងពេលអនាគត។
បើនិយាយពីទស្សនៈនយោបាយវិញ ការចាកចេញរបស់ឥណ្ឌាពីកិច្ចព្រមព្រៀងនេះធ្វើឲ្យចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងកិច្ចព្រមព្រៀងនេះ ក្លាយជាប្រទេសដែលមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងការចរចា។
លោក Reinsch និយាយថា «មានការព្រួយបារម្ភនៅពេលមិនមានវត្តមានឥណ្ឌា។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានគេគិតថា វាដូចជាកិច្ចព្រមព្រៀងរបស់ប្រទេសចិន។ និយាយឲ្យសាមញ្ញទៅ មានតែប្រទេសចិន និងប្រទេសដែលមានសេដ្ឋកិច្ចតូចៗជាងហ្នឹង។ គេចង់ឲ្យឥណ្ឌាចូលរួមដើម្បីរក្សាលំនឹងអំណាច»។
ក្នុងពេលជាមួយគ្នានេះ អ្នកតស៊ូមតិសម្រាប់ពាណិជ្ជកម្មសេរីនៅក្នុងសហរដ្ឋអាមេរិកកំពុងសម្លឹងមើលទាំងខកចិត្ត។ មិនថានៅទីបញ្ចប់កិច្ចព្រមព្រៀងនេះទទួលបានជោគជ័យឬយ៉ាងណាទេ ការណ៍ដែលចិនជាអ្នកដឹកនាំការជំរុញឲ្យមានកិច្ចព្រមព្រៀងថ្នាក់តំបន់នេះ ត្រូវបានមនុស្សភាគច្រើនយល់ឃើញថាជាការដកឥទ្ធិពលរបស់អាមេរិកនៅក្នុងពិភពលោក។
ការជជែកដេញដោលថ្មីៗទៅលើកិច្ចព្រមព្រៀង RCEP ត្រូវបានធ្វើឡើងក្នុងរយៈពេលមិនដល់៣ឆ្នាំទេ បន្ទាប់ពី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងអាណត្តិទី១របស់លោក ដោយមានការប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ TPP ដែលជាកិច្ចព្រមព្រៀងដ៏ធំមួយដឹកនាំដោយសហរដ្ឋអាមេរិក ហើយក្រោយមកត្រូវបានប្ដូរទៅជាកិច្ចព្រមព្រៀង CPTPP វិញ។
លោក Jake Colvin អនុប្រធានទទួលបន្ទុកពាណិជ្ជកម្មសកលលោក និងភាពឆ្នៃ ប្រឌិតនៃក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសថ្នាក់ជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា «តាមទស្សនៈរបស់អាមេរិក វាជាការខកចិត្តយ៉ាងខ្លាំង នៅពេលយើងមើលកិច្ចព្រមព្រៀង CPTPP ពីខាងក្រៅ ហើយឥឡូវនេះ កិច្ចព្រមព្រៀង RCEP ត្រូវបានគេសម្រេចហើយ។ តាមទស្សនៈពាណិជ្ជកម្មអាមេរិក វាជាការគួរឱ្យខឹងសម្បាមួយដែលយើងមិនមែនជាសមាជិកក្នុងកិច្ចព្រមព្រៀងថ្នាក់តំបន់ទាំងនេះ ដែលមានឥទ្ធិពលនយោបាយខ្លាំងដូចឥទ្ធិពលសេដ្ឋកិច្ចអ៊ីចឹងដែរ»។
លោក Colvin បានបន្ថែមថា «ការពិតគឺថាកិច្ចព្រមព្រៀង TPP គឺជានិច្ចកាលជាកិច្ចព្រមព្រៀងសម្រាប់ឥទ្ធិពលនយោបាយ ក៏ដូចជាសម្រាប់ឥទ្ធិពលសេដ្ឋកិច្ចដែរសម្រាប់សហរដ្ឋអាមេរិក។ ខ្ញុំគិតថា កិច្ចព្រមព្រៀង RCEP ក៏អ៊ីចឹងដែរ។ វាជាការល្អសម្រាប់ចិន។ ពួកគេត្រូវបង្ហាញពីការចូលរួមរបស់ពួកគេក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មបើកចំហមួយដោយផ្អែកលើវិធាននានា ហើយនៅតែអាចរក្សាទុកការអនុវត្តបែបរើសអើងមួយចំនួន ដែលប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនដែលយើងតំណាងឲ្យ»៕