នៅក្នុងប្រទេសឥណ្ឌា រដ្ឋាភិបាលបានចាត់វិធានការដើម្បីដោះសា្រយបញ្ហាអតិផរណា ឬតម្លៃទំនិញឡើងចុះស្រឹតៗ ដែល រាលដាលធំធេងដល់តម្លៃអាហារ បណ្ដាលឲ្យមានការព្រួយបារម្ភខ្លាំង។ មានការព្រួយបារម្ភកាន់តែកើនលើការប៉ះពាល់របស់អតិផរណាមិនអាចទប់ទល់បានទៅលើការលូតលាស់សេដ្ឋកិច្ចខ្លាំងរបស់ប្រទេសឥណ្ឌា។
នាយករដ្ឋមន្ដ្រីឥណ្ឌាលោក ម៉ានម៉ូហានសិញបានជួបពិភាក្សាជាមួយរដ្ឋមន្ដ្រីថ្នាក់ខ្ពស់របស់លោកជាថ្ងៃទីពីរជាប់គ្នា កាលពីថ្ងៃពុធដើម្បីរិះរកយុទ្ធសាស្រ្ដទប់ស្កាត់មិនឲ្យអាហារឡើងថ្លៃពេក។
កិច្ចប្រជុំថ្នាក់ខ្ពស់នោះធ្វើឡើងចំពេលដែលតម្លៃអាហារឡើងខ្ពស់ស្លេវជាង១៨ភាគរយដែលជាអត្រាខ្ពស់បំផុតក្នុងពេលជាងមួយឆ្នាំ។
តម្លៃអាហារខ្ពស់បានត្រូវគេចាប់អារម្ភខ្លាំងចាប់តាំងពីតម្លៃខ្ទឹមឡើងទ្វេជាពីរកាលពីពីរសប្ដាហ៍កន្លងទៅនេះ ហើយតម្លៃបន្លែ និង អាហារដទៃក៏ឡើងខ្ពស់ដែរ។
អនុប្រធានគណៈកម្មការរៀបចំផែនការលោក ម៉ាទិចសិញ អាលុវ៉ាលៀ (Montek Singh Ahluwalia) បានសម្តែងសុទិដ្ឋិនិយមថា កម្ពស់អតិផរណានឹងឋិតនៅក្នុងសភាពនឹងន៎ ក្នុងសប្ដាហ៍ខាងមុខនេះ។
«រដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ហើយកំពុងរៀបចំវិធានការដទៃទៀត។ ហើយនៅក្នុងខែកុម្ភៈ យើងនឹងឃើញច្បាស់ថា នឹងមានស្ថានការផ្សេង អំពីតម្លៃអាហារដែលគេចាប់អារម្ភខ្លាំងនោះ។»
ជាពិសេស ខ្ទឹមដែលមានតម្លៃខ្ពស់បានធ្វើឲ្យមនុស្សខឹងសម្បារជាច្រើន។ តែវិធានការអនុវត្ដរហូតដល់ពេលនេះ ដូចជាការរឹតបន្ដឹងមកលើទំនិញលក់ទៅបរទេស និងការទិញចូលនូវខ្ទឹម ពីប្រទេសបាគិស្ថានមិនបាននាំឲ្យតម្លៃចុះថោកច្រើនទេ។ រដ្ឋាភិបាលដែលមានចិត្ដរំជើបរំជួលបានចាប់ពិរុទ្ធពាណិជ្ជករខ្ទឹម ដើម្បីរារាំងមិនឲ្យមានការលាក់ទុកខ្ទឹម ដើម្បីដំឡើងថ្លៃទៅថ្ងៃក្រោយ។
តម្លៃអាហារជារឿងគេចាប់អារម្ភខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាពលរដ្ឋជិត៨០០លាននាក់ ហើយមានប្រាក់ចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ។ ចំពេលដែលមានការបោះឆ្នោតតំបន់សំខាន់ៗក្នុងឆ្នាំនេះនៅក្នុងរដ្ឋមួយចំនួន រដ្ឋាភិបាលឥណ្ឌាឋិតនៅក្រោមការកៀបសង្កត់ដើម្បីធានាថា តម្លៃអាហារសំខាន់ឋិតនៅក្នុងសភាពគេអាចទិញបាន៕
ប្រែសម្រួលដោយលោក អ៊ូ ធួក