ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ឥណ្ឌា​សម្រុក​​​ចូល​អាហ្វ្រិក​


លោក​ ម៉ាណុច​ ខុលី​ (Manoj Kohli)​ ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ បាទី​ អ៊ែរតេល​ (Bharti Airtel)​ នៅ​ក្នុង​សន្និសីទ​កាសែត​ នៅ​ទីក្រុង​ឡាហ្កូស​ (Lagos)​ ប្រទេស​នីហ្សេរីយ៉ា​ ( Nigeria)។
លោក​ ម៉ាណុច​ ខុលី​ (Manoj Kohli)​ ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ បាទី​ អ៊ែរតេល​ (Bharti Airtel)​ នៅ​ក្នុង​សន្និសីទ​កាសែត​ នៅ​ទីក្រុង​ឡាហ្កូស​ (Lagos)​ ប្រទេស​នីហ្សេរីយ៉ា​ ( Nigeria)។

ញូឌែលលី៖ ក្រុម​ហ៊ុន​របស់​ឥណ្ឌា​បាន​ធ្វើវិនិ​យោគ ​រាប់​ពាន់​លាន​ដុល្លារសហ​រដ្ឋ​អា​មេរិក​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ដើម្បី​បង្កើន​សក្តានុពល​នៃ​ការ​កើន​ឡើង​ផ្នែក​ទី​ផ្សារបស់​ខ្លួន។

ពី​ប្រទេស​កេនយ៉ា​ (Kenya) នៅ​ភាគ​ខាង​កើត ប្រទេស​ហ្សីមបាបវេ (Zimbabwe) នៅ​ភាគ​ខាង​ត្បូង​ និង​ប្រទេស​នីហ្សេរីយ៉ា​ (Nigeria) នៅ​ភាគ​ខាង​លិច​ ក្រុម​ហ៊ុន​សាជីវកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា​ អេស្សា​ ហ្គ្រុប​ (Essar group)​ របស់​ប្រទេស​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​១៥​ពាន់​លាន​ដុល្លារសហ​រដ្ឋ​អា​មេរិក​ ដើម្បី​ធ្វើវិនិ​យោគ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ទៅ​លើ​ពាណិជ្ជកម្មទាំង​ឡាយ​ ដែល​មាន​ចាប់តាំង​ពី​ពាណិជ្ជកម្ម​ផ្នែក​ថាម​ពល​ ដែក​ថែប​ ការ​ជីក​រ៉ែ ទៅ​ដល់​ទូរគមនាគមន៍​ និង​សំណង់​។

នាយក​មួយ​រូប​នៃ​ក្រុម​ហ៊ុនសាជីវ​កម្ម​ អេស្សា​ ហ្គ្រុប​ លោក​ ហ្វឺដហូស​ ឃូវ៉ាឌៀ​ (Firdhose Coovadia) មាន​ប្រសាសន៍​ថា​ នៅ​ពេល​ក្រុម​ហ៊ុន​ចង់​ពង្រីក​ការ​បណ្តាក់​ទុន​ ឱកាស​ដែល​កំពុង​តែ​កើន​ឡើងនៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​គឺ​ជា​ចម្លើយ​យ៉ាង​ច្បាស់​លាស់​មួយ។​ លោក​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ប្រទេស​ចំនួន​៥៣​នៃ​ទ្វីប​នេះ​មាន​ភាព​ខុស​គ្នាច្រើន​យ៉ាងណា​ក៏ដោយ ក៏​ទំនោរ​ម៉ាក្រូ​របស់​ពួកគេ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

«​លោក​អ្នក​សម្លឹង​មើល​ទៅ​លើ​អ្វី​ដែល​ទ្វីប​នេះ​អាច​ផ្តល់​ឲ្យ​ នាពេល​បច្ចុប្បន្ន​នេះ​ ក្នុង​ឆ្នាំ​២០១០។​ ខ្ញុំ​គិតថា​ អ្វី​ដែលលោក​អ្នក​នឹងឃើញ​នៅ​ទី​នោះ គឺ​ការ​លេច​ឡើងយ៉ាង​ច្បាស់​សារ​ជា​ថ្មី​នូវ​ស្មារតី​សហ​គ្រិន។ ទីពីរ​ មាន​ការ​កើន​ឡើង​នូវ​ឆន្ទៈនិង​ការ​បើកចំហរ​សម្រាប់​ពាណិជ្ជ​កម្ម ការ​បើក​ចំហរ​សម្រាប់​ការ​វិនិយោគ​ និង​ការ​ប្តេជ្ញា​របស់អ្នក​នយោ​បាយ​និង​អ្នក​ធ្វើ​ច្បាប់​ ដែល​ថា​នឹង​មិន​មាន​ការ​វិល​ត្រឡប់​ក្រោយ​វិញ​ចំពោះ​ការ​វិនិ​យោគ​និង​ការ​អភិ​វឌ្ឍន៍​នោះ​ទេ។ សម្រាប់​វិនិ​យោគិន​ នេះ​គឺ​ពិត​ជា​ចំណុច​ផ្លាស់​ប្តូរ​មួយ រវាង​ថា​តើ​ទ្វីប​នេះ មានលក្ខណៈ​យ៉ាង​ដូច​ម្តេច​ ស្ថិត​នៅ​ទី​ណា កាល​ពី​មុន និង​ថា​តើ​ទ្វីប​នេះ​ នឹង​ទៅ​ជា​យ៉ាង​ណា​នា​ពេល​អនា​គត»។

នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន​ឥណ្ឌា​បានទិញ ​និងធ្វើវិនិយោគ​ប្រមាណ​ ១៦​ ពាន់​លាន​ដុល្លារសហ​រដ្ឋ​អាមេ​រិក ទៅ​លើ​ជំនួញជា​ច្រើននៅ​ក្នុង​ទ្វីប​អា​ហ្រ្វិក។ ក្នុងនោះ​ គឺ​រួម​មាន​ក្រុម​ហ៊ុន​ទូរគម​នាគមន៍​ Bharti ដែល​បាន​ចំណាយ​ប្រាក់ ៩ពាន់​លាន​ដុល្លាររបស់​ខ្លួន ដើម្បី​ទិញ​យក​ប្រតិបត្តិ​ការ​ទូរស័ព្ទ​ដៃ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ចំនួន​ ១៥ នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ការ ​វិនិ​យោគដ៏​ធំ​ជាង​គេ​បង្អស់​របស់​ក្រុម​ហ៊ុន​ឥណ្ឌា​មួយ។

ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដែល​បាន​ដាក់​ការ​វិនិ​យោគ​នៅ​ក្នុងទ្វីប​អាហ្រ្វិក ទាក់​ទង​ទៅ​នឹងជំនួញ​ផ្នែក​ឱសថ​ រថយន្ត​ ព័ត៌មានវិទ្យា​ ថាមពល​ ការជីក​យករ៉ែ និង​ទំនិញ​ប្រើប្រាស់​។

ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ដោយរដ្ឋ​ ក៏​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ធំទៅ​លើ​វិស័យប្រេង​និង​ឧស្ម័ន​ ដើម្បី​បំពេញ​តម្រូវ​ការ​ថាម​ពល​ ដែល​កំពុង​តែ​ត្រូវ​ការ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

អ្នក​វិនិយោគ​ជាច្រើនមើល​ឃើញ​ទ្វីប​ដែល​សំបូរ​ទៅ​ដោយ​ធន​ធាន​មួយ​នេះ ថា​ជា​ព្រំ​ដែន​ថ្មី​មួយ​សម្រាប់​ពាណិជ្ជ​កម្ម​សាកល។ ជា​ផ្ទះ​របស់​ប្រជាពល​រដ្ឋ​ប្រមាណ​មួយ​ពាន់​លាន​នាក់​ សេដ្ឋ​កិច្ច​របស់​ទ្វីប​អាហ្រ្វិក​មាន​ការ​កើន​ឡើង​ប្រមាណ​ 4,5​ ភាគ​រយ។

លោក ឌេបាស្ហីស មុខឺជី (Debashish Mukherjee) ដែល​ធ្វើ​ការ​ឲ្យក្រុម​ហ៊ុនផ្តល់​យោបល់​ អេ ធី ខឺននី (A.T. Kearney) ក្នុង​ក្រុង​ញ៉ូវឌេលលី​ មាន​ប្រសាសន៍​ថា ទ្វីប​នេះ​មាន​សក្តា​នុពល​ធំធេង​ណាស់​។

«ទ្វីបអាហ្រ្វិក​ គឺដូច​ប្រទេសឥណ្ឌាកាលពីពីរ ឬ​បីទសវត្សរ៍មុន។ ចំណូល​របស់​ប្រជា​ពលរដ្ឋម្នាក់ៗ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ជាច្រើន​ កំពុង​កើន​ឡើង។​ មាន​ការ​វិនិ​យោគ​ទៅ​លើ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេសជា​ច្រើន​ ក្នុងភាគ​ខាង​ត្បូង​នៃតំបន់សាហារ៉ា។ ដូច្នេះ តារាង​ចង្អុល​បង្ហាញ​សម្រាប់​ការ​ពិនិត្យ​មើល​ទៅ​មុខ​ជា​ច្រើនមាន​ភាព​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​គិត​ថា​ ក្រុម​ហ៊ុន​ជា​ច្រើនចង់​ក្រេប​យក​ផល​ប្រយោជន៍​លើ​ឱកាស​នេះ ដោយ​ធ្វើ​ការ​បណ្តាក់​ទុនឲ្យ​បាន​ឆាប់​រហ័ស​»។

ដោយ​ទទួល​បាន​ការ​ទាក់​ទាញ​ពី​តម្លៃ​ពល​កម្ម​និង​ថ្លៃ​ដី​ថោក ក្រុម​ហ៊ុន​ឥណ្ឌា​ក៏​នឹង​ធ្វើ​ដំណើរ​ចូល​ទៅរក​ស៊ី​ក្នុង​ទ្វីប​អាហ្រ្វិក​នៅ​ក្នុង​វិស័យកសិកម្ម​ខ្នាតពាណិជ្ជ​កម្ម​ផង​ដែរ​។ ផ្ទៃដីដែល​អាច​ធ្វើ​ការ​ដាំ​ដុះ​បាននៅ​ទ្វីប​អាហ្រ្វិក​តែ​ប្រមាណ១៥ភាគ​រយ​ប៉ុណ្ណោះ មាន​ដាំ​ដំណាំ​។ ហើយ​ប្រទេស​ជា​ច្រើន​ដែល​មាន​ការ​ខ្វះ​ខាត​អាហារ​ ទោះ​បី​ជានៅ​សល់ដីក៏​ដោយ​ កំពុងអញ្ជើញ​វិនិ​យោគិន​បរទេស​ ឲ្យ​មក​ធ្វើ​វិនិ​យោគ​លើ​ផ្នែក​កសិកម្ម​។

ដោយ​សារនៅ​ក្នុង​ប្រទេស​ឥណ្ឌា ​វិស័យ​កសិកម្ម​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​គ្រួ​សារ​មួយ​ចំនួន​តូច​ ក្រុម​ហ៊ុន​ទាំង​ឡាយ​មាន​ការ​ទាក់​ទាញ​ចំពោះ​លទ្ធភាព​ ក្នុង​ការ​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ក្នុង​ទ្វីប​អាហ្រ្វិក​។ លោក​ អារុន អាហ្កាវ៉ាល (Arun Agarwal) គឺ​ជា​ប្រធាន​គណកម្មាធិការ​អាហ្រ្វិក​ នៃ​សភាពាណិជ្ជ​កម្ម​និង​ឧស្សាហកម្ម​ នៅ​ក្នុង​រដ្ឋ​ធានី​ញ៉ូវឌែលលី​។

«នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ មាន​បញ្ហា​ដី​ធ្លី។ លោក​អ្នក​មិន​អាច​មាន​ដី​ធំ​បាន​ទេ​។ ដូច្នេះ​ ប្រទេស​ស៊ូដង់​ អេជូពី​ តាន់ហ្សានី​ ម៉ូហ្សាមប៊ិក​ សេនីហ្គាល់​ និង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​ ផ្តល់​ដី​ធំ​នៅ​ក្នុង​លក្ខខណ្ឌ​ងាយស្រួល​»។

ពាណិជ្ជ​កម្ម​ឥណ្ឌា​ទទួល​បាន​ភាព​ងាយ​ស្រួល​ជាងធម្មតា​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ក្នុង​ទ្វីប​អា​ហ្រ្វិក ដោយ​សារ​ទំនាក់​ទំនង​ជាមួយ​នឹង​តំបន់​នេះ​ មាន​តាំង​ពី​រាប់​ជំនាន់​មក​ហើយ។ ជន​ជាតិ​ឥណ្ឌា​ជា​ច្រើន​ ដែល​បាន​ធ្វើ​ដំណើរ​មកទ្វីប​អាហ្រ្វិក ដើម្បី​សាង​សង់​ផ្លូវ​ថ្នល់​និង​ផ្លូវ​រថ​ភ្លើង​ នៅ​ក្នុង​ដែន​ដី​អតីត​អាណានិគម​អង់​គ្លេសមួយ​នេះ​ បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ទ្វីប​នេះ។

ទោះ​ជា​យ៉ាង​ណា​ មាន​ជន​ជាតិ​ឥណ្ឌា​ជាច្រើន​នៅ​តែយល់​ឃើញ​ថា​ ទ្វីប​អាហ្រ្វិក​គឺ​ជា​កន្លែង​ដ៏​ពិបាក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ លោក​ ឃូវ៉ាឌៀ​ នៃ​សាជីវកម្ម​ អេស្សា​ ហ្គ្រុប មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​នៅ​ទ្វីប​អាហ្រ្វិក គឺមាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​បញ្ហា​ប្រឈម ​ដែល​វិនិយោគិន​ជួប​ប្រទះ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ផ្សេង​ទៀត។

«ការិយា​ធិប​តេយ្យ​គឺ​ជា​បញ្ហា​មួយ ហើយ​នឹង​ភាព​ស្មុគ​ស្មាញ​ផ្នែក​នយោ​បាយ​។ លោក​អ្នក​ត្រូវ​តែ​យល់​និង​ត្រូវ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​នយោបាយ​និង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​នីមួយៗ។ ហេដ្ឋារចនា​សម្ព័ន្ធគឺ​ជាបញ្ហា​សំខាន់​មួយ។ លោក​អ្នក​ប្រហែលរំពឹង​ថា​ អ៊ីម៉ែល​និង​ការ​បញ្ជូន​ព័ត៌មាន​មាន​ដំណើរ​ការ​ល្អ។ ហេដ្ឋា​រច​នា​សម្ព័ន្ធ​សាមញ្ញ​បែប​នេះ ជា​ញឹក​ញយ​មិន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ទេ និង​មាន​បញ្ហាផ្សេងៗ​ទៀត​ដូច​ជា​ការ​ដឹកជញ្ជូន ភស្តុភារ និងសេវា​ផែ​កប៉ាល់ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ កាល​ពី​មួយ​ឬ​ពីរទសវត្សរ៍​មុន»។

ការ​សម្រុក​ចូល​ទៅ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ត្រូវ​បាន​គាំ​ទ្រ​ដោយ​រដ្ឋា​ភិ​បាល ដែល​បាន​សន្យា​ថា​នឹង​ពង្រីក​ការ​វិនិ​យោគ​និង​ពាណិជ្ជ​កម្ម​ជាមួយ​ទ្វីប​នេះ។ ប៉ុន្តែ​ អ្នក​វិភាគ​ផ្នែក​ពាណិជ្ជ​កម្ម​និយាយ​ថា មិន​ដូច​ជា​ការ​សម្រុក​ចូល​ទៅ​ក្នុង​ទ្វីប​អាហ្រ្វិក​របស់​ចិន ដែល​ត្រូវ​បាន​ជំរុញ​ដោយ​រដ្ឋា​ភិ​បាល​នោះ​ទេ ការ​សម្រុក​ចូល​ទៅ​ក្នុង​ទ្វីប​នេះ​របស់​ឥណ្ឌា​គឺ​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ផ្នែក​ឯក​ជន៕

ប្រែសម្រួលដោយ ឌី ខាំបូលី

XS
SM
MD
LG