ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​ធូរស្រាល​ចិត្ត បន្ទាប់​ពី​លោក​ត្រាំ​បោះបង់​ចោល​កិច្ចព្រមព្រៀង TPP


កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​គេ​រំពឹង​នឹង​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​សម្លៀកបំពាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ។
កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​គេ​រំពឹង​នឹង​ប៉ះពាល់​ដល់​វិស័យ​នាំ​ចេញ​សម្លៀកបំពាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ផង​ដែរ។

នៅ​ពេល​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​បោះបង់​ចោល​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP កាលពី​ចុង​ខែ​មករា ​ប្រទេស​ឥណ្ឌា​​មាន​ការធូរស្រាល​ចិត្ត ដោយសារ​តែ​វិស័យ​នានា​របស់​ឥណ្ឌា​ដូចជា​ឧស្សាហកម្ម​ដេរ​សម្លៀកបំពាក់​និង​ផលិត​ឱសថ​ប្រឈម​នឹង​ផល​ប៉ះពាល់​ខ្លាំង។

កិច្ចព្រមព្រៀង​ TPP ដ៏​មាន​មហិច្ឆតា​របស់​ប្រទេស​ចំនួន​១២​ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បង្កើត​ឡើង​ដើម្បី​បង្កើន​ពាណិជ្ជកម្ម គឺ​ជា «ក្តី​កង្វល់​ដ៏​ធំ» សម្រាប់​លោក Sudhir Dhingra ដែល​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Orient Craft។ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវដេលី​មួយ​នេះ គឺ​ជា​ក្រុមហ៊ុន​នាំ​ចេញ​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​នាំ​ចេញ​សម្លៀកបំពាក់​ធំ​បំផុត​នានា​របស់​ឥណ្ឌា។

ឥណ្ឌា​សប្បាយ​ចិត្ត​ដែល​កិច្ចព្រមព្រៀង TPP ត្រូវ​បោះបង់​ចោល

មូលហេតុ​នោះ​គឺ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ឥណ្ឌា​មាន​លក្ខណៈ​ប្រកួតប្រជែង​តិច​ជាង​មុន ដោយសារ​តែ​កិច្ចព្រមព្រៀង​នេះ​កាត់​បន្ថយ​ពន្ធ​គយ​នាំចេញ​នាំចូល​ និង​ផ្តល់​ឱកាស​ដល់​ប្រទេស​នានា​ដូចជា​វៀតណាម​និង​ម៉ាឡេស៊ី​ឲ្យ​ទទួល​បាន​ការ​អនុគ្រោះ​ពិសេស​សម្រាប់​ការ​នាំ​ចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក​និង​ជប៉ុន។​

លោក Dhingra យល់​ថា ការបោះបង់​ចោល​នេះ​ជា​ដំណឹង​ដ៏​ល្អ។

លោក​ពន្យល់​ថា «ខ្លួន​ខ្ញុំ​ផ្ទាល់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ពាណិជ្ជកម្ម​នេះ​ណាស់។ បើ​តាម​កិច្ចព្រមព្រៀង​ហ្នឹង ផ្នែក​ខ្លះ​នៃ​តំបន់​ទាំង​នោះ​នឹង​បង្កើន​ផលិតកម្ម​របស់​ខ្លួន​ជាង​មុន​និង​កាន់​តែ​មាន​ប្រសិទ្ធិផល​។ ក្រៅ​ពី​នេះ ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​ការ​លើកលែង​ពន្ធ ដូច្នេះ​ជំនួញ​ទាំង​អស់​នឹង​ទៅ​ប្រមូល​ផ្តុំ​ក្នុង​ទីផ្សារ​ទាំង​នេះ»។

វិស័យ​វាយនភ័ណ្ឌ​របស់​ឥណ្ឌា​មាន​ការ​ភ័យ​ខ្លាច​ការ​ប៉ះពាល់​ដល់​ជំនួញ​ខ្លួន​ដោយសារ​កិច្ចព្រមព្រៀងដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។
វិស័យ​វាយនភ័ណ្ឌ​របស់​ឥណ្ឌា​មាន​ការ​ភ័យ​ខ្លាច​ការ​ប៉ះពាល់​ដល់​ជំនួញ​ខ្លួន​ដោយសារ​កិច្ចព្រមព្រៀងដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។


ឧស្សាហកម្ម​សម្លៀកបំពាក់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា

វិស័យ​វាយនភណ្ឌ​និង​សម្លៀកបំពាក់​របស់​ឥណ្ឌា​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​រាប់​លាន​នាក់ ហើយ​ប្រមាណ​ជា​២០%​នៃ​ការ​នាំ​ចេញ​សម្លៀកបំពាក់​ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក។

វិស័យ​សម្លៀកបំពាក់​មិន​មែន​ជា​វិស័យ​តែ​មួយ​ដែល​ទទួល​រង​ការគំរាមកំហែង​ពី​កិច្ចព្រមព្រៀង TPP ទេ។ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​របស់​ឥណ្ឌា លោកស្រី Nirmala Sitharaman បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​ដូចជា​ ទំនិញ​ដែល​ធ្វើ​ពី​ស្បែក​សត្វ ប្លាស្ទិក សារធាតុ​គីមី និង​វាយនភណ្ឌ។

នេះ​មាន​ន័យ​ថា កិច្ចព្រមព្រៀង​ TPP នឹង​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ខ្ទាត​ចេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​ ដែល​គ្រប​ដណ្តប់​ពាណិជ្ជកម្ម​ពិភពលោក​ប្រមាណ​ជា​៤០%។

ការ​ប៉ាន់ស្មាន​លើ​ការ​ខាតបង់​វិស័យ​នាំចេញ​របស់​ឥណ្ឌា​មាន​ចំនួន​ខុស​គ្នា​យ៉ាង​ខ្លាំង។ វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ការ​ខាតបង់​របស់​ឥណ្ឌា​អាច​មាន​ចំនួន​ប្រមាណ​ជា​៥០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​ចិន​និង​ប្រទេស​ដទៃទៀត​ចូលរួម​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ​នៅ​ពេល​ក្រោយ។ អ្នក​វិភាគ​ផ្សេង​ទៀត​និយាយ​ថា វា​អាច​មាន​ចំនួន​តិច​ជាង​នេះ​ឆ្ងាយ​ណាស់។

លោក Biswajit Dhar ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​និង​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ Jawaharlal Nehru​ ក្នុង​ទីក្រុង​ញូវដេលី​និយាយ​ថា ក្រោយ​ពី​បោះបង់ចោល​កិច្ចព្រមព្រៀង TPP ឥណ្ឌា​បាន​ធូរស្បើយ​ចិត្ត​ឡើង​វិញ។

លោក​និយាយ​ថា «អាច​មាន​ភាព​ធូរស្បើយ​ឡើង​វិញ ដោយសារ​តែ​កិច្ចព្រមព្រៀង TPP បាន​គំរាម​នាំ​យក​បទដ្ឋាន​ថ្មីៗ​សម្រាប់​សេរីភាវូបនីយកម្ម​វិស័យ​ពាណិជ្ជកម្ម​និង​ការ​នាំ​យក​នូវ​បទបញ្ញត្តិ​ថ្មីៗ​ដែល​កាន់​តែ​តឹងរ៉ឹង​ជាង​បទបញ្ញត្តិ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ឥណ្ឌា​»។

កិច្ចព្រមព្រៀង TPP បង្កើត​ឲ្យ​មាន​បទបញ្ញត្តិ​បរិស្ថាន​និង​ពលកម្ម​តឹងរ៉ឹង​និង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ខ្លាំង​ជាង​មុន។​

កិច្ចព្រមព្រៀង​ថ្នាក់​តំបន់

ការបោះបង់ចោល​កិច្ចព្រមព្រៀង TPP អាច​នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់​នានា ដែល​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទាំង​នោះ​អាច​ជា​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថ្នាក់​តំបន់​ឬ​ហៅ​ថា​កិច្ចព្រមព្រៀង RCEP។ កិច្ចព្រមព្រៀង​នេះ​ជា​ប្លុក​មួយ​ដែល​បូករួម​ទាំង​ឥណ្ឌា​និង​ចិន ហើយ​គ្រប​ដណ្តប់​លើ​ប្រជាជន​សាកលលោក​ស្ទើរ​តែ​ពាក់​កណ្តាល។

អ្នក​វិភាគ​ជាច្រើន​រំពឹង​ថា ចិន​នឹង​ចូលរួម​បំពេញ​គម្លាត​ដែល​បន្សល់​ទុក​ដោយ​សហរដ្ឋអាមេរិក ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ត្រូវ​បាន​បង្កើត​ឡើង។ អ្នក​វិភាគ​ខ្លះ​និយាយ​ថា នេះ​នឹង​ជា​រឿង​ល្អ​មួយ​សម្រាប់​ឥណ្ឌា ដោយ​សារ​តែ​ចិន​ទំនង​ជា​នឹង​មិន​បង្កើត​បទដ្ឋាន​ដូចគ្នា​ទៅ​នឹង​កិច្ចព្រមព្រៀង​ TPP ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​វិភាគ​ផ្សេង​ទៀត​យល់​ថា នេះ​ក៏​អាច​ជា​រឿង​មិន​ល្អ​សម្រាប់​ឥណ្ឌា​ដែរ ដោយសារ​តែ​ឥណ្ឌា​ត្រូវ​បើក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​ប្រទេស​ចិន។

ឥទ្ធិពល​របស់​ចិន

លោក Dhar និយាយ​ថា «ទោះ​ជា​មិន​មាន​ការ​អនុគ្រោះ​ពិសេស​ក៏​ដោយ ក៏​ចិន​អាច​បោះជំហាន​នៅ​ក្នុង​សេដ្ឋកិច្ច​ឥណ្ឌា​បាន​យ៉ាង​ច្រើន។ ដូច្នេះ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ជំនួញ​ឥណ្ឌា​គឺ​ថា ប្រសិន​បើ​ចិន​ទទួល​បាន​ការ​អនុគ្រោះ​ពិសេស​ផ្នែក​ទីផ្សារ​នោះ ជំនួញ​របស់​ឥណ្ឌា​នឹង​មាន​បញ្ហា​ជាក់​ជា​មិន​ខាន»។

ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាយូរ​មក​ហើយ​ថា​មាន​បរិយាកាស​ធ្វើ​ជំនួញ​ម៉ឺងម៉ាត់​បទបញ្ញត្តិ​ស្មុគស្មាញ​ដែល​បង្អាក់​វិនិយោគទុន ការ​បង់​ពន្ធ​ខ្ពស់​និង​ច្បាប់​ការងារ​ដ៏​តឹងរ៉ឹង ​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រីកចម្រើន​សង្វាក់​ផលិតកម្ម​ដែល​បាន​កែប្រែ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អាស៊ី​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ទេ។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​ផលិតកម្ម​នៅ​ក្រោម​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី Narendra Modi ដែល​ត្រូវ​បាន​គេ​ហៅ​ថា «ផលិត​នៅ​ឥណ្ឌា»​ មិន​ទាន់​ទទួល​បាន​លទ្ធផល​ដុំ​កំភួន​នៅ​ឡើយ​ទេ។​

អនាគត​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា

អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ព្រមាន​ថា ការបោះបង់ចោល​កិច្ចព្រមព្រៀង TPP និង​កិច្ចចរចា​បន្ថែម​ទៀត​លើ​ការ​គាំពារ​ទំនិញ​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឲ្យ​អនាគត​ពាណិជ្ជកម្ម​សាកលលោក​មាន​ភាព​មិន​ប្រាកដប្រជា។ លោកស្រី Arpita Mukherjee ដែល​ជា​សាស្រ្តាចារ្យ​នៃ​ក្រុមបឹក្សា​ឥណ្ឌា​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​និយាយ​ថា «ខ្ញុំ​គិត​ថា យើង​មិន​គួរ​សាទរ​ចំពោះ​រឿង​នេះ​ទេ។ លោក​ត្រាំក៏​និយាយ​ថា «ផលិត​នៅ​សហរដ្ឋ​អាមេរិក» ដែរ។ វា​ជា​ស្ថានភាព​មិន​ច្បាស់លាស់ ដូច្នេះ​យើង​គួរ​តែ​ព្រួយ​បារម្ភ»។​

អ្នក​ជំនាញ​នានា​អំពាវនាវ​ឲ្យ​ឥណ្ឌា​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន​អាច​ប្រកួតប្រជែង​ជា​សាកល​បាន។ លោក​ស្រី Arpita Mukherjee និយាយ​ថា «យើង​ត្រូវ​តែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ជំនួញ ហើយ​នៅ​ពេល​យើង​អាច​ធ្វើ​បាន យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា»។​

ទោះ​ជា​យ៉ាង​ណា ការផុស​ឡើង​នៃ​ការ​គំរាមកំហែង​ពី​កិច្ចព្រមព្រៀង TPP មិន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​លោក​ Dhingra នោះ​ទេ ហើយ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម។ លោក និង​អ្នក​ផ្សេង​ទៀត​យល់​ថា ការណ៍​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ឥណ្ឌា​រីកចម្រើន ខណៈ​ដែល​រដ្ឋាភិបាល​បន្ត​ធ្វើ​កំណែ​ទម្រង់​ដែល​លោក​នាយករដ្ឋ​មន្រ្តី Modi បាន​សន្យា​នោះ។

លោក Dhingra និយាយ​ថា កាលពី​ពេល​មុន រដ្ឋ​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​សន្យា​ជាមួយ​នឹង​អ្នក​ធ្វើ​ជំនួញ​មួយ​ចំនួន​ដូចជា​ជំនួញ​របស់​លោក​ថា នឹង​ផ្តល់ប្រាក់​ជួយ​ឧបត្ថម្ភ​និង​គ្រឿង​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​ ដែល​អាច​ជួយ​លោក​ឲ្យ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​កាន់​តែ​ខ្លាំង។ លោក​និយាយ​ថា «មិន​ដែល​មានសប្តាហ៍​ណា​ដែល​ខ្ញុំ​មិន​បាន​ទទួល​ទូរស័ព្ទ​ពី​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​ ឬ​អ្នក​ផ្សេង​ទៀត​ដែល​ចង់​ឲ្យ​ក្រុមហ៊ុន Orient Craft បង្កើត​រោងចក្រ​នៅ​ទីនោះ​ទេ។ ពួកគេ​មាន​ឆន្ទៈ​នឹង​ផ្តល់​គាំទ្រ​និង​ផ្តល់​ប្រាក​ជួយ​ឧបត្ថម្ភ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​បាន​ឃើញ​នៅ​ក្នុង​រយៈពេល​៤០ឆ្នាំ​ចុងក្រោយ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG